Social Network

លោក ហ៊ុន ម៉ានី៖ សមិទ្ធផលធំបំផុតដែល ស.ស.យ.ក សម្រេចបាន គឺការទទួលស្គាល់ និងការស្វាគមន៍ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន !

(ភ្នំពេញ)៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី បានអះអាងថា សមិទ្ធផលជាច្រើនដែល សហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចបានក្នុងរយៈពេល៦ឆ្នាំកន្លងមក ប៉ុន្ដែក្នុងចំណោមសមិទ្ធផល ទាំងអស់នោះ ត្រូវបានលោកកត់សម្គាល់ថា សមិទ្ធផលដែល ធំជាងគេបំផុតនោះ គឺការទទួលស្គាល់ និងការទទួលស្វាគមន៍ ពីសំណាក់ប្រជាពល រដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។

លោក ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងរយៈពេល៦ឆ្នាំមកនេះ ប្រជាពលរដ្ឋបានឃើញ ដោយខ្លួនឯងនូវសកម្មភាព ក្នុងសង្គមរបស់ ស.ស.យ.ក ដោយមិនចាំបាច់មាន ការណែនាំអ្វីនោះទេ ព្រោះសកម្មភាពទាំងអស់នោះត្រូវ លះបង់ដើម្បីតែពល រដ្ឋទាំងអស់ ខណៈដែលកាលពី៦ឆ្នាំមុន ប្រជាពលរដ្ឋមិនបាន ស្គាល់ទាល់តែសោះ នូវពាក្យថា «សហភាពសហព័ន្ធយុវជនកម្ពុជា ឬ ស.ស.យ.ក»។

ក្នុងមហាសន្និបាតនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា ជារួមសមិទ្ធផលធំជាងគេចំពោះខ្ញុំ ដែលជាមោទនភាពនោះ គឺការទទួលស្គាល់ហើយ ការស្វាគមន៍ពីប្រជាពលរដ្ឋ»។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី គ៏បានគូសបញ្ជាក់អំពីសមិទ្ធផលមួយចំនួនផងដែរ ដែលទទួលស្គាល់ជាអន្ដរជាតិ ពោលគឺការបំបែក កំណត់ត្រាពិភពលោក រួមមាន អន្សមយក្ស, រាំម៉ាកឌីហ្សូន, ក្រម៉ាវែងជាងគេលើពិភពលោក និងទូក «ង» វែងជាងគេលើពិភពលោក។

ដោយឡែកសម្រាប់ថ្នាក់ជាតិ រួមមាន មួកយក្ស, ពងមាន់យក្ស, អង្រុកយក្ស, ចាប៉ីដងវែងធំជាងគេ និងសមិទ្ធផល ជាច្រើនផ្សេងៗទៀត។

ប្រធាន ស.ស.យ.ករូបនេះ ក៏បានសង្កត់ធ្ងន់ថា ចំពោះយន្ដការដែលស.ស.យ.ក ត្រូវអនុវត្តបន្ដទៀត នៅពេលខាងមុខនោះ គឺការបន្ដសកម្មភាពសង្គម ដែលបានអនុវត្តនាពេលកន្លងមក ព្រោះថា ស.ស.យ.ក ជាវេទិកាមួយដែលបង្កើតឲ្យយុវជន យុវនារី ដែលមានឆន្ទះ ក្នុងការធ្វើការងារសង្គម មិនថាកីឡា វប្បធម៌ មនុស្សធម៌ ផ្ដល់ឈាម ឬការពិនិត្យសុខភាព ទៅដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

សូមជម្រាបថា ស.ស.យ.ក មានសមាជិកសកម្មជាង១២ម៉ឺននាក់ ដោយមិនបូកបញ្ចូល សមាជិកជានីតិបុគ្គលឡើយ ក្នុងនោះមាន សមាជិកគណៈកម្មាធិការកណ្តាលសរុប១៤២រូប ដែលទើបនឹងបោះឆ្នោត បន្ថែម៤៣នាក់ ព្រមទាំងសមាជិកគណៈ អចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្តាលសរុប៣៥រូប៕

ដកស្រង់ពី៖ Fresh News