Social Network

អាជ្ញាធរជាតិអប្សរា លើកកម្ពស់តម្លៃបេតិកភណ្ឌ និងជំរុញការអានដល់កុមារ

(សៀមរាប)៖ ជាការរួមចំណែកលើក កម្ពស់វិស័យបេតិកភណ្ឌ និងវិស័យអប់រំ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានបង្កើតកម្មវិធីអប់រំ បេតិកភណ្ឌក្នុងតំបន់អង្គរ ដោយយកសាលា បឋមសិក្សាល្បើក ស្ថិតក្នុងស្រុកពួក ជាសាលាគោលដៅទី១ ក្នុងការដំណើរការកម្មវិធី កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក ច័ន្ទ សុធា អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ តំណាងលោក ឡុង កុសល បានថ្លែងថា កម្មវិធីអប់រំបេតិកភណ្ឌ ក្នុងតំបន់រមណីយដ្ឋានអង្គរ ធ្វើឡើងក្នុងគោលបំណង បណ្តុះក្តីស្រឡាញ់សម្បត្តិដូនតា បញ្ជ្រាបចំណេះដឹងអំពី ប្រវត្តិនៃបុរាណដ្ឋាន និងមរតកវប្បធម៌ក្នុង ទីតាំងដែលសិស្សានុសិស្ស កំពុងរស់នៅ ការចូលរួមថែរក្សាបរិស្ថាន ព្រមទាំងការរួមចំណែក ថែរក្សាបុរាណដ្ឋានរបស់កុមារ ផ្ទាល់ទាំងក្នុងសហគមន៍ ខ្លួននិងក្នុងតំបន់អង្គរទាំងមូល តាមរយៈការចែករំលែក ចំណេះដឹងពីអ្នកជំនាញ បុរាណវិទ្យាមកពីអាជ្ញាធរ ជាតិអប្សរាចូលរួមធ្វើបទបង្ហាញ។

លោកបានបន្តទៀតថា លើសពីនេះ គម្រោងអប់រំបេតិកភណ្ឌក្នុង រមណីយដ្ឋានអង្គរក៏បាន យកសៀវភៅអំណានពាក់ព័ន្ ធនឹងចំណេះដឹងទូទៅ ទំនៀមទម្លាប់ប្រពៃណី ប្រវត្តិសាស្រ្ត បំនិនថ្មីៗ ជូនសាលាបឋមសិក្សាល្បើក ដើម្បីឱ្យសិស្សានុសិស្ស បានអានបង្កើនចំណេះ ដឹងផ្នែកអំណាននិងចេះដឹងពីមរតកវប្បធម៌ សម្រាប់ជាទុនក្នុងការអភិវឌ្ឍន៍ សមត្ថភាពចំណេះដឹង ការស្រឡាញ់ និងចូលរួមថែរក្សាឱ្យបានគង់វង្ស ដោយផ្តើមពីកុមារនិង ការចង្អុលបង្ហាញពីចាស់ទុំផងដែរ៕

ដកស្រង់ពី៖ Fresh News