Social Network

ក្រសួងសុខាភិបាល ផ្តល់ថ្នាំពេទ្យ ៣តោន សម្រាប់ជួយព្យាបាល ជំងឺពលករ នៅប៉ោយប៉ែត

បន្ទាយមានជ័យ៖ ពលករចំណាក ទទួលបានការ ឧបត្ថម្ភចំណីអាហារ និងថ្នាំសង្កូវ នាពេលកន្លងមក ក្រសួងសុខាភិបាល ផ្តល់ថ្នាំពេទ្យចំនួន៣តោន សម្រាប់ផ្តល់សេវា ពិនិត្យសុខភាព និងព្យាបាលជំងឺ ដល់ពលករខ្មែរ ដែលត្រូវបានអាជ្ញាធរ ថៃចាប់បញ្ជូន មកកម្ពុជាវិញ នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា រាយការណ៍ នៅថ្ងៃសុក្រនេះថា ថ្នាំពេទ្យចំនួន ៣តោននេះ ដែលត្រូវបាន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នាំយកទៅកាន់ ច្រកអន្តរជាតិ ប៉ោយប៉ែត នៅព្រឹកនេះ ជាអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដល់មន្ត្រី ទទួលបន្ទុកថែទាំ និងផ្តល់សេវា សុខភាពដែល ប្រចាំការនៅទីនោះ សម្រាប់ជួយព្យាបាល ជំងឺដល់ពលករខ្មែរ។

ប្រភពដដែលបានបន្តថា ក្នុងដំណើរចុះសួរសុខទុក្ខ និងនាំយកថ្នាំពេទ្យ ទៅជូនពលករខ្មែរនៅ ច្រកព្រំដែន ប៉ោយប៉ែតនោះដែរ ឯកឧត្តម ម៉ម ប៊ុនហេង បានអំពាវនាវ ឲ្យពលករទាំងអស់ ជាពិសេសស្ត្រី មានផ្ទៃពោះ និងកុមារ ត្រូវត្រួតពិនិត្យសុខភាព របស់ខ្លួន ដើម្បីចៀសវាង ការកើតជំងឺផ្សេងៗ ដែលអាចឆ្លង ពីប្រទេសថៃ ឬពីតំបន់ព្រំដែន ខណៈពេលដែល ត្រឡប់មកដល់កម្ពុជាវិញ ឬបន្ទាប់ពីបានធ្វើ ដំណើរទៅដល់ស្រុក កំណើតហើយនោះ។

បើតាមអាជ្ញាធរ ខេត្តបន្ទាយមានជ័យ រហូតមកដល់ពេលនេះ ពលករខ្មែរប្រមាណ ជា២០ម៉ឺននាក់ហើយ ដែលត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ៕