Social Network

ស្ថានទូតជប៉ុន នឹងរៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០១៩ ក្រោមប្រធានបទ «Experience Together» រយៈពេល៤ថ្ងៃ

(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា រួមសហការជាមួយ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន នឹងរៀបចំនូវមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា លើកទី៨ ក្រោមប្រធានបទ «Experience Together»។

កម្មវិធីនេះនឹងប្រព្រឹត្តិទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ CJCC។ មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌បុរាណ និងទំនើបរបស់ជប៉ុន និងកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

កម្មវិធីសំខាន់នៅក្នុងមហោស្រពនេះមានដូចខាងក្រោម៖

* ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៨៖៣០នាទី ដល់ម៉ោង២០៖០០នាទី កម្មវិធីបើកមហោស្រព ការសម្តែងរបាំប្រពៃណីខ្មែរ ការសម្តែងបែបប្រពៃណី និងទំនើបដោយក្រុម MINYO GIRLS និងក្រុម Area Rock Styler និងល្ខោនខោលវត្តស្វាយអណ្តែត។

* ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៤៖០០ ដល់ម៉ោង១៥៖០០ សិក្ខាសាលាតន្រ្តីបុរាណជប៉ុន JSR ម៉ោង១៨:០០ ដល់ម៉ោង១៩:០០ ការសម្តែងដោយក្រុម MINYO GIRLS។

* ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៤៖០០នាទី ដល់ម៉ោង១៥៖៣០នាទី ការប្រគំតន្រ្តីក្លាស៊ិកដោយ Worldship Orchestra និងក្រុមតន្រ្តីយុវជនអង្គរ វេលាម៉ោង១៨៖០០នាទី ដល់ម៉ោង១៩៖០០នាទី សិក្ខាសាលារបាំដោយក្រុម Area Rock Styler។

* ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៩៖៣០ ដល់ម៉ោង១១៖៣០ សាកល្បងជាមួយកីឡាយុទ្ធសិល្ប៍ជប៉ុន និងកម្ពុជា (កីឡាការ៉ាតេដូ អៃគីដូ ខេនដូ និងក្បាច់គុនល្បុកត្តោ) វេលាម៉ោង១៥៖០០នាទី ដល់ម៉ោង១៦៖០០នាទី តោះយើង Cosplay Kizuna ម៉ោង១៧៖០០នាទី ដល់ម៉ោង២០៖០០នាទី ការបង្ហាញឈុតពិសេសរបស់ល្ខោនបាសាក់ ល្ខោនខោលវត្តស្វាយអណ្តែត និងល្ខោនបាសាក់រឿងព្រះស៊ីសុវណ្ណ ប្រធានបទក្នុងឆ្នាំនេះគឺ «Experience Together» នឹងនាំយកនូវបទពិសោធន៍ ឬសកម្មភាពជាច្រើនទៀត សម្រាប់អ្នកចូលរួម។

សម្រាប់កម្មវិធីដូចបានរៀបរាប់ខាងលើ ក៏អ្នកចូលរួមអាចសាកល្បងធ្វើសកម្មភាពទាំងអស់គ្នាជាមួយនឹងក្រុមសិល្បករ និងអ្នករៀបចំ។

លើសពីនេះ មហោស្រពនេះ ក៏នឹងមានកម្មវិធីជាច្រើនទៀតដូចជា ការគូរមុខបែបទម្រង់សិល្បៈលោ្ខនបាសាក់ សិក្ខាសាលាស្តីពី ការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក ដោយក្រុមរដ្ឋាភិបាលជប៉ុនលើការថែរក្សាតំបន់អង្គរ សាកល្បងស្លៀក «ក្បិន»ខ្មែរ និងពាក់ «យូកាតា» ជប៉ុន សាកល្បងពិធីលៀងតែជប៉ុន «សាដូ» សិល្បៈបត់ក្រដាស «អូរីហ្គាមី» តុបតែងផ្កា «អ៊ីកេបាណា» ការសរសេរអក្សរផ្ចង់ «ស្យូដូ» ជាដើម។

មានភ្ជាប់ជូនខិតប័ណ្ណដែលមានកម្មវិធីលម្អិត។ សម្រាប់ការចុះឈ្មោះយកព័ត៌មាន និងការសាកសួរព័ត៌មាន សូមទាក់ទងមកកាន់ផ្នែកវប្បធម៌ និងព័ត៌មាននៃស្ថានទូតជប៉ុន ដែលមានទូរស័ព្ទលេខ៖ ០២៣ ២១៧ ១៦១ (លេខភ្ជាប់បន្ត ១១២១) ឬ ផ្ញើអ៊ីម៉ែល This email address is being protected from spambots. You need JavaScript enabled to view it.

សម្រាប់ព័ត៌មានបន្ថែមស្តីពីមហោស្រពនេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ «Japan Cambodia Kizuna»៕

 

ដកស្រង់ពី៖ Fresh News