Social Network

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំការបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដើម្បីលើកកម្ពស់ការយល់ដឹង ចុះអប់រំផ្សព្វផ្សាយ និងការអនុវត្តច្បាប់

(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» នៃគម្រោងកែលម្អផ្លូវ លំជនបទជំហានទី២ រយៈពេល២ថ្ងៃ ពោលចាប់ ពីថ្ងៃនេះ ដល់ថ្ងៃទី១៧ ខែសីហា ដែលរៀបចំនៅសាលប្រជុំ នៃមជ្ឍមណ្ឌល សហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាពលោក សុង សុផល ប្រធានគ្រប់គ្រង គម្រោងកែលម្អ ផ្លូវលំជនបទជំហានទី២ និងលោកបណ្ឌិត ម៉ាសាតូ កូតូ ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស សុវត្ថិភាព ចរាចរណ៍ ដោយមានសិក្ខាកាម ចូលរួមចំនួន៤៨រូប អញ្ជើញមកពីក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងស្តីពី សុវត្ថិភាពចរាចរណ៍ ដល់មន្រី្តអនុវត្ត ការងារអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការគោរព និងអនុវត្តច្បាប់ស្តីពី សុវត្ថិភាពចរាចរាណ៍ផ្លូវគោក។

សៀវភៅបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសុវត្ថិភាពចរាចរណ៍ សម្រាប់វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំយ៉ាងពិសេស សម្រាប់អបរំសហគមន៍ នឹងផ្តោតជាសំខាន់លើ ការបើករហួសល្បឿនកំណត់ ការបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង ការពាក់មួកសុវត្ថិភាព សុវត្ថិភាពថ្មើរជើង សុវត្ថិភាពជិះកង់ សុវត្ថិភាពតំបន់សាលារៀន ការសង្គ្រោះបឋម និងវិធីសាស្ត្រសម្រប សម្រួលវគ្គបណ្ដុះបណ្ដាល។

ថ្លែងនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក សុង សុផល បានលើកឡើងថា ជាការពិតណាស់ កាលបើមានផ្លូវល្អ នោះការដឹកជញ្ជូន និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នឹងបានងាយស្រួលជាង និងឆាប់រហ័សជាងមុន ក៏ប៉ុន្ដែទន្ទឹមនឹងនោះ ការប្រឈមនៃគ្រោះថ្នាក់ចរាចរណ៍ ក៏កើនឡើងខ្ពស់ផងដែរ។

លោកថា ដូច្នេះ ការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋ នៅតាមដងផ្លូវគម្រោង គឺជាកិច្ចការចំាបាច់ ដើម្បីក្រើនរំលឹកប្រជាពលរដ្ឋគ្រប់រូប ឲ្យមានការប្រុងប្រយ័ត្ន គោរព និងអនុវត្ត ច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងបន្ដផ្សព្វ ផ្សាយដល់សមាជិកគ្រួសារ កូនចៅ អ្នកភូមិជាមួយគ្នា និងសិស្សសាលាក្នុងភូមិ ឲ្យប្រយ័ត្នប្រយែងខ្ពស់ ដើម្បីការពារខ្លួនពី គ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។

លោកបណ្ឌិត ម៉ាសាតូ កូតូ ក៏បានលើកឡើងថា តាមការព្យាករណ៍ ប្រសិនបើគ្មានវិធានការទប់ស្កាត់ និងយន្តការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ជាក់លាក់ទេនោះ ចំនួនអ្នកស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា នឹងកើនឡើងរហូតដល់ ៣,២០០នាក់ នៅឆ្នាំ២០២០។ លោកបណ្ឌិត បានអះអាងថា កម្មវិធីសុវត្ថិភាព ចរាចរណ៍សហគមន៍ នៃគម្រោងកែលម្អផ្លូវ លំជនបទជំហានទី២នេះ គឺជាការចូលរួមចំណែកដ៏ធំធេង និងស្របតាមផែនការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១១-២០២០ របស់រាជរដ្ឋា ភិបាលកម្ពុជា ដោយប្តេជ្ញាកាត់បន្ថយ ចំនួនអ្នកស្លាប់ឲ្យបាន៥០% ត្រឹមឆ្នាំ២០២០ខាងមុខ។

បើយោងតាមរបាយការណ៍ នៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្ហាញថា ជារៀងរាល់ឆ្នាំ អ្នកស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍ ប្រមាណជិត២,០០០នាក់ និងរបួសធ្ងន់រហូតដល់ជិត៥,០០០ នាក់។

យោងតាមរបាយការណ៍ បណ្តោះអាសន្ន នៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៧ បានឲ្យដឹងថា បើធៀបនឹងប្រជាពលរដ្ឋ ១០០,០០០នាក់ ប្រទេសកម្ពុជា មានអត្រាស្លាប់ចំនួន ១២,៥ ដែលអត្រានេះ គឺខ្ពស់ជាងប្រទេសវៀតណាម (៩,៣)។ ដោយគិតជាមធ្យម មានមនុស្សចំនួន៥នាក់ស្លាប់ និង១៣នាក់ រងរបួសធ្ងន់ក្នុងមួយថ្ងៃ។

ប្រភពរបាយការណ៍ដដែល ឆ្នាំ២០១៧ បានបង្ហាញថា អ្នកស្លាប់ចំនួន ៥៤% មានអាយុចន្លោះពី១៥-៣៤ឆ្នាំ ដែលក្នុងនោះ៨២% គឺជាបុរស។ អ្នកស្លាប់ជាកសិករ មានភាគរយច្រើនជាងគេ (៤០%) បន្ទាប់មកកម្មករ ២១% និងសិស្ស១២%៕

ដកស្រង់ពី៖ Fresh News