Social Network

រដ្ឋសភាជាតិ គ្រោងកោះហៅ​ រដ្ឋមន្ត្រី ចំនួន៣រូប ចូលបំភ្លឺ ផ្ទាល់មាត់

ភ្នំពេញ៖ ក្រុមតំណាងរាស្ត្រ របស់ គណបក្សប្រជាជនកម្ពុជា គ្រោង នឹងដាក់លិខិត ទៅប្រធានរដ្ឋសភា នៅសប្តាហ៍ខាងមុខនេះ ដើម្បីស្នើសុំឲ្យ រដ្ឋមន្ត្រី ក្រសួងចំនួន៣ គឺ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីឲ្យឆ្លើយបំភ្លឺ ផ្ទាល់មាត់ ទាក់ទងច្បាប់ព្រៃឈើ ជលផល និងច្បាប់ធនធានទឹក។

ឯកឧត្តម បណ្ឌិតរដ្ឋ ជាម យៀប សមាជិក គណៈកម្មាធិការ អចិន្ត្រៃយ៍ នៃរដ្ឋសភា និងជាប្រធានក្រុម សមាជិករដ្ឋសភា នៃគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ ឲ្យដឹងថា នេះជាផែនការ របស់តំណាងរាស្ត្រ នឹងអញ្ជើញ រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋមន្ត្រីក្រសួងបរិសា្ថន ដោយមានផែនការ និងគោលការណ៍ រួចរាល់អស់ហើយ ហើយចាំមើល នៅក្នុងសប្តាហ៍នេះ នឹងរៀបចំស្នើសុំ ទៅសម្តេចប្រធានរដ្ឋសភា។

ឯកឧត្តម បានបន្តថា ការគ្រោងកោះអញ្ជើញ រដ្ឋមន្ត្រីទាំង ៣ រូបខាងលើ គឺដើម្បីសួរថា តើច្បាប់រដ្ឋសភា គ្រប់អាណត្តិ ដែលបានអនុម័តជូន បានអនុវត្តដល់ណាហើយ ឧទាហរណ៍ដូចជា ច្បាប់ព្រៃឈើ ច្បាប់ជលផល ច្បាប់ធនាធានទឹក ធ្វើបានអ្វីខ្លះ គឺយើងចង់ដឹង ដូចអ្វីដែលបានសួរលោក ស៊ុយ សែម កន្លងមកអីចឹង។ ហើយអ្វីដែលជាបញ្ហាក្តៅគគុក យើងនឹងសាកសួររដ្ឋមន្ត្រី ទៅតាមសមត្ថកិច្ច ទទួលខុសសត្រូវរបស់ខ្លួន ដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ និងចែងនៅតាមបញ្ជាផ្ទៃក្នុង នៅក្នុងរដ្ឋសភា។

ឯកឧត្តម បានបញ្ជាក់ថា “នៅសប្តាហ៍នេះ យើងនឹងស្នើទៅសម្តេច ប្រធានរដ្ឋសភា ហើយការសម្រេច យ៉ាងណានោះ យើង នឹងស្នើលិខិតទៅ សម្តេចតេជោ ហ៊ុន សែន ធ្វើយ៉ាង ណាឲ្យរដ្ឋមន្ត្រី អញ្ជើញទៅសួរផ្ទាល់មាត់ ប៉ុន្តែយើង ចង់បានផ្ទាល់មាត់ ដើម្បីជូនដល់ប្រជាពលរដ្ឋ បានស្តាប់ផង នូវសំនួរទាំងឡាយ របស់តំណាងរាស្ត្រដែលសួរ”។ លោកជាម យៀប បានលើកឡើងថា រដ្ឋសភា បច្ចុប្បន្ននេះ មានពីរគណបក្ស នយោបាយ ទោះបីជា គណបក្សសង្គ្រោះជាតិ ដែលមាន ៥៥ កៅអី មិនព្រមចូលសភា យ៉ាងណាក៏ដោយ យើងមានតួនាទីគ្រប់គ្រាន់ ដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ ទាំងបទបញ្ជាផ្ទៃក្នុង ដែលមានការអនុម័ត រហូតទៅដល់ ២ ភាគ ៣ ប៉ុន្តែវាជាបទបញ្ជា ផ្ទៃក្នុង។

ដើម្បីអញ្ជើញរដ្ឋមន្ត្រី ឬក៏ឥស្សរជនផ្សេងៗ មកសាកសួរអំពីថា តើច្បាប់ដែលចេញទៅហើយ ដែលមានការពាក់ព័ន្ធ នៅក្នុងការទទួលខុសត្រូវ របស់ខ្លួននោះ គឺបានអនុវត្តបានដល់ណា ដូចជា ការគ្រប់គ្រងព្រៃឈើ។ ហើយវិស័យកសិកម្ម ដែលសម្តេចតេជោ បានលើកឡើងថា ក្នុងឆ្នាំ២០១៥ ត្រូវរៀបចំធ្វើយ៉ាងណា ដើម្បីឲ្យមាន អង្ករខ្នាតអន្តរជាតិ នាំចេញទៅក្រៅប្រទេស ១ លានតោនបានទេ។ ឯកឧត្តម បានអះអាងថា មិនមែនចាំបាច់តែ គណបក្សសង្គ្រោះជាតិ ចូលសភា ចាំសួរទេ សូម្បី គណបក្សប្រជាជនកម្ពុជា ក៏ចាំបាច់យល់ដឹង ដើម្បីឲ្យរដ្ឋមន្ត្រីបំភ្លឺ អំពីសមត្ថកិច្ចរបស់ខ្លួន ជូនទៅដល់សាធារណៈជន ម្ចាស់ឆ្នោតបានជ្រាបផងដែរ៕

 

ដកស្រង់ចេញពីគេហទំព័រ CEN