Social Network

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក សម្លឹងឃើញឱកាទីផ្សារផលិតចំណីសត្វនៅកម្ពុជា មានតម្រូវការ​ និងសក្ដានុពលខ្ពស់

(ភ្នំពេញ)៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (USABC) កំពុងតែសម្លឹងមើលឃើញពីឱកាសវិនិយោគ លើវិស័យចំណីសត្វនៅកម្ពុជា បន្ទាប់ពីមើលឃើញថា កំពុងមានតម្រូវការខ្ពស់ និងសក្ដានុពល។

ការបញ្ជាក់យ៉ាងដូច្នេះរបស់ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិកធ្វើឡើង ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ ស្ដីពីការគោលនយោបាយអាទិភាព និងឱកាសក្នុងការវិ និយោគវិស័យកសិកម្មនៅកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងការស្វាគមន៍ និងបង្ហាញនូវសេចក្តីរីករាយ ដែលក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-សហរដ្ឋអាមេរិក បានបោះទុនវិនិយោគនៅកម្ពុជា ពេលកន្លងមក និងគ្រោងពង្រីកការវិនិយោគ ក្នុងវិស័យកសិកម្មនៅកម្ពុជា។

លោករដ្ឋមន្រ្តីបញ្ជាក់ថា កម្ពុជាកំពុងមាន តម្រូវការវិនិយោទុន លើការអភិវឌ្ឍន៏ ទំនើបកម្មកសិកម្ម ដើម្បីជំរុញកំណើនកសិកម្ម ឲ្យស្របទៅនឹង របត់កំណើនសេដ្ឋកិច្ច ព្រមទាំងអាចរ ត់ទាន់ស្ថានភាព នៃការអភិវឌ្ឍន៏ក្នុងតំបន់។

ក្នុងនោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក កត់សម្គាល់ឃើញថា ទីផ្សារចំណីសត្វនៅ កម្ពុជាមានសក្តានុពល និងតម្រូវការខ្ពស់ ថែមទាំងតម្រូវឲ្យមាន ការវិនិយោគលើ ផ្នែកបច្ចេកវិទ្យាទំនើប ដែលនេះជាកត្តាទាក់ទាញ ដល់សមាជិកក្រុមប្រឹក្សា ធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក។

ក្រៅពីនេះ USABC ក៏ចាប់អារម្មណ៍លើការ ពង្រឹងសុវត្ថិភាពចំណីអាហារ និងការជំរុញផលិត ភាពផលិតផលកសិកម្ម ដែលជាចំណុចសំខាន់ៗ ដែលបណ្តាប្រទេសអាស៊ាន បាននិងកំពុងយកចិត្តទុកដាក់។ ក្នុងនោះអគ្គនាយកដ្ឋាន សុខភាព និងផលិតកម្មសត្វ បានបង្ហាញឆន្ទះក្នុងការសហការយ៉ាងជិតស្និទ្ធ ជាមួយដៃគូឯកជន។

អគ្គនាយកដ្ឋានបានបញ្ជាក់ថា កម្ពុជាមានច្បាប់ និងលិខិតបទដ្ឋាន ក្នុងការគ្រប់គ្រង ត្រួតពិនិត្យលើ  ការងារចិញ្ចឹមសត្វ សុខភាពសត្វ និងសុខភាពសាធារណៈ ចំណីសត្វ និងបសុឱសថ។ អគ្គនាយកដ្ឋានឲ្យដឹងទៀតថា ប៉ុន្តែទោះបីយ៉ាង នេះក្តីកម្ពុជា នៅមានតម្រូវការរៀបចំ លិខិតបទដ្ឋានបន្ថែមទៀត ដើម្បីឲ្យការគ្រប់គ្រង មានប្រសិទ្ធភាព ជាពិសេសលើ សុវត្ថិភាពម្ហូបអាហារ។

ក្នុងករណីនេះកម្ពុជាបានស្នើ ដល់វិស័យឯកជនជួយគាំទ្រ ដល់ការបណ្តុះបណ្តាល សមត្ថភាពមន្រ្តី និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់វិភាគកាកសំណល់ ក្នុងសាច់សត្វ និងផលិតផលសត្វ។ USABC ក៏មានផែនការសហការ ជាមួយស្ថានទូត អាមេរិកនៅកម្ពុជា ក្នុងការរៀបចំធ្វើ យុទ្ធនាការផ្សព្វផ្សាយ ពីសុវត្ថិភាពចំណីអាហារ នៅកម្ពុជា ក្នុងអំឡុងដើមឆ្នាំ ២០១៩ខាងមុខនេះ។

ក្នុងនោះ USABC គ្រោងនឹងរៀបចំសិក្ខាសាលា ពាក់ព័ន្ធទៅនឹងស្តង់ដារគុណភាព ដើម្បីជំរុញការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ ប្រកបដោយគុណភាពខ្ពស់ និងការអភិវឌ្ឍន៍ពូជ ដែលធន់ទ្រាំនឹងការ ប្រែប្រួលអាកាស ធាតុថែមទៀតផង៕

ដកស្រង់ពី៖ Fresh News