Social Network

លោក នេត្រ ភក្ត្រា៖ យុវជនត្រូវតែសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន ជាពិសេសរឿងរ៉ាវទាក់ទងនឹងរបបខ្មែរក្រហម ដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ

(ភ្នំពេញ)៖ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស មកពីខេត្តកំពង់ស្ពឺ និងកំពតជាង៦០០នាក់ បានធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីសាលាក្តីខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មនៅគុកទួលស្លែង និងបឹងជើងឯង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៨នេះ ក្នុងគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋ និងយុវជនបានយល់ដឹង អំពីប្រវត្តិសាស្ត្រនៃ ប្រទេសកម្ពជាជាពិពេស គឺប្រវត្តិសាស្ត្រនៃ របបកម្ពុជាប្រជាធិបតេយ្យ និងដំណើរការ ជំនុំជម្រះក្តីប្រឆាំងនឹង អតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ដែលបានឡើង ដឹកនាំប្រទេសនៅ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។

លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យនសាលាក្តីខ្មែរក្រហម បានថ្លែងថា «យុវជនទាំងអស់ត្រូវតែសិក្សា ស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន ជាពិសេសរឿងរ៉ាវទាក់ទង នឹងរបបខ្មែរក្រហមព្រោះ ប្រវត្តិសាស្ត្រគឺជាផ្នែក មួយនៃអត្តសញ្ញាណជាតិផងដែរ»។

លោកបានថ្លែងថា កាន់តែមានសារសំខាន់ ថែមទៀតពេលដែលយុវជន បានយល់ដឹងអំពីប្រវត្តិ សាស្ត្រដ៏សោកសៅ របស់ប្រទេសកម្ពុជា កាលពីអតីតកាល និងចូលរួមទប់ស្កាត់អំពើ ប្រល័យពូជសាសន៍កុំឱ្យវិលត្រឡប់ និងកើតឡើងសាជា ថ្មីនៅលើទឹកដីកម្ពុជា។

លោក នេត្រ ភក្ត្រា បានបន្តថា ទោះបីជាង ៦៥% នៃប្រជាជនកម្ពុជាកើត មិនទាន់របបខ្មែរក្រហម ប៉ុន្តែយុវជនទាំងនោះ គឺជាសាក្សីរស់នៃដំណើរ ការនាំយកអតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ បំផុតមកជំនុំជម្រះក្តី ដើម្បីស្វែងរកយុត្តិធម៌ និងការពិត ជូនជនរងគ្រោះក្នុងរបប ខ្មែរក្រហមក៏ដូចមនុស្សជាតិទាំងមូល។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាម់ថា៖ «យុវជនត្រូវសិក្សាពី ប្រវត្តិសាស្ត្ររបស់ខ្លួន ឱ្យបានច្បាស់លាស់ ជាពិសេសរឿងរ៉ាវដែល កើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីចៀសវាងការប្រព្រឹត្ត កំហុសច្រំដែលជាន់ដាន ប្រវត្តិសាស្ត្រ នាំឱ្យមានការស្លាប់បាត់បងជីវិតប្រជាជន ហើយខឿនសេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លិចបំផ្លាញដូចពីអតីតកាល»។ លោកបន្តថា ការចងចាំអំពីប្រវត្តិសាស្ត្រ កម្ពុជាក៏ជាផ្នែកមួយដែល ជួយឱ្យយុវជនបានយល់ ដឹងកាន់តែស៊ីជម្រៅ បន្ថែមពីលើរឿងរ៉ាវ ដែលឪពុកម្តាយ និងជីដូនជីតារបស់ ខ្លួនដែលហែលឆ្លងកាត់និយាយប្រាប់ និងអាចផ្ទេរការចងចាំនេះ ទៅមនុស្សរាប់ជំនាន់ ទៅមុខទៀត។

លោក នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តដល់ជនរង គ្រោះនៃរបបខ្មែរក្រហម ជួយនិយាយបន្ត និងផ្សព្វផ្សាយពីរឿងរ៉ាវ ដែលគាត់បានជួបប្រទះនៅ ក្នុងរបបខ្មែរក្រហមជូនដល់ ក្មេងៗជំនាន់ក្រោយដើម្បីការចងចាំ ទោះបីជាការរំលឹករឿង រ៉ាវនេះធ្វើ ឱ្យពលរដ្ឋមួយចំនួនមានការឈឺចាប់ ពេលរំលឹកពីការឈឺចុកចាប់ រងទុក្ខវេទនារបស់ខ្លួន ព្រោះដើម្បីទប់ស្កាត់ការ វិលត្រឡប់មកវិញ នូវសោកនាដកម្មដូច របបខ្មែរក្រហមនេះមក លើទឹកដីកម្ពុជាជាថ្មីទៀត។

ប្រជាពលរដ្ឋម្នាក់ មកពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចែករំលែកបទ ពិសោធនៃការចាប់ បង្ខំឱ្យរៀបការដោយខ្មែរ ក្រហមក្នុងចំណោម ពលរដ្ឋចំនួន ៥០គូ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្ម នៅក្នុងរបបខ្មែរក្រហមគឺជា ដំណើរនៃការផ្សះផ្សាជាតិ និងចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

ការយល់ដឹងរបស់យុវជន លើរឿងរ៉ាវសោកនាដកម្ម ដែលកើតឡើងក្នុងរបប ខ្មែរក្រហមជាការចាំបាច់បំផុត។

លោក នេត្រ ភក្ត្រា បានបន្ថែមថា ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម គឺក្នុងគោលបំណងដើម្បីស្វែង រកអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្ម និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត និងអ្នកដែលកំពុង រស់រានមានជីវិត ពីរបបខ្មែរក្រហម ព្រមទាំងចូលរួមស្វែងរក ការពិតជូនមនុស្សជាតិ ទាំងមូលថាតើមានអ្វីកើត ឡើងពិតប្រាកដក្នុងរបបនេះ បានជាធ្វើឱ្យមនុស្ សយ៉ាងហោចណាស់ចន្លោះពី ១.៧ លាន ទៅ ២.២ លាននាក់ស្លាប់បាត់បង់ជីវិត។

រហូតមកទលើពេលនេះ តុលាការបានសម្រេចផ្តន្ទាទោសឌុច អតីតប្រធានគុកទួល ស្លែងដាក់ពន្ធនាគារអស់ មួយជីវិតក្រោយរកឃើញ ថាមានពិរុទ្ធភាពក្នុងឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមលើតួនាទី នៃការទទួលខុសត្រូវរបស់ គាត់នៅមន្ទីរសន្តិសុខ ស-២១ ដែលនៅទីនោះជនរងគ្រោះជាង ១៥០០០នាក់បាន ស្លាប់បាត់បង់ជីវិត។

ចំណែក នួន ជា និងខៀវ សំផន ក៏ត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ ចំពោះឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិទាក់ទង នឹងអង្គហេតុការជម្លៀស ប្រជាជនដោយបង្ខំ ដំណាក់កាលទី១ និងទី២។

នួន ជា និងខៀវ សំផន ក៏កំពុងរង់ចាំការប្រកាសសាលក្រមលើ សំណុំរឿង ០០២/០២ ប្រឆាំងនឹងគាត់ក្នុងបទ ចោទឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ប្រឆាំង នឹងជនជាតិចាម និងជន ជាតិវៀតណាម៕

ដកស្រង់ពី៖ Fresh News