Social Network

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងត្រៀមជួយសង្គ្រោះ​​គ្រប់ ពេលវេលា

(កំពង់ឆ្នាំង)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែដឹងពីសុខទុក្ខរបស់ ប្រជាពលរដ្ឋគ្រប់ៗគ្នា ហើយត្រូវតែត្រៀម លក្ខណៈគ្រប់ពេល ដើម្បីជួយសង្គ្រោះនៅពេល ពលរដ្ឋមានបញ្ហាកើតឡើង។

ការថ្លែងបែបនេះរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងក្នុងឱកាសអញ្ជើញ ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ចំនួន ១,៦៣៦គ្រួសារដែលមកពីចំនួន៧១ភូមិ ១១ឃុំ និងមកពីស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងយ៉ាងដូច្នេះថា «សូមអំពាវនាវដល់ក្រុមការងារ ក្រុមតំណាងរាស្ដ្រ ពិសេសគឺអាជ្ញាធរនៅផ្ទាល់ ជាមួយប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ឲ្យបាន កម្រិតខ្ពស់បន្ថែមទៀត ត្រូវតែដឹងសុខដឹង ទុក្ខចំពោះប្រជាពលរដ្ឋ ព្រោះយើងមានបណ្ដាញតាមភូមិ មានតាមឃុំ មានតាមស្រុក និងត្រូវលុបបំបាត់ល្បែងស៊ីសង ដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារ ត្រូវតែលុបបំបាត់»។

បន្ថែមពីនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានក្រើនរំលឹកដល់ឪពុក ម្ដាយ អាណាព្យាបាលទាំងអស់ ត្រូវតែពិនិត្យ និងណែនាំឲ្យបានគ្រប់ ជ្រុងជ្រោយដល់កូនៗ នៅពេលចេញទៅសិក្សា ព្រោះថាសម័យនេះយុវជន យុវតីងាយនឹងភ្លើតភ្លើនជាមួយសម្ភារនិយម ហើយត្រូវតែកាត់បន្ថយ កុំឲ្យកូនប្រើប្រាស់នូវ ទូរស័ព្ទទំនើបច្រើនពេក ដោយហេតុថា ទូរស័ព្ទទំនើបនេះហើយ ដែលធ្វើឲ្យក្មេងៗងប់ភ្លេចការសិក្សា។

លើសពីនេះ សម្ដេចប្រធានកាកបាទក្រហម ក៏គូសបញ្ជាក់អំពីករណី អំពើហិង្សាក្នុងគ្រួសារផងដែរ ដែលអាចបណ្ដាលមក ពីការលេងល្បែងស៊ីសង និងផឹកសុរា ដែលចំណុចនេះសម្ដេច ណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋខ្លួន ឯងផ្ទាល់ត្រូវតែចូលរួម ទប់ស្កាត់ឲ្យបានទាំងអស់គ្នា ព្រោះបើសង្គមល្អ ប្រជាពលរដ្ឋមិនល្អ ក៏អាចនាំឲ្យអន្ដរាយ ដូចគ្នាផងដែរ។

ថ្លែងដល់ចំណុចនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានរំលឹកអំពីករណី រំលោភសម្លាប់មួយផងដែរ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំងនេះផ្ទាល់តែម្ដង ដោយក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវបានបុរសម្នាក់ដែល ជាអ្នកក្បែរខាងរំលោភ ហើយសម្លាប់ដាក់ចូល ក្នុងកេសខោអាវ។

ភ្លាមៗបន្ទាប់ពីដឹងករណីនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកាចំនួន២០លានរៀលរួចមកហើយ ហើយនៅព្រឹកនេះ សម្ដេចក៏ប្រកាស ធ្វើផ្ទះមួយខ្នងឲ្យបន្ថែមទៀត ឲ្យឪពុកម្ដាយ និងសម្រេចរកការងារឲ្យ ធ្វើនៅខេត្តកំពង់ឆ្នាំងតែម្ដង មិនបាច់ចំណាក់ស្រុក ដូចកាលពីមុនទៀតឡើយ៕