Social Network

នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ចុះពិនិត្យការងារស្ថាបនាផ្លូវ៥ខ្សែ នៅខេត្តព្រៃវែង និងបំផុសដល់ប្រជាពលរដ្ឋ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

(ភ្នំពេញ)៖ ដោយគោរពតាមអនុសាសន៍របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យការងារស្ថាបនា ផ្លូវចំនួន៥ខ្សែនៅក្នុងខេត្តព្រៃវែង ដែលកំពុងដំណើរការសាងសង់។

ផ្លូវចំនួន៥ខ្សែ ដែលនាយឧត្តសេនីយ៍ ឈន សារ៉ាណេ បានចុះពិនិត្យនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ រួមមាន៖
១៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម ប្រវែង២២គីឡូម៉ែត្រ ឆ្លងកាត់១៣ភូមិ ស្ថិតនៅក្នុងឃុំជ្រៃ ឃុំអង្គរទ្រេត និងឃុំពានរោង ស្រុកស្វាយអន្ទរ សម្រេចបាន៧០%

២៖ ការងារស្ថាបនាផ្លូវ ក្រាលក្រួសក្រហម ប្រវែង១៦គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំដូនកឹង ទៅដល់ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ សម្រេចបាន៧០%

៣៖ ការងារចាក់បេតុងសរសៃដែក ប្រវែង១១១០ម៉ែត្រ ស្ថិតនៅក្នុងភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង សម្រេចបាន៥០%

៤៖ ការងារស្ថាបនាផ្លូវ ក្រាលក្រួសក្រហម ប្រវែង២១គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំរំលេច ទៅដល់ឃុំស៊ាងឃ្វាង ឃុំព្នៅទី១ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល សម្រេចបាន៧០%

៥៖ ការងារស្ថាបនាផ្លូវ ក្រាលក្រួសក្រហម ប្រវែង៧,៥គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំកញ្ចំ ទៅដល់ឃុំព្រៃសាឡិត ស្រុកពារាំង សម្រេចបាន៨០% និងការដ្ឋានមួយចំនួនទៀត នៅក្នុងស្រុកកំពង់ត្របែក ស្រុកព្រះសេ្តច ដែលការងារទាំងអស់ សម្រេចបានប្រមាណពី៧០% ទៅ៨០% រួចហើយដែរ។

ទន្ទឹមនឹងការចុះត្រួតពិនិត្យនេះដែរ លោកអភិបាលស្រុកស្វាយអន្ទរ ស្រុកពារាំង និងស្រុកព្រះស្តេច បានជម្រាបជូនដល់នាយ ឧត្តមសេនីយ៍ ឈន សារ៉ាណេ ផងដែរថា ប្រជាពលរដ្ឋទាំងអស់ មានការអបអរសាទយ៉ាងខ្លាំង ចំពោះសមទ្ធិផលទាំងនេះ។

លោកអភិបាលស្រុកទាំងបី បានលើកឡើង ស្រដៀងគ្នាទៀតថា កន្លងមកផ្លូវទាំងអស់ នេះនៅរដូវប្រាំង មានភាពលំបាក ក្នុងការធ្វើដំណើរ និងនៅរដូវវស្សា ត្រូវបានកាត់ផ្តាច់ស្ទើរទាំងស្រុង ហើយសិស្សានុសិស្ស អ្នកដំណើរ ជាពិសេសអ្នកជំងឺមិន អាចធ្វើដំណើរបានឡើយ ហើយផ្លូវទាំងនេះ ក៏មិនមានការជួសជុល ឬថែទាំប្រមាណជាជាង ១០ឆ្នាំកន្លងមកហើយ ទើបតែថ្មីៗនេះប្រមាណជាង៤ខែមុន ដោយមានបទបញ្ជា របស់សម្តេចក្រឡាហោម ស ខេង ទើបនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានដឹកនាំកម្លាំងចុះ អនុវត្តន៍ដោយផ្ទាល់ ធ្វើឲ្យសមទ្ធិផលទាំងអស់នេះកើតឡើង ប្រជាពលរដ្ឋមានការ អបអរសាទយ៉ាងក្រៃលែង រកអ្វីមកប្រៀបផ្ទឹម ពុំបានឡើយ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានបំផុសឲ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតកុំបីខាន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា។

នាយឧត្តមសេនីយ៍ ក៏បានរម្លឹកជូន ប្រជាពលរដ្ឋផងដែរ នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចធ្លាប់ មានប្រសាសន៍ថា «មានផ្លូវ គឺមានសង្ឃឹម»។

ឆ្លើយតបនឹងការបំផុសរបស់ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ប្រជាពលរដ្ឋនៅខេត្តព្រៃវែង បានបញ្ជាក់ថា ពួកគាត់នឹងទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបន្តឲ្យសម្តេច ដឹកនាំប្រទេសជាតិ ទៅរកការអភិវឌ្ឍ និងការរីកចម្រើនបន្ថែមទៀត៕

ដកស្រង៉ពី៖  Fresh News