Social Network

កម្ពុជា​-ថៃ​ ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការងារ ត្រួតពិនិត្យគ្រឿងញៀនកាន់តែខ្លាំងឡើង សម្រាប់សេចក្តីសុខប្រជាជនទាំង២ប្រទេស ក៏ដូចជាពិភពលោកទាំងមូល

(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួបលោក ផាន់យ៉ារ៉ាក់ ភូលថាប់ ក្នុងឱកាសដែលលោក ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជា អគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាក្រកម្ពុជា។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍កែ គឹមយ៉ាន បានុស្វាគមន៍ និងបានលើកយកពីការគាំទ្រ យ៉ាងពេញលេញ ពីភាគីដល់ការស្វែង រកសន្តិភាពរបស់កម្ពុជា និងក្រោយកម្ពុជាទទួល បាននូវសន្តិភាព នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស តែកម្ពុជានៅតែមិន អាចខ្វះបាន នូវកិច្ចសហការពីភាគីមិត្ត ក្នុងនាមជាប្រទេសជិតខាងជាបងប្អូន ដែលមានទំនាក់ទំនង ជាមួយគ្នាលើគ្រប់វិស័យ ជាយូរលង់ណាស់មកហើយ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍កែ គឹមយ៉ាន ក៏បានមានជម្រាបជូនភ្ញៀវ ផងដែរ ពីលទ្ធផលកិច្ចសហប្រតិបត្តិ ការត្រួតពិនិត្យគ្រឿងញៀន កម្ពុជា-ថៃ នាពេលកន្លងមកដូចជា មានជាអាទិ៍៖

*ទី១៖ ភាគីថៃបានជួយ បណ្តុះបណ្តាលមន្រ្តីជំនាញ និងជួយកសាងមជ្ឈមណ្ឌល ព្យាបាលលើថវិកាគាំទ្រ ជាង៥២លានបាត ពីឆ្នាំ២០១៤-២០១៨ (នៅឆ្នាំ២០១៧ បានជួយកសាងមជ្ឈមណ្ឌល ព្យាបាលនៅខេត្តព្រះសីហនុ លើថវិកាជាង៤០លានបាត)

*ទី២៖ ជួយពង្រឹងសមត្ថភាព អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្តល់សម្ភារបច្ចេក ទេសដល់មន្ទីរពិសោធន៍គ្រឿងញៀន

*ទី៣៖ ពង្រឹងដំណើរការ ការិយាល័យទំនាក់ទំនងព្រំដែន BLO ក្នុងគោលដៅទប់ស្កាត់ បទល្មើសគ្រឿងញៀន ឆ្លងកាត់ព្រំដែន។

ជាមួយនឹងលទ្ធផលខាងលើ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានជម្រាបជូនភ្ញៀវ ពីសភាពការណ៍គ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌ អនុតំបន់ តំបន់ ពិភពលោក និងនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែង តស៊ូប្រយុទ្ធប្រឆាំងគ្រឿង ញៀនរបស់សមត្ថកិច្ច ក្រោមការគាំទ្រ ពីអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី៣ រយ:ពេល១១ខែចុងក្រោយនេះ ដោយបានធ្វើការ បង្រ្កាបការជួញដូរគ្រឿងញៀន ជាច្រើនករណី ដកហូតបាននូវវត្ថុតាង និងមធ្យោបាយ បម្រើដល់សកម្មភាព ជួញដូរបានយ៉ាងច្រើនផងដែរ។

ទន្ទឹមនឹងនេះ សំដៅធានាប្រសិទ្ធ ភាពលើការងារត្រួតពិនិត្យគ្រឿងញៀន នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានស្នើសុំការជួយពីភាគីថៃ ដូចខាងក្រោម៖

*ទី១៖ ជួយពង្រឹងយន្តការ ត្រួតពិនិត្យគ្រឿងញៀន ពង្រឹងសមត្ថភាព មន្រ្តីការិយាល័យទំនាក់ទំនងព្រំដែន BLO និងការអនុវត្តផែនការ ភូមិសគ្មានគ្រឿងញៀន សំដៅទប់ស្កាត់ការចរាចរណ៍ គ្រឿងញៀនឆ្លងកាត់ព្រំដែន ចំពោះការអនុវត្តផែនការ ភូមិសគ្មានគ្រឿងញៀន កម្ពុជា និងធ្វើជាសិក្ខាសាលា ដកបទពិសោធន៍នៅខេត្តស្ទឹងត្រែង ក្រោមការដឹកនាំផ្ទាល់ពី ឧបនាយករដ្ឋមន្រ្តី

*ទី២៖ បន្តចូលរួមអនុវត្តគម្រោង សុវត្ថិភាពទន្លេមេគង្គ

*ទី៣៖ បន្តជួយលើការងារ កសាងហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលជាតិផ្តល់ សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅខេត្តព្រះសីហនុ

*ទី៤៖ បន្តជួយពង្រឹងសមត្ថភាព អគ្គលេខាធិការដ្ឋានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពង្រឹងសមត្ថភាពមន្រ្តីជំនាញ និងផ្តល់ឧបករណ៍ដល់ មន្ទីរពិសោធន៍គ្រឿងញៀន 

*ទី៥៖ បន្តកម្មវិធីធ្វើទស្សនកិច្ច សិក្សាដកពិសោធន៍ ការងារត្រួតពិនិត្យគ្រឿងញៀន ដល់មន្រ្តីអនុវត្តច្បាប់កម្ពុជា

*ទី៦៖ ជួយគាំទ្រ និងការពារដល់ ពលករកម្ពុជាដែលបាន និងកំពុងបំពេញការងារ នៅប្រទេសថៃ។

ជាការកិច្ចឆ្លើយតប លោក ផាន់យ៉ារ៉ាក់ ភូលថាប់ អគ្គរាជទូតថៃ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការ រីកម្រើនរបស់កម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយទទួលបាននូវកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស។

ទន្ទឹមនឹងនេះ ភាគីថៃ បានឯកភាពទាំងស្រុង លើសភាពគ្រឿងញៀន ដែលបានលើកឡើងដោយ ឧបនាយរដ្ឋមន្រ្តី កែ គឹមយ៉ាន និងទទួលយកនូវរាល់សំណូមពរ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន៕

ដកស្រង់ពី៖  Fresh News