Social Network

សម្ដេចតេជោ ហ៊ុន សែន នឹងស្នើរដ្ឋាភិបាលចិនជួយធ្វើផ្លូវភ្ជាប់ពីកោះកុង-ថ្មដា-សំឡូត ដែលមានតម្លៃ២០០លានដុល្លារ

(កំពង់ធំ)៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងពេលឆាប់ៗនេះ សម្តេចនឹងស្នើគម្រោង អាទិភាពមួយដល់រដ្ឋាភិបាលចិន ឱ្យជួយសាងសង់ផ្លូវក្រាលកៅស៊ូ ភ្ជាប់ផ្លូវពីខេត្តកោះកុង ឆ្លងកាត់ឃុំថ្មដា នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ស្រុកសំឡូត នៃខេត្តបាត់ដំបង ដែលមានតម្លៃប្រហាក់ ប្រហែល២០០លាន ដុល្លារអាមេរិក។

ការបញ្ជាក់បែបនេះ របស់សម្ដេចតេជោ ធ្វើឡើងក្នុងពិធីសម្ពោធបើក ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ ផ្លូវជាតិលេខ៦ ដែលមានប្រវែង ២៦៤.៥៣គីឡូម៉ែត្រ ចាប់ពីតំបន់ថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម រហូតដល់តំបន់អង្គ្រង ស្រុកបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។

នៅចំពោះមុខលោក ស្សង់ ប៉ូ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលមានវត្តមានក្នុងពិធីខាងលើដែរនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់សំណើជូនរដ្ឋាភិបាលចិន ដើម្បីសុំការគាំទ្រលើការអនុវត្ត គម្រោងសាងសង់ផ្លូវក្រាល កៅស៊ូភ្ជាប់ផ្លូវពីខេត្តកោះកុង ទៅកាន់ឃុំថ្មដា (ជាប់ព្រំដែនកម្ពុជា-ថៃ) នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទៅកាន់ស្រុកសំឡូត នៃខេត្តបាត់ដំបង។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ទាក់ទងនឹងរឿងផ្លូវថ្នល់នេះ វាស្ថិតនៅក្នុងខួរក្បាល ខ្ញុំជាប់ប៉ុន្មានថ្ងៃនេះ ហើយសូមឯកឧត្តមអគ្គរដ្ឋ ទូតបានដឹងផងដែរ យើងខ្ញុំនឹងដាក់គម្រោង មួយជាគម្រោងឆាប់ ដើម្បីសុំការគាំទ្រជាបេក្ខភាព គម្រោងសម្រាប់ឆ្នាំហ្នឹង និងឆ្នាំក្រោយ ទៅលើការតភ្ជាប់ផ្លូវពីកោះកុងទៅកាន់ថ្មដា និងទៅកាន់សំឡូត ដើម្បីភ្ជាប់ព្រំដែនកម្ពុជាថៃ ព្រោះនៅចន្លោះតែកន្លែងហ្នឹងទេ ក្រៅពីនោះមិត្តចិនបានជួយ ចន្លោះហ្នឹងមិនដល់២០០គីឡូមែត្រទេ ហើយតម្លៃប្រហាក់ប្រហែល ២០០លានដុល្លារអាមេរិក ដែលយើងសាងសង់»។

សម្ដេចនាយករដ្ឋមន្ត្រី បានរំឭកថា តំបន់ដែលកម្ពុជាស្នើចិន ជួយសាងសង់ផ្លូវក្នុង ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងខាងលើនេះ សុទ្ធតែជាតំបន់ដែលធ្លាប់មានការប្រយុទ្ធជាមួយ កងទ័ពខ្មែរក្រហមយ៉ាងខ្លាំងក្លា ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសុខសន្តិភាព មានស្ថិរភាព មានតំបន់ត្រួតត្រាតែមួយ ប្រជាពលរដ្ឋមានជីវភាពធូរធា មមាញឹកនឹងរបររកទទួលទាន ចាំបាច់ត្រូវការប្រព័ន្ធគមនាគមន៍ ដឹកជញ្ជូនផលិតផល និងធ្វើដំណើរជាដើម ទើបរាជរដ្ឋាភិបាលត្រូវការកសាង ផ្លូវថ្នល់បន្ថែមជូនប្រជាពលរដ្ឋធ្វើដំណើរ។

ជាមួយនឹងទឹកមុខសប្បាយរីករាយ សម្ដេចបានថ្លែងបន្តថា តាំងពីស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ រហូតដល់ខេត្តប៉ៃលិន និងទៅដល់ស្រុកសំឡូត នៃខេត្តបាត់ដំបង មានផ្លូវធ្វើដំណើរខ្វាត់ខ្វែងខ្លះហើយ ហើយពីខេត្តពោធិ៍សាត់ទៅដល់ឃុំថ្មដា នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏មានខ្លះហើយដែរ ប៉ុន្តែពីឃុំថ្មដា នៃខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ស្រុកសំឡូត នៃខេត្តបាត់ដំបង និងពីឃុំថ្មដា នៃខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង នៅមិនទាន់មានផ្លូវ ក្រាលកៅស៊ូនៅឡើយទេ ដូច្នេះហើយទើបប្រមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់សំណើទៅរដ្ឋាភិបាលចិន ដើម្បីសុំការគាំទ្រជួយ សាងសង់ផ្លូវដែលមិនទាន់មាននេះ។

ទន្ទឹមនឹងការសាទរចំពោះសមិទ្ធ ផលដែលមានដូចបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែត្រូវការដៃគូយុទ្ធសាស្ត្រដែល តែងតែផ្ដល់លក្ខណៈងាយស្រួលដល់កម្ពុជា ដូចជាមហាមិត្តចិនជាដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ចិន មិនមែនត្រឹមតែជួយ ប្រទេសចិនខ្លួនឯងទេ តែបានជួយអភិវឌ្ឍន៍ ប្រទេសជាច្រើនផ្សេងទៀត ក្នុងនោះក៏មានកម្ពុជាផងដែរ។

តាមរយៈគោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយ របស់ប្រធានាធិបតី ស៊ី ជិនពីង កម្ពុជាបានទទួលផលប្រយោជន៍ជាច្រើន។

នាឱកាសនោះដែរ សម្ដេចក៏បានលើកឡើងថា នាពេលអនាគត កម្ពុជានឹងមានផ្លូវថ្មី២ខ្សែបន្ថែមទៀត ដែលខ្សែទីមួយតភ្ជាប់ពី ខេត្តកំពង់ធំទៅខេត្តក្រចេះ មានប្រវែង ១០០គីឡូម៉ែត្រ ហើយនឹងត្រូវធ្វើស្ពានឆ្លង ទន្លេមេគង្គមួយនៅទីរួមខេត្តក្រចេះ ដើម្បីស្រួលតភ្ជាប់រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ។

រីឯផ្លូវមួយខ្សែទៀត គឺផ្លូវ និងស្ពានឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់ពីខេត្តកំពង់ ឆ្នាំងទៅខេត្តកំពង់ធំ (ឡើងទៅជាប់នឹងផ្លូវជាតិលេខ៦ ត្រង់តំបន់កំពង់ថ្ម នៃឃុំបល្ល័ង្ក ស្រុកបារាយណ៍)។ ប៉ុន្តែសម្រាប់ការសាងសង់ផ្លូវ និងស្ពានដែលតភ្ជាប់ផ្លូវពីខេត្តកំពង់ធំ ទៅខេត្តកំពង់ឆ្នាំងនេះ គឺត្រូវផ្អាកជាបណ្ដោះអាសន្នសិន ព្រោះមានការព្រួយបារម្ភពីផលប៉ះពាល់ទៅលើបឹងទន្លេសាប និងការធ្វើដំណើររបស់ប្រជានេសាទ ដែលត្រូវការធ្វើដំណើរតាមទូក-កាណូតតាមបណ្ដោយបឹងទន្លេសាប។

តែទោះជាយ៉ាងណា គម្រោងកសាងប្រព័ន្ធ គមនាគមន៍កំពង់ធំ-កំពង់ឆ្នាំងនេះ នឹងមានការសិក្សាលម្អិត ឲ្យបានច្បាស់លាស់ទៅថ្ងៃក្រោយបន្ថែមទៀត ហើយសម្តេចបានផ្ដល់ជាអនុសាសន៍ឱ្យយករូបមន្តសាងសង់ផ្លូវកាត់សមុទ្រ នៅទីក្រុងហ្ស៊ិនចិន នៃខេត្តក្វាងចូវ ប្រទេសចិន មកអនុវត្តនៅកម្ពុជាលើការកសាង ប្រព័ន្ធគមនាគមន៍ខាងលើនេះ ដោយធ្វើជាស្ពានបណ្តុះសសរឱ្យបានច្រើន ព្រោះមិនអាចលើកជាផ្លូវបិទ ចរន្តទឹកកាត់បឹងទន្លេសាបបាននោះឡើយ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា គិតមកដល់បច្ចុប្បន្ននេះ ភាគីចិនបានជួយសាងសង់ ផ្លូវនៅទូទាំងប្រទេសកម្ពុជាជាច្រើនខ្សែ ដែលមានប្រវែង សរុបប្រមាណ ៣,០០០គីឡូម៉ែត្រ៕

ដកស្រង់ពី៖ Fresh News