Social Network

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ គម្រោងសិក្សាលទ្ធភាព និងផែនការមេសម្រាប់បណ្តាញទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកនៅក្នុងក្រុងសំខាន់ៗចំនួន៣ នឹងចាប់ផ្ដើមនៅចុងខែនេះ និងបញ្ចប់នៅចុងឆ្នាំ២០២០

(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងសិក្សាលទ្ធភាព និងផែនការមេ សម្រាប់បណ្តាញទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹក ក្នុងក្រុងព្រះសីហនុ ក្រុងសៀមរាប និងក្រុងតាខ្មៅ ដែលសិក្សាដោយក្រុមហ៊ុនចិន នឹងចាប់ផ្ដើមអនុវត្ដន៍នៅចុងខែមិថុនា ឆ្នាំ២០១៨នេះ និងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២០ខាងមុខ ។

ទេសរដ្ឋមន្ដ្រី ថ្លែងបែបនេះ ក្នុងឱកាសចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការលើ គម្រោងសិក្សាលទ្ធភាព និងផែនការមេសម្រាប់ បណ្តាញទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹក ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងតាខ្មៅ» រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ប៉េជីង អឺបេន ខនស្ត្រាក់សិន គ្រុប ខូ អិលធីឌី ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ។

រដ្ឋមន្ដ្រីក្រសួងសាធារណការ បានថ្លែងទៀតថា «បន្ទាប់ពីចុះហត្ថលេខា នៅថ្ងៃនេះរួចហើយ ក្រុមហ៊ុននឹងចាប់ផ្ដើមសិក្សាជាបន្ទាន់ នៅក្រុងព្រះសីហនុ នៅថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី០៥ ខែឧសភា ២០១៩, សម្រាប់ក្រុងសៀមរាប ចាប់ផ្ដើមសិក្សានៅថ្ងៃ៣ ខែតុលា ឆ្នាំ២០១៨ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ហើយចាប់ពីខែកុម្ភៈ ដល់ខែធ្នូ ឆ្នាំ២០២០ នឹងបញ្ចប់គម្រោងនៅក្រុងតាខ្មៅ។ ប៉ុន្ដែយើងចង់ឲ្យចប់មុនគេបំផុត នៅក្នុងខែឧសភា ឆ្នាំ២០១៩ សម្រាប់ក្រុងព្រះសីហនុ ដោយសារយើងត្រូវការចាំបាច់បំផុត» ។

លោកបន្ដថា «ថ្មីៗនេះ លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ រួមជាមួយនិងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្រសួងយើង បានជួបជុំគ្នាជាមួយអាជ្ញាធរដែនដីខេត្ដព្រះសីហនុ ដើម្បីរៀបចំប្រព័ន្ធរំដោះ ទឹកបណ្ដោះអាសន្នសិន ក្នុងការបញ្ជៀសទឹក ស៊ុយមួយចំនួន ឲ្យទៅអាងចម្រោះទឹកមួយសិន កុំឲ្យទឹកស្អ៊ុយហូរចូលសមុទ្រ ហើយក៏បានសម្រេចថា ត្រូវណែនាំដល់សណ្ឋាគារ ភោជនីយដ្ឋាន កុំឲ្យបង្ហូរទឹកចូលសមុទ្រ និងបឹងរបស់យើង ត្រូវតែរៀបចំប្រព័ន្ធទឹករបស់ខ្លួនសិន ដើម្បីបង្ហូរចូលប្រព័ន្ធចម្រោះទឹកដែលក្រសួងយើងដាក់ជូននោះ ។

ដោយកន្លងមកយើងមាន ហើយប្រព័ន្ធចម្រោះទឹកនេះ ដែលដាក់ដំណើរកាលពីឆ្នាំ២០០៧ តែដោយសារកំណើនសេដ្ឋ កិច្ចយើងលឿនពេក ធ្វើឲ្យប្រព័ន្ធចម្រោះទឹកនេះ មិនគ្រប់គ្រាន់តាមតម្រូវនោះទេ ដូច្នេះ បានជាយើងសាងសង់ប្រព័ន្ធ សាងសង់ថ្មីមួយទៀតនេះ»។

ទេសរដ្ឋមន្ដ្រីបន្ដថា សម្រាប់ការចំណាយថវិកាលើ គម្រោងសិក្សាទាំងបីនេះវិញ គឺលើក្រុមហ៊ុនទាំងស្រុង ដែលស្ម័គ្រចិត្ដមកសិក្សាឲ្យកម្ពុជាយើង ព្រោះគេយល់ថា ប្រព័ន្ធមួយនេះ គឺមានសារៈសំខាន់ ហើយគម្រោងមេនេះ ក៏ជាលើកទី១មួយផងដែរ ដែលបានធ្វើនៅខេត្ដក្រុងចំនួនបីនេះ ដូចនេះផែនការមេ សម្រាប់បណ្ដាញទឹកកង្វក់ និងប្រព័ន្ធរំដោះទឹកនេះ នឹងជួយចម្រោះទឹកកង្វក់ពីរោងចក្រ សណ្ឋាគារ ផ្ទះ និងតាមក្រុមហ៊ុនផ្សេងៗ មុននឹងហូរចូលទឹកទន្លេរ បឹង សមុទ្រនោះ ។

គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងសិក្សា ផែនការមេឲ្យបានស៊ីជម្រៅ ក្នុងការកសាងបណ្ដាញទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកក្នុងក្រុងទាំងបី ដើម្បីលើកម្ពស់គុណភាពសេវាសា ធារណៈជូនប្រជាពលរដ្ឋ ទឹកស្អាត បរិស្ថានស្អាត និងកាត់បន្ថយការចំណាយថវិកាជាតិ ក៏ដូចឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ ដែលនឹងមានការកើនឡើងរហូតដល់ដប់លាននាក់ក្នុងឆ្នាំ២០២៣ ។

សូមជម្រាបថា សម្រាប់ប្រព័ន្ធរំដោះទឹកនៅរាជធានីភ្នំពេញវិញ ក្រសួងសាធារណការ ដោយសហជាមួយអង្គការ JICA នឹងរៀបចំប្រព័ន្ធរំដោះទឹកទំនើប មកដាក់ក្នុងរាជធានីភ្នំពេញ ពិសេសបណ្ដាទឹកកង្វក់ នឹងរៀបចំបន្ថែមទៀត ព្រោះកំណើនប្រជាជន ដែលមករស់នៅភ្នំពេញ បច្ចុប្បន្នមានរហូតដល់ទៅជាង២១% ហើយដល់ឆ្នាំ២០៣០ នឹងមានការកើនឡើងរហូតដល់ទៅជាង៤០%ភាគរយ ៕

ដកស្រង់ពី៖ Fresh News