Social Network

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល១៥៥នាក់ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ លោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល១៥៥នាក់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

ក្នុងនោះក៏មានការផ្តល់នូវ គ្រឿងឥស្សរិយយសមេដាយមាស មេដាយប្រាក់ និងប័ណ្ណសរសើរ ៣០រូប។

ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ធនិន និងលោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ដែលទើបទទួលបានមុខតំណែង ការតំឡើងឋានន្តរស័ក្តិ ត្រូវខិតខំបំពេញការងារ យកចិត្តទុកដាក់ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ហើយត្រូវពង្រឹងសមត្ថភាព ព្រោះការទទួលខុសត្រូវកាន់តែច្រើន។

ថ្នាក់ដឹកនាំទាំង២ ក៏បានណែនាំមន្ត្រីនគរបាល ដែលពុំទាន់ការតំឡើងឋានន្តរស័ក្តិ ត្រូវខិតខំប្រឹងប្រែងបន្តការងារចាប់ យកឱកាសពេលខាងមុខ ហើយលោកបានប្រាប់មន្ត្រីនគរបាល ដែលទើបតែទទួល បានការតែងតាំងថ្មី ភារកិច្ចថ្មីត្រូវបំពេញកិច្ចការងារ ទៅតាមភារកិច្ចរៀងៗខ្លួន មិនត្រូវយកអំណាចគាប សង្កត់ប្រជាពលរដ្ឋឡើយ៕

ដកស្រង់ពី៖ Fresh News