Social Network

អភិបាលខេត្ត ជម្រុញឲ្យក្រុមហ៊ុនវិនិយោគ និងអាជីវកម្មទេសចរណ៍ នៅតាមតំបន់ឆ្នេរកោះរ៉ុងសន្លឹម ត្រូវរៀបចំអាងចម្រោះទឹកកខ្វក់ត្រឹមត្រូវ ចៀសវាងការបង្ហូរចូលសមុទ្រ នាំឲ្យប៉ះពាល់បរិស្ថាន និងសម្រស់ឆ្នេរខ្សាច់

(ព្រះសីហនុ)៖ បញ្ហាទឹកកខ្វក់នេះដែលបាននិងកំពុងជាក្តីបារម្ភធំមួយ គ្រាដែលសន្ទុះនៃការអភិវឌ្ឍមានការកើតឡើងខ្លាំង នៅក្រុងព្រះសីហនុ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។

ដើម្បីដោះស្រាយបញ្ហានេះ លោក យន្ត មីន បានណែនាំឲ្យម្ចាស់ទីតាំងអាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ បឹងហ្គាឡូ រីស្សត និងភោជនីយដ្ឋាននៅតាមឆ្នេរកោះនេះ ឲ្យរួមគ្នាថែររក្សារបរិស្ថានបានល្អ ក្នុងនោះលោកបានជម្រុញឲ្យទីតាំងទាំងនោះ ត្រូវរៀបចំប្រព័ន្ធអាងចម្រោះទឹកកខ្វក់ឲ្យបានត្រឹមត្រូវ ដើម្បីចម្រោះទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ ធ្វើយ៉ាងណានាំគ្នាលើកកម្ពស់ សោភ័ណ្ឌភាពនេះឆ្នេរ នៅតំបន់ឆ្នេរកោះរ៉ុងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកំសាន្តកាន់តែច្រើនថែមទៀត។

ជាក់ស្តែង នៅទី១៤ ខែមករា ឆ្នាំ២០១៩ អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទមួយចំនួន ធ្វើដំណើរទៅពិនិត្យមើលស្ថានភាព នៃការអភិវឌ្ឍនៅដែនកោះរ៉ុង។ គោលបំណងសំខាន់ នៃដំណើរចុះទៅកោះរ៉ុងនេះ ដើម្បីត្រួតពិនិត្យមើលស្ថានភាពជាក់ស្ដែង និងវឌ្ឍនភាពនៃដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុនទាំងឡាយ នៅលើដែនដីកោះរ៉ុងបន្ទាប់ពីបានទទួលសិទ្ធិវិនិយោគ ពីរាជរដ្ឋាភិបាល។ ទន្ទឹមនឹងការចុះត្រួតពិនិត្យមើលស្ថានភាពក្រុមហ៊ុនអភិវឌ្ឍន៍នៅតំបន់ដីកោះរ៉ុងនេះ អភិបាលខេត្តព្រះសីហនុ ក៏បានចុះទៅពិនិត្យមើលតាមទីតាំង អាជីកម្មនៅតាមបណ្ដោយកោះរ៉ុងសន្លឹមនេះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាទឹកកខ្វក់នេះដែរ ដោយមានការគាំទ្រពីថ្នាក់ជាតិផងនោះ ស្ថានីយ៍បូមទឹកកខ្វក់ចំនួន៤ទីតាំង នៅក្រុងព្រះសីហនុ បាននឹងកំពុងស្ថាបនា សំរាប់បូមចូលទៅស្ថានីយ៍ចំរោះធំមួយ មានទំហំជាង១៦ហិចតា ដើម្បីធ្វើការចម្រោះជាតិពុលសិនមុនឹងបង្ហូរចូលទៅសមុទ្រ។

ជាមួយគ្នានេះដែរ ទីតាំងសណ្ឋាគារ ផ្ទះសំណាក់ រីស្សត បាំងហ្កាឡូ ភោជនីយដ្ឋានទាំងអស់នៅក្រុងព្រះសីហនុ រដ្ឋបាលខេត្ត បាននឹងកំពុងជម្រុញឲ្យធ្វើអាងប្រព្រឹត្តិកម្មជាចាំបាច់ដែរ ដើម្បីជៀសវាងការបំពុលបរិស្ថាននាំឲ្យប៉ះពាល់ដល់ឆ្នេរខ្សាច់និងទឹកសមុទ្រ។

លោក យន្ត មីន បានគូសបញ្ជាក់ថា «អនាគតដ៏ខ្លីបញ្ហាគ្រប់គ្រងទឹកសំអុយ នឹងត្រូវដោះបាន។ ជាដំណោះស្រាយចំពោះមុខ បច្ចុប្បន្ននេះអាជីវកម្មដ្ឋាននៅតំបន់ដីគោកនេះ កំពុងរៀបចំធ្វើអាងចម្រោះទឹកកខ្វក់ បានមួយចំនួនហើយ។ ដោយឡែក ទីតាំងមួយចំនួនទៀត ដែលមិនទាន់រៀបចំធ្វើអាងចម្រោះទឹកកខ្វក់ រដ្ឋបាលខេត្តកំពុងតែជំរុញឲ្យពួកគាត់ ធ្វើអាងនេះផងដែរ»

ដកស្រង់ពី៖ Fresh News