Social Network

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន៖ នារីស្ទើរតែទាំងអស់នៅក្នុងលោក ទោះជាមានសាសនា និងស្ថានភាពអភិវឌ្ឍន៍ខុសគ្នាក្តី តែទទួលភារកិច្ច ការថែទាំ និងបម្រើគ្រួសារដូចគ្នា

(ភ្នំពេញ)៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ បានលើកឡើងថា តាំងពីសម័យបុរាណមក នារីស្ទើរតែទាំងអស់នៅក្នុងលោក ទោះជាមានសាសនា និងស្ថានភាពអភិវឌ្ឍន៍ខុសគ្នាក្តី តែងតែទទួលភារកិច្ចដ៏ធ្ងន់ធ្ងរ មួយគឺការ ថែទាំ និងបម្រើគ្រួសារដូចគ្នា។

កាលនៅក្មេងនារីត្រូវថែទាំឪពុក ម្តាយ ថែទាំយាយតា ចាស់ជរា បើមានប្អូនត្រូវថែទាំប្អូនៗទៀត។ លោកស្រីបានបន្ដទៀតថា លុះដល់ពេលពេញរូបរាង មានស្វាមី ត្រូវថែទាំស្វាមី ថែទាំផ្ទះសម្បែង ដាំស្ល ធ្វើកិច្ចការផ្ទះគ្រប់មុខ។

បើមានកូនត្រូវថែទាំកូនៗ ដើម្បីឲ្យកូនបានហូប មានសម្លៀកបំពាក់ សមរម្យ មានការរៀនសូត្រ និងមានអនាគតល្អ។ លុះដល់ពេលចាស់នារីយើងភាគច្រើន ត្រូវថែទាំចៅៗទៀត។

លើសពីនេះ នារីក៏មានភារកិច្ចមិនចាញ់បុរស ក្នុងការបំពេញការងារជួយរកចំណូល ជូនគ្រួសារ ជួយផ្គត់ផ្គង់គ្រួសារ ទាំងក្នុងវិស័យរដ្ឋ និងឯកជនផងដែរ។ ការលើកឡើងបែបនេះរបស់លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីក្រសួង ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅទីស្តីការក្រសួង នៅពុធ ១៥រោច ខែមាឃ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ។

ពិធីនេះ មានការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ ចំនួន៦៣៣នាក់ ស្ត្រី២០២នាក់។ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានលើកឡើងទៀតថា ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗ ក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។

សម្រាប់នៅកម្ពុជា មិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត។ លោកស្រីថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផង បានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ចាប់តាំងពីថ្ងៃរំដោះរហូត ដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។

ជាមួយគ្នានោះ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានកោតសរសើរក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រសួង ស្ថាប័ន ពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ អន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រ ការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិឋានៈ តួនាទី សុខុមាលភាពរបស់ស្ត្រី និងកុមារនិងការផ្តល់សេវា ជួយជនរងគ្រោះដោយអំពើហិង្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា ស្រ្តីនៅក្នុងសង្គមកម្ពុជា មានស្រ្តីជាច្រើនរូបបានឋានៈ ជាអ្នកសម្រេចចិត្ត នៅលើវិស័យសាធារណៈ និង នយោបាយ នៅក្នុងនោះ មានចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧ ចំនួនស្រ្តីជាមន្រ្តីរាជការកើនឡើង ជាលំដាប់ពី ៣៤% ទៅ៤១%។

លោកស្រី បន្ដថា រាជរដ្ឋាភិបាល បានតែងតំាងស្រ្តីជាអភិបាលរងខេត្ត នៃគណៈអភិបាលរាជធានីខេត្ត២៦រូប អភិបាលក្រុង ស្រុក ខណ្ឌ ជាស្រ្តី៦រូប ស្រ្តីជាអភិបាលរង នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ១៨៦រូប។ ក្នុងឆ្នាំ២០១៩ ស្រ្តីជាឯកអគ្គរាជទូត មានចំនួន០៤រូប និងមន្រ្តីការទូតជាស្រ្តី ដែលកំពុងប្រចំាការ នៅបរទេសមានចំនួន៤៩រូប។

លោកស្រី បានបញ្ជាក់ថា កម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍសហវត្សរ៍មុនឆ្នាំកំណត់ លើសុខភាពមាតានិងទារក។ អំពើហិង្សានិងការរំលោភនានាលើស្រ្តីក៏បានថយចុះគួរឲ្យកត់សម្គាល់ផងដែរ ។

ក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពជីវភាព សិទ្ធិ ឋានៈ និងតួនាទីរបស់ស្រ្តីកម្ពុជា។

ជោគជ័យដ៏ធំធេងទាំងអស់នេះ បានឆ្លើយតបជាវិជ្ជមានទៅនឹងផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដើម្បី «កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» និងផែនការយុទ្ធសាស្រ្ត នារីរតនៈរបស់ក្រសួងកិច្ចការនារី។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី អ៊ឹង កន្ថាផាវី។

ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្តដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកិច្ចការនារី បន្តនិងជំរុញការអនុវត្តគោលនយោបាយជាតិ ខាងលើនេះ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់ស្ត្រី និងក្មេងស្រី ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមជាថ្នាក់ដឹកនាំនារី លោកស្រី អ៊ឹង កន្ថាផាវី សំណូមពរឲ្យលោក ចាប សុថារិទ្ធ រដ្ឋលេខាធិការ ជួយសម្រួល និងដោះស្រាយថវិកា របស់ក្រសួងជាមុនសិន សម្រាប់ឧបត្ថម្ភដល់ស្រ្តី ជាមន្ត្រីរាជការ ដែលបាន លំហែរ មាតុភាព ចំណែកឯសំណើទូទាត់ថវិកាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺយើងនឹងធ្វើនៅពេលក្រោយ៕

ដកស្រង់ពី៖ Fresh News