Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកអគ្គរដ្ឋទូតចិន និងលោក ហ៊ុន ម៉ានី ចុះចែកអំណោយដល់ប្រជាពលរដ្ឋ១៥២៦គ្រួសារ ដែលរងគ្រោះទឹកជំនន់នៅស្រុកកោះសូទិន

  • Print

(កំពង់ចាម)៖ ឯកអគ្គរដ្ឋទូតសាធារដ្ឋប្រជាមានិតចិន លោក ស្ហុង បូ (Xiong Bo) និងលោក ហ៊ុន ម៉ានី សមាជិកព្រឹទ្ធសភា បានចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ១៥២៦គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់។

ពិធីចែកអំណោយ នេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម។

ឯកអគ្គរដ្ឋទូតចិន លោក ស្ហុង បូ បានថ្លែងក្នុងឱកាសនោះថា មានប្រទេសច្រើនដែលរង គ្រោះដោយសារទឹកជំនន់ សូម្បីតែប្រទេសចិន ក៏មានប្រជាជនរងគ្រោះ ដោយសារទឹកជំនន់ ដូចប្រជាជនកម្ពុជា នាពេលនេះដែរ ដូច្នេះលោកពិតជា យល់នូវអារម្មណ៍មួយ ហើយក្នុងពេលនេះ លោកបានចាត់ទុកការ លំបាករបស់ប្រជាជនកម្ពុជា ក៏ដូចជាទុកលំបាករបស់ ប្រជាជនចិនដូច្នោះដែរ ទើបប្រទេសចិន បានធ្វើជាអំណោយចែក ជូនប្រជាពលរដ្ឋកម្ពុជានាពេលនេះ បើទោះជាអំណោយចំនួន នៅមានកម្រិតយ៉ាងណា ក៏គ្រាន់ជាការបញ្ជាក់ ពីទឹកចិត្តក្នុងនាមប្រទេស ជាមិត្តជួយមិត្តក្នុងគ្រាជួបការលំបាក។

ម្យ៉ាងទៀតលោក ជឿជាក់ថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន និងអាចដោះស្រាយ លើបញ្ហានេះដើម្បីឲ្យ ប្រជាពលរដ្ឋមានជីវ ភាពរស់នៅមានភាពប្រក្រតី ឡើងវិញមិនខាន។

ចំណែកប្រទេសចិន នៅតែរឹតចំណងមិត្តភាព ជាមួយប្រទេសកម្ពុជា ដើម្បីជួយធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានការអភិវឌ្ឍន បន្ថែមទៀត។

លោក ហ៊ុន ម៉ានី សមាជិកព្រឹទ្ធសភា បានមានប្រសាសន៍ថា ទោះបីក្នុងកាលៈទេសៈ ណាក៏ដោយមិនថា ពេលឃោសនាបោះឆ្នោត មិនថាពេលបោះឆ្នោត មិនថា ពេលបោះឆ្នោតរួចនោះទេ គឺនៅពេលប្រជាពលរដ្ឋ ជួបការលំបាកដូចជា ជួបគ្រោះមហន្តរាយ ហើយត្រូវការជំនួយពីរដ្ឋាភិបាល ពេលនោះតែងតែ មានវត្តមានរបស់ គណបក្សប្រជាជនជានិច្ច ក្នុងការចុះមកជួយ និងយកចិត្តទុក ដាក់អំពីសុខ និងទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺតំបន់ណា ដែលមានហានិភ័យ រងគ្រោះដោយសារ ទឹកជំនន់នេះ។

លោក ហ៊ុន ម៉ានី បានថ្លែងទៀតថា មុនពេលមានជំនន់ នេះរាជរដ្ឋាភិបាល បានចេញសារាចរណ៍ ណែនាំឲ្យមន្ត្រីអាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទ ត្រៀមខ្លួនជាស្រេចបង្ការ តាមដាននូវកន្លែងណាដែលមានទឹកឡើងដល់ចំណុចជួយសង្គ្រោះ ហើយត្រូវមានវិធានការណ៍ ឲ្យទាន់ពេលវេលា និងកក់ក្តៅបំផុត ធ្វើយ៉ាងណាជំលៀស ប្រជាពលរដ្ឋចេញពីផ្ទះ ទៅរកទួសសុវត្ថិភាព។

ជាក់ស្តែងមកដល់ពេលនេះឃើញថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ បានអនុវត្តជួយសង្គ្រោះ ប្រជាពលរដ្ឋបាន យ៉ាងល្អប្រសើរ។

ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់លោក ស្ហុង បូ ឯកអគ្គរដ្ឋទូតសាធារដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា និងសហការី ព្រមទាំងប្រជាជនចិន ដែលបានធ្វើជាអំណោយ មកចែកជូនប្រជាពលរដ្ឋកម្ពុជា នាពេលមានគ្រោះទឹកជំនន់នេះ។

សូមជំរាបថា បន្ទាប់ពីចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋ ឯកអគ្គរដ្ឋទូតចិន និងលោក ហ៊ុន ម៉ានី បានបន្តចុះជួបសួរ សុខទុក្ខប្រជាពលរដ្ឋ នៅខេត្តកំពង់ចាមផងដែរ៕

ដកស្រង់ពី៖ Fresh News