Social Network

ប្រកាសឲ្យចូលកាន់តំណែង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ, លោក ម៉ប់ ធីរិត ជំនួសលោក សេង សារី ដែលត្រូវចូលនិវត្តន៍ក្រោយកាន់តំណែងនេះជិត២៥ឆ្នាំ

(ព្រះវិហារ)៖ ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តព្រះវិហារ ត្រូវបានផ្លាស់ប្តូរតំណែង ហើយនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ ក្រោយកាន់កាប់តំណែងជិត២៥ឆ្នាំ ដោយលោក ម៉ប់ ធីរិត ត្រូវបានតែងតាំង ជាប្រធានមន្ទីរថ្មី ជំនួសលោក សេង សារី ដែលត្រូវចូលនិវត្តន៍។

ពិធីនេះស្ថិតក្រោមអធិបតី ភាពលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធតាមមន្ទីរ អង្គភាពជុំវិញខេត្ត និងលោកអភិបាលក្រុង ស្រុកទាំង៨មេឃុំចៅសង្កាត់ផងដែរ។

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានសំដែងនូវក្តី មោទនភាពចំពោះខេត្តព្រះវិហារ ដែលត្រឹមមួយរយៈពេលខ្លី បានប្រែមុខមាត់ថ្មី មានការអភិវឌ្ឍន៍ ស្ទើរគ្រប់វិស័យ ចាប់តាំងពីទីប្រជុំ ជនរហូតដល់ជនបទ ដាច់ស្រយ៉ាល។

លោករដ្ឋមន្ត្រី បានបន្តទៀតថា «និយាយរួមគ្រប់ខេត្ត ក្រុងទាំងអស់នៅ ក្នុងប្រទេសរបស់យើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា មានការអភិវឌ្ឍន៍រីកចំរើនដូចៗគ្នា»។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្រ្តី ក៏បានណែនាំឲ្យប្រធាន មន្ទីរដែលទើបតែងតាំងថ្មី ត្រូវខិតខំបំពេញការងារឲ្យបានស្របតាមតាមណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល របស់ក្រសួងអភិវឌ្ឍន៍ជនបទ របស់អាជ្ញាធរខេត្តព្រះវិហារ ធ្វើយ៉ាងណាឲ្យវិស័យ អភិវឌ្ឍន៍ជនបទ ក្លាយជាវិស័យមួយ ដែលមានសារសំខាន់ ដើម្បីបំរើផលប្រយោជន៍ ប្រជាពលរដ្ឋពិតប្រាកដ។

ដោយឡែកលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងនូវការអរគុណ ចំពោះលោកបណ្ឌិតអ៊ុក រ៉ាប៊ុន ដែលបានប្រកាសផ្តល់ផ្លូវកៅស៊ូប្រវែង១០០គីឡូម៉ែត្រនៅក្នុងខេត្តព្រះវិហារ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ។

លោកអភិបាលខេត្ត បានចាត់ទុកថា នេះជាដំណឹងរីករាយ មួយសម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារទាំងមូល។

លោកអភិបាលខេត្តបាបន្តថា «ខេត្តព្រះវិហារបច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍ រីកចំរើនគ្រប់វិស័យ មិនចាញ់ខេត្តក្រុងដ៍ទៃឡើយ ដែលការរីកចំរើននេះ គឺក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន»។

លោកក៏បានថ្លែងនូវការអរគុណ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តព្រះវិហារ ដែលបានរួមសហការគ្នា ខិតខំបំពេញការងារ ភារកិច្ចយ៉ាងល្អធ្វើយ៉ាង ណាឲ្យខេត្តព្រះវិហារ កាន់តែមានការអភិវឌ្ឍន៍ រីកចំរើនថែមទៀត។

សូមបញ្ជាក់ថា លោក ម៉ប់ ធីរិត ដែលប្រកាសចូលកាន់ តំណែងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មី ខេត្តព្រះវិហារនៅថ្ងៃនេះ ជាអតីតអនុប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។

ចំពោះលោក សេង សារី ប្រធានមន្ទីរចាស់ដែលត្រូវចូលនិវត្តន៍ គឺគាត់បានកាន់កាប់តំណែង នេះជិត២៥ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។

ប៉ុន្តែទោះជាយ៉ាងណា លោកសេង សារី នៅតែមានភព្វវាសនាត្រូវ បានលោកបណ្ឌិត អ៊ុក រ៉ាប៊ុន តែងតាំងជាទីប្រឹក្សាឲ្យនៅមើលការខុសត្រូវនៅ ខេត្តព្រះវិហារនេះដដែល៕

ដកស្រង់ពី៖ Fresh News