Social Network

ប្រជាជនកម្ពុជា ប្រតិកម្មចំពោះ ទំព័រហ្វេសប៊ុក​ CNN សរសេរច្រឡំថា ប្រាសាទអង្គរវត្ត ជារបស់ថៃ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើល និងប្រតិកម្មយ៉ាងខ្លាំង ពីប្រជាពលរដ្ឋកម្ពុជា ដែលនិយមលេង បណ្តាញសង្គម ហ្វេសប៊ុក នៅក្រោយពេល ឃើញទំព័រហ្វេសប៊ុក របស់ព័ត៌មានដ៏ល្បី លើពិភពលោក CNN បានសរសេរពណ៌នាថា ប្រាសាទអង្គរវត្ត របស់ខ្មែរ ជារបស់ប្រទេសថៃ។

ការភ័ន្តច្រឡំ ដែលជាកំហុសឆ្គង នាំដល់ការខឹងសម្បាយ៉ាងខ្លាំង ពីប្រជាពលរដ្ឋខ្មែរ និយមលេងបណ្តាញ សង្គមហ្វេសប៊ុក បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ ៥ និង៣១នាទីល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។ ការភ័ន្តច្រឡំ បានកើតឡើងគ្រា ដែលអ្នកគ្រប់ ទំព័រហ្វេសប៊ុក របស់ CNN ដែលមានអ្នកចុច Like រហូតដល់ ៦.១ លាននាក់ បានចែករំលែកនូវ អត្ថបទមួយ និយាយពីតំបន់ មានទេសភាពត្រកាល នៅលើពិភពលោក ជាមួយការ ចែករំលែកនេះ អ្នកគ្រប់ទំព័រហ្វេសប៊ុក CNN បានសរសេរ អក្សពណ៌នាថា « Thailand’s Angkor Wat is only no. 6– so what’s the world’s top landmark?”» ដោយភ្ជាប់ជាមួយ រូបភាពប្រសាទអង្គរ របស់ខ្មែរមួយសន្លឹក។

ក្រោយពេលបង្ហោះបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋ នៅលើទំព័រហ្វេសប៊ុក សម្តែងការប្រតិកម្ម យ៉ាងខ្លាំង។ លុះប្រមាណជា ៣០នាទីក្រោយមក ទើបអ្នកគ្រប់គ្រង បានចូលទៅកែឡើងវិញ ដោយប្តូរពីពាក្យ « Thailand’s Angkor Wat is only no. 6– so what’s the world’s top landmark?» មកពាក្យ «Cambodia’s Angkor Wat is only no. 6– so what’s the world’s top landmark?» វិញ។

កំហុសឆ្គង ដែលសន្និដ្ឋានថា បណ្តាលមកពីការយល់ច្រឡំ របស់អ្នកគ្រប់គ្រង ទំព័រហ្វេសប៊ុក CNN របស់អាម៉េរិក ធ្វើឲ្យពលរដ្ឋ លើបណ្តាញសង្គមហ្វេស ប្រតិកម្មយ៉ាងខ្លាំង ហើយពួកគេ ក៏បានសំណូមពរឲ្យ អ្នកគ្រប់ទំព័រហ្វេសប៊ុក មួយនេះ មានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់មុន នឹងបង្ហោះអ្វីមួយ ព្រោះនេះជាការប៉ះពាល់ យ៉ាងធ្ងន់ធ្ងរអធិបតេយ្យ ជាតិខ្មែរ ខណៈដែលប្រាសាទអង្គរវត្ត សម្បតិបេតិកភណ្ឌ ពិភពលោក ត្រូវបានមនុស្ស ទូទាំងពិភពលោក ដឹងយ៉ាងច្បាស់ថា ជារបស់ខ្មែរនោះ មិនគួរណា អ្នកគ្រប់ទំព័រហ្វេសប៊ុក ព័ត៌មានដ៏ល្បីមួយនេះ បែរជាមិនដឹងថា ប្រាសាទអង្គរវត្ត ជាកម្មសិទ្ធិរបស់កម្ពុជាទៅវិញ៕

ប្រភព៖ ដើមអម្ពិល

តំណរភ្ជាប់៖ http://www.dap-news.com/2011-06-14-02-39-55/88817--cnn-.html