Social Network

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៨​

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៨ និងទិសដៅបន្ដការងារឆ្នាំ២០១៩។

ក្រៅពីការបូកសរុបលទ្ធផលការងារនេះ សម្ដេចក្រឡាហោម ស ខេង ក៏នឹងអញ្ជើញប្រគល់ប័ណ្ណ សរសើររបស់ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់អង្គភាព និងបុគ្គលមានស្នាដៃ ក្នុងការបំពេញ ភារកិច្ចឆ្នាំ២០១៨។

ក្នុងនោះអង្គភាពព័ត៌មាន Fresh News ក៏ទទួលបាននូវប័ណ្ណសរសើរនេះផងដែរ ដែលបានជួយផ្សព្វផ្សាយអំពីបញ្ហាសុវត្ថិភាពចរាចរណ៍។

សូមជម្រាបថា មនុស្ស១,៧៦១នាក់បានស្លាប់ និង៤,៧៧០នាក់ ផ្សេងទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ឆ្នាំ២០១៨។

នេះបើយោងតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។ របាយការណ៍បញ្ជាក់ថា នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង៣,២៦៧ករណី ធ្លាក់ចុះ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧។

ចំណែកចំនួនអ្នកស្លាប់ បានធ្លាក់ចុះ១ភាគរយ ខណៈចំនួនអ្នករងរបួស បានធ្លាក់ចុះ១៤ភាគរយ។

តាមរយៈតួលេខនេះមធ្យមក្នុង១ថ្ងៃ មនុស្សប្រហែល៥នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍៕

ដកស្រង់ពី៖Fresh News