Social Network

អំណោយមនុស្សធម៌សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវចែកជូនពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ នៅខណ្ឌមានជ័យ, លោក ឌី រ័ត្នខេមរុណ អំពាវនាវឲ្យពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា

(ភ្នំពេញ)៖ លោកអភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខា កាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ លោកឌី រ័ត្នខេមរុណ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ទាំងអស់ ដែលមានអាយុគ្រប់គ្រាន់ មានសិទ្ធិក្នុងការចូលរួមបោះឆ្នោត សូមមេត្តាទៅបោះឆ្នោតកុំបីខាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ការអំពាវនាវរបស់លោកអភិបាលរង និងជាប្រធានអនុសាខាខាងលើនេះ ធ្វើឡើងក្នុងពិធីចែកអំណោយ មនុស្សធម៌សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ ដែលរស់នៅតាមបណ្តាភូមិទាំង៨ផ្សេងៗ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ។

លោក ឌី រ័ត្នខេមរុណ បានឲ្យដឹងថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ជាប្រទេសកំពុងមានការ លូតលាស់រីកចម្រើនខ្លាំងខ្លា លើដំណើរការអភិវឌ្ឍន៍ផ្សេងៗស្ទើរគ្រប់វិស័យទាំងអស់របស់ប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបញ្ញាញាណ ដ៏វៀងវៃរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលលោកបាន ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយពល ចិត្តគំនិត បូជាសាច់ស្រស់ឈាមស្រស់ ក្នុងការជួយស្រោចស្រង់ប្រទេសមួយនេះ តាំងពីបាតដៃទទេ មកប្រែក្លាយមកជាប្រទេស មួយដែលពិភពលោក ទទួលស្គាល់ និងមានភាពរីក ចម្រើនខ្ពស់គួរឲ្យស្ងប់ស្ងែង និងជាទីមោទនះបំផុតសម្រាប់ ពលរដ្ឋកម្ពុជាទាំងអស់គ្នា។

លោកបន្តថា ប្រទេសមួយអាច មានការអភិវឌ្ឍន៍បាន លុះត្រាណាប្រទេសនោះ មានសុខសន្តិភាពជាមុនសិន ហើយនាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាបានជួប សុខសន្តិភាពពេញលេញអស់ហើយ ដូច្នេះដំណើរការ នៃការអភិវឌ្ឍន៍ប្រទេសក៏អាចមាន សន្ទុះស្ទុះឡើងជាបន្តបន្ទាប់ផងដែរ ខណៈដែលបច្ចុប្បន្ន កម្ពុជាមានទាំងអាគារ ធំខ្ពស់ស្គឹមស្គៃជាច្រើន, ផ្លូវថ្នល់, មន្ទីរពេទ្យ, សាលារៀន, ស្ពានសម្រាប់ឆ្លងកាត់ទឹកស្ទឹងបឹងបួរ និងទន្លេ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងជាច្រើនទៀតផងដែរ។

ថ្លែងទៅកាន់បងប្អូន ពលរដ្ឋទាំង៥០គ្រួសារ ដែលមកទទួលយក អំណោយនៅពេលនេះ លោកអភិបាលរង បានអំពាវនាវដល់បង ប្អូនពលរដ្ឋទាំងអស់ សូមកុំជឿរតាមការញុះញង់របស់ជនអគតិ ឬជនមានចេតនា បង្កចលាចលក្នុងសង្គម មួយចំនួនតូច ដែលខិតខំរិះរកគ្រប់ វិធីសាស្ត្រធ្វើយ៉ាងណា បងប្អូនប្រជាពលរដ្ឋកើតចិត្តស្អប់ និងរើសអើង ទៅលើគណបក្សនយោបាយមួយ ដែលជាគណបក្សល្អត្រឹមត្រូវ ជួយជ្រោមជ្រែងប្រទេសជាតិឲ្យ មានភាពរីកចម្រើនតាំងពីដើម មករហូតមកទល់នឹងបច្ចុប្បន្ននេះ ហើយក៏ជាគណបក្សមួយ ដែលបាននឹងបញ្ចេញ នូវរាល់សកម្មភាពរបស់ខ្លួន ច្រើនជាជាងការដើរឃោសនា និយាយបំផុសបំផុលគ្មាន មូលបទត្រឹមត្រូវនោះ គឺជាគណបក្សប្រជាជនកម្ពុជា ដែលឈរនៅលេខរៀងទី២០ សម្រាប់ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុននេះ។

លោកឌី រ័ត្នខេមរុណ ស្នើឲ្យបងប្អូនមេត្តាចូលរួម ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ។ ហើយការបោះឆ្នោតគាំទ្រជូនគណបក្ស នយោបាយណានោះ វាគឺជាសិទ្ធិរបស់បងប្អូន លើគណបក្សដែលខ្លួនស្រឡាញ់ និងគាំទ្រ ប៉ុន្តែទន្ទឹមនឹងនោះសូមបងប្អូន គិតឲ្យុបានច្បាស់មុនសម្រេច ចិត្តបោះឆ្នោតជូន ថាតើ គណបក្សណាដែលនាំមកនូវសុខសន្តិភាព រួមជាមួយការអភិវឌ្ឍន៍ដល់ប្រទេស ជាជាងគណបក្សខ្លះ ដែលបានតែដើរស្រែកថាខ្លួនល្អ តែធាតុពិតពុំដែលបានជួយជ្រោម ជ្រែងអ្វីដល់ប្រជាជន និងប្រទេសជាតិទាំងមូលសោះ។

សូមបញ្ជាក់ថា នៅក្នុងពិធីចែកអំណោយមនុស្សធម៌ ជូនចំពោះបងប្អូនពលរដ្ឋ ក្រីក្រទាំង៥០គ្រួសារខាងលើ គឺក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ ១បាវ ,ទឹកត្រី ១យ៉ួរ ,ទឹកស៊ីអ៉ីវ ១យួរ , ទឹកសុទ្ធ ១យួរ , មី ១កេះ និងគ្រឿងសំភារៈ ផ្ទះបាយ១ឈុត ទេយ្យទាន១កញ្ចប់ រួមទាំងថវិកា៣ម៉ឺនរៀលផងដែរ។

ក្នុងឱកាសដដែលនោះ លោក ឌី រ្ន័តខេមរុណ បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចការសម្តេច តែងតែក្រើនរំលឹក ដល់មន្រ្តីអនុសាខាឲ្យធ្វើយ៉ាងណា ត្រូវយកទុកដាក់ខ្ពស់ បំផុតចំពោះប្រជាពលរដ្ឋលើគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ មនុស្សចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋទីទាល់ក្រ អ្នកផ្ទុកមេរោគអេដ៍ ជំងឺអេដ៍ ដោយមិន ប្រកាន់និន្នាកា នយោបាយអ្វីឡើយពោលគឺ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សំរាប់មនុស្សគ្រប់ៗគ្នា»៕

 

ដកស្រង់ពី៖ Fresh News