Social Network

អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ៦ខែ ឆ្នាំ២០១៨ ជនបរទេសនៅកម្ពុជា បានប្រព្រឹត្តបទល្មើស៨៨ករណី ឃាត់ខ្លួន៣៧៨នាក់, ភាគច្រើនបទល្មើសគ្រឿងញៀន

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌ មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស ប្រចាំនៅកម្ពុជា តំណាងនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០១៨ ជាមួយនាយកដ្ឋាន អង្គភាព ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត រួមជាមួយបណ្ដា ស្ថានទូតនានា ប្រចាំនៅកម្ពុជា។

យោងតាមរបាយការណ៍ត្រីមាសទី២ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស ប្រចាំនៅកម្ពុជា បានឲ្យដឹងថា វិនិយោគិន និងអ្នកទេសចរណ៍បរទេស ដែលមកប្រទេសកម្ពុជា បានទទួលរងគ្រោះមាន ចំនួន១៧៨ករណី (បើប្រៀបធៀបជាមួយត្រីមាសទី១ មាន១៤១ករណីកើនឡើង ៣៧ករណី) ភាគច្រើនដោយអំពើចោរកម្ម លួច-ឆក់មានចំនួន ៧៧ករណី ស្មើនឹង៤៣,២៥% មាន៣៧សញ្ជាតិ ក្នុងនោះសញ្ជាតិ ច្រើនជាងគេគឺ ចិន៦១នាក់, វៀតណាម២២នាក់, បារាំង១៤នាក់, អង់គ្លេស១៣នាក់, អូស្រ្តាលី១១នាក់ ហើយភូមិសាស្រ្តដែល កើតមានច្រើនជាងគេ នៅរាជធានីភ្នំពេញ។

ក្រៅពីជនបរទេសរងគ្រោះ ក៏មានជនបរទេស ប្រព្រឹត្តបទល្មើសមាន ចំនួន៨៨ករណី ឃាត់ខ្លួន៣៧៨នាក់ មាន២៥សញ្ជាតិ (បើប្រៀបធៀប ជាមួយត្រីមាសទី២ មាន៥៥ករណី កើនឡើង៣៣ករណី) ភាគច្រើនបទល្មើ សប្រើប្រាស់-ជួញដូរគ្រឿង ញៀនមាន ចំនួន១៧ករណី ស្មើនឹង ១៩,៣១% នៃចំនួនសរុប៨៨ករណី ក្នុងនោះសញ្ជាតិប្រព្រឹត្ត បទល្មើសច្រើនជាងគេ គឺចិន២៥៧នាក់, នីហ្ស៊េរីយ៉ា៣៧នាក់, វៀតណាម១៤នាក់, ថៃ១២នាក់, កូរ៉ខាងត្បូង០៨នាក់ ហើយភូមិសាស្រ្តដែល កើតមានច្រើនជាងគេ នៅរាជធានីភ្នំពេញ។

ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយបណ្តាស្ថានទូត និងស្ថានតំណាងទាំងជំនួបទ្វេភាគី និងពហុភាគី ដើម្បីពិភាក្សាគ្នាដោះស្រាយ បញ្ហានានា ឲ្យបានទាន់ពេលវេលា ទាំងនៅថ្នាក់ជាតិ និងតាមរាជធានី-ខេត្ត រួមទាំងបានការពារគណៈ ប្រតិភូបរទេស និងមន្ត្រីការទូតបរទេស ក្នុងដំណើរទស្សនកិច្ច និងការចុះបំពេញ បេសកកម្មនានា។

ក្នុងកិច្ចប្រជុំនេះ តំណាងពីបណ្ដាស្ថាន ទូតនានាប្រចាំនៅកម្ពុជា បានចូលរួមប្រជុំស្ដាប់ ពីលទ្ធផលការងារ ប្រចាំត្រីមាសទី២ ឆ្នាំ២០១៨ រួមទាំងពិភាក្សាការងារ និងសំណូមពររបស់ បណ្ដាស្ថានទូតនៅកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារ តំណាងស្ដានទូតប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណដល់ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅកម្ពុជា ដែលបានយកចិត្តទុក ដាក់ការពារ និងដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋខ្លួន និងការការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន ភ្ញៀវទេសចរណ៍បរទេស មន្ត្រីការទូត ទីតាំងស្ថានទូត និងនិវេសនដ្ឋានឯកអគ្គរាជទូត-រដ្ឋទូត ដែលមានវត្តមាននៅកម្ពុជា។

ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ ថោង លីម បានណែនាំដល់នាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ជាសមាជិក ត្រូវអនុវត្តតាមផែនការ របស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការការពារសន្តិ សុខជូនវិនិយោគិន និងអ្នកទេសចរបរទេស ដើម្បីឆ្លើយតបទៅនឹងគោល នយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញ និងលើកទឹកចិត្ត វិស័យវិនិយោគ និងទេសចរណ៍នៅកម្ពុជា៕

ដកស្រង់ពី៖ Fresh News