Social Network

សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ប្រជុំដោះស្រាយបញ្ហាណែនចង្អៀតនៅក្នុងពន្ធនាគារ

(ភ្នំពេញ)៖ តាមរយៈចំណារមួយ នាថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឯកភាពតាមសំណើ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំកិច្ចប្រជុំដោះស្រាយចំ ពោះបញ្ហាតឹងណែងចង្អៀត នៅក្នុងពន្ធនាគារ បន្ទាប់ពីចំនួនទណ្ឌិតនៅទូទាំង ប្រទេសមានកំណើន

កាន់តែច្រើនឡើង។ បើតាមសំណើរបស់ សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅបានឱ្យដឹងថា មកទល់ពេលនេះ ស្ថានភាពពន្ធនាគារ មានភាពចង្អៀតណែនស្ទើរ គ្រប់ពន្ធនាគារទូទាំងប្រទេស ជាក់ស្តែងគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ជនជាប់ឃុំមានចំនួន សរុប៣១០០៨នាក់ ដែលក្នុងនោះជនជាប់ឃុំដែល ស្ថិតនៅក្នុងនីតិវិធីតុលាការ មានរហូតដល់២២.២៩៥នាក់ ស្មើនឹង៧១,៩% ហើយលើសពីនេះ ជនជាប់ឃុំមួយចំនួន ពុំទាន់មានសាលក្រម ឬសាលដីកាស្ថាពរទេ ទោះបីតុលាការបានជំនុំ ជម្រះចប់សព្វគ្រប់ហើយក្តី។

សំណើសម្តេចក្រឡាហោម ស ខេង រាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន ទៀតថា បញ្ហាទាំងនេះ បានធ្វើឱ្យមានការប្រឈម ខ្លាំងក្នុងការគ្រប់គ្រង ការអនុវត្តទោស ក៏ដូចជា ការអនុវត្តនីតិវិធី បន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតឱ្យស្រប តាមច្បាប់កំណត់ផងដែរ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា «ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក៏ដូចជារក្សាបាននូសន្តិសុខ សុវត្ថិភាព សុខុមាលភាពជនជាប់ឃុំ ពិសេសដើម្បីអនុវត្ត ស្របតាមបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ខ្ញុំសូមគោរពស្នើសុំគោលការណ៍ សម្តេចតេជោនាយករដ្ឋមន្រ្តី មេត្តាអនុញ្ញាតឱ្យខ្ញុំដឹកនាំ កិច្ចប្រជុំអន្តរក្រសួងមួយពេល ដេលមានសមាសភាពចូលរួម ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ប្រធានសាលាដំបូងរាជធានី ខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងរាជធានី ខេត្ត សំដៅពិនិត្យ ពិភាក្សា និងស្វែងរកដំណោះ ស្រាយសមស្រប ក្នុងការជំរុញឱ្យសាលាក្តី គ្រប់ជាន់ថ្នាក់ ពន្លឿននីតិវិធីដោះស្រាយ សំណុំរឿងព្រហ្មទណ្ឌឱ្យ ឈានដល់ការជំនុំ ជម្រះឱ្យបានឆាប់រហ័ស»៕

ដកស្រង់ពី៖ Fresh News