Social Network

សម្ដេច ស ខេង៖ ​ចាប់ពីឆ្នាំ២០២០-២០២៣ ក្រសួងមហាផ្ទៃ នឹងបង្កើនថវិកាសម្រាប់អភិវឌ្ឍន៍ឃុំសង្កាត់​ពីជាង៧ម៉ឺនដុល្លារ ដល់ជាង១១ម៉ឺនដុល្លារ ខណៈបច្ចុប្បន្នមាន​៣​៥,០០០ដុល្លារ​

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានលើកឡើងថា នៅឆ្នាំ២០២០ ក្រសួងមហាផ្ទៃ នឹងបង្កើនថវិកាសម្រាប់ការអភិវឌ្ឍឃុំសង្កាត់ ដល់៧៣,០០០ដុល្លារអាមេរិក (ដោយមិនគិតថវិការដ្ឋ) នៅឆ្នាំ២០២០ ខណៈបច្ចុប្បន្នមានត្រឹម ៣៥,០០០ដុល្លារ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្ដ របស់ក្រសួងមហាផ្ទៃនៅព្រឹកមិញនេះ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ការបង្កើនចំនួនថវិកានេះ បន្ទាប់ពីមានការជជែកពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការឯកភាព ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីបង្ហាញឆន្ទៈនយោបាយរបស់រដ្ឋាភិបាល។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ២០២០ ឃុំសង្កាត់អាចនឹងមានថវិកាអភិវឌ្ឍន៍ មិនគិតថវិការដ្ឋបាលនោះទេ មានចំនួន៧៣,០០០ដុល្លារ នៅឆ្នាំ២០២០ ដែលបច្ចុប្បន្នមាន ៣៥,០០០ដុល្លារកើនជាង១០០ភាគរយ។

នៅឆ្នាំ២០២១ នឹងកើនដល់៨៥,០០០ដុល្លារ, ឆ្នាំ២០២២ នឹងកើនដល់១០០,០០០ដុល្លារ ឆ្នាំ២០២៣ នឹងកើនដល់ជាង១១០,០០០ដុល្លារ»។

បើតាមសម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ ការបង្កើនថវិកាទាំងអស់នេះ គឺឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយរបស់រដ្ឋាភិបាលដែលផ្ដល់លទ្ធភាព ទៅឲ្យរដ្ឋបាលថ្នាក់ឃុំសង្កាត់ ដែលជាអ្នកនៅជិតស្និតពលរដ្ឋមានថវិកាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន តាមសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

សូមជម្រាបថា នៅឆ្នាំ២០១៨ ថវិកាមូលនិធិឃុំ សង្កាត់ ដែលបានផ្ទេរពីថ្នាក់ជាតិមានចំនួន៤៣៤ពាន់លានរៀល។

មូលនិធិនេះ ត្រូវបានបែងចែកជាពីរសមាសភាព គឺសមាសភាពរដ្ឋបាល ចំនួន២៦៤,៦៤៩លានរៀល និងសមាសភាពអភិវឌ្ឍមូលដ្ឋាន ចំនួន១៦៩,៣៩២លានរៀល។

ក្នុងសមាសភាពអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់ បានរៀបចំសំណើគម្រោងឆ្នាំ២០១៨ ចំនួន១,៧៨២គម្រោង ក្នុងនោះ គម្រោងបានដាក់ឲ្យដេញថ្លៃរួច ចំនួន១.៣០៨គម្រោង (បានចុះកិច្ចសន្យាសាងសង់ ១,១៣៣គម្រោង) បញ្ចប់ការសិក្សា២៧០គម្រោង កំពុងសិក្សា១៨៥គម្រោង និងមិនទាន់សិក្សា ចំនួន១៩គម្រោង។

ដោយឡែក សម្រាប់ការអនុវត្តកិច្ចសន្យាសាងសង់គម្រោងមូលនិធិឃុំ សង្កាត់ឆ្នាំ២០១៧ ចំនួន១,៧១៥គម្រោង មកទល់ពេលនេះ គម្រោងបានបញ្ចប់ការសាងសង់ជាស្ថាពរ ចំនួន១,៦៣២គម្រោង កំពុងដំណើរការសាងសង់៦៦គម្រោង មិនទាន់អនុវត្ត១២គម្រោង និងអ្នកទទួលការបោះបង់ចោលចំនួន០៥គម្រោង៕

ដកស្រង់ពី៖ FRESH NEWS