Social Network

ថ្ងៃនេះជាខួប៦ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ ថ្ងៃដែលកូនខ្មែរសោកសៅបំផុត

(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ គឺជាគម្រប់៦ឆ្នាំហើយ ដែលព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ បានយាងសោយទិវង្គត ចាកចោលប្រជារាស្រ្ត និងដែនដ៏ជាទីស្នេហា របស់ព្រះអង្គ ហើយក៏ថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូល សោកសៅជាទីបំផុត។

សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជា រាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបាន លះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយ ព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុ ជាតិមាតុភូមិ និងនាំមកនូវឧត្តម ប្រយោជន៍សម្រាប់ប្រ ជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជ បូជនីយកិច្ចទាមទារ ឯករាជ្យ ពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បានយាងសោយព្រះទិវង្គត នៅវេលាម៉ោង ១៖២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន។

ក្រោយការយាង សោយទិវង្គរបស់ព្រះអង្គ ជារៀងរាល់ឆ្នាំនៅព្រឹកថ្ងៃទី១៥ ខែតុលា មន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងមន្រ្តីតាមបណ្តាក្រសួង ស្ថាប័ននានា អង្គការផ្សេងៗ បានអញ្ជើញគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នាព្រះមណ្ឌល តម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋទូទាំង ប្រទេស បានសម្តែងនូវការគោរព ដឹងគុណដ៏ខ្ពង់ខ្ពស់ បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ ដែលព្រះអង្គបានលះបង់ និងបានក្រាបថ្វាយព្រះពរដល់ ព្រះវិញ្ញាណក្ខន្ត របស់ព្រះអង្គ បានយាងទៅសោយ សុខនៅឋានសួគ៌ា។

សូមទស្សនាកម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចក សាងជាតិដ៏ឧត្តុង្គឧត្តម របស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចឪ សម្តេចតា សម្តេចតាទួត «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ខែតុលា ឆ្នាំ១៩២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២៕

ដកស្រង់ពី៖  Fresh News