Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មីរបស់អគ្គនាយកដ្ឋាន រតនាគារជាតិ, រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ណែនាំមន្រ្តីខិតខំប្រឹងប្រែងបង្កើនសមត្ថភាព និងបំពេញការងារកាន់តែប្រសើរឡើងថែមទៀត

  • Print

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំបូកសរុបការងាររបស់រតនាគារទូទាំងប្រទេស ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ និងពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី របស់អគ្គនាយកដ្ឋានរតនាគារជាតិ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាង នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានរតនាគាររាជធានី ខេត្ត និងមន្ត្រីរាជការក្រោមឱវាទ អគ្គនាយកដ្ឋានរតនាគារជាតិជាច្រើនរូប។

នាឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី កម្ពស់បួនជាន់របស់អគ្គនាយកដ្ឋានរតនាគារជាតិ និងបានបន្តចុះត្រួតពិនិត្យ កន្លែងបម្រើការងារ និងសំណេះសំណាលជាមួយមន្ត្រីរាជការទូទាំងអគារថ្មី។ បន្ទាប់មកលោកអគ្គបណ្ឌិតសភាចារ្យ អញ្ជើញបន្តមក ដឹកនាំកិច្ចប្រជុំបូកសរុបការងាររបស់រតនាគារ ទូទាំងប្រទេស ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ ។

លោកបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងបានធ្វើរបាយការណ៍សង្ខេបជូនអង្គប្រជុំស្តីពីវឌ្ឍនភាពការងារសំខាន់ៗ ប្រចាំឆ្នាំ២០១៨មួយចំនួនដូចជា៖

*ទី១៖ ការបន្តពង្រឹងអភិបាលកិច្ចល្អ

*ទី២៖ ការបើកបៀវត្សតាមតារាងពេលវេលា និងតាមប្រព័ន្ធធនាគារ

*ទី៣៖ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

*ទី៤៖ ការបង្កើនសមត្ថភាពការងារ និងការត្រួតពិនិត្យតាមដានការអនុវត្តចំណាយថវិកា និងសមិទ្ធផលការងារសំខាន់ៗមួយចំនួនទៀត ដែលសម្រេចបាននៅក្នុងឆ្នាំ២០១៨ ព្រមទាំងលើកទិសដៅសម្រាប់អនុវត្តការងារក្នុងឆ្នាំ២០១៩ និងបញ្ហាប្រឈមថ្មីៗត្រូវដោះស្រាយ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះវឌ្ឍនភាពនិងសមិទ្ធផលការងារ ដែលអគ្គនាយកដ្ឋាន រតនាគារជាតិ សម្រេចបានក្នុងឆ្នាំ២០១៨ និងធ្វើការគូសបញ្ជាក់បន្ថែមនូវចំណុចលេចធ្លោរមួយចំនួនដូចខាងក្រោម៖

*ការបន្តពង្រឹងអភិបាលកិច្ច៖ អនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមអភិក្រមការងារ ៤ ប្រការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺ អនុវត្តការងារ ប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌ វិជ្ជាជីវៈ, អនុវត្តការងារជាក្រុម, អនុវត្តការងារ ដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងមិនត្រូវមើលរំលងកំហុសខ្លួនឯង និងស្របតាមបាវចនា២ អភិក្រម៥ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបាវចនា២ គឺ «កែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅលើមូលដ្ឋាន នៃឯករាជ្យនិងអធិបតេយ្យភាពជាតិ» និងអភិក្រម៥ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

*ការបើកផ្តល់បៀវត្សតាមប្រព័ន្ធធនាគារ៖ បន្តរក្សាបានប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការស៊ីវិល យោធិន កងកម្លាំងនគរបាលជាតិ និងការបើកផ្តល់ប្រាក់ របបសន្តិសុខសង្គមជូន ប.ជ.ស និង ប.ជ.អ បានទាន់ពេលវេលានៅក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ ក្នុងឆ្នាំ២០១៨ ជាពិសេសបានត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ដើម្បីអនុវត្តការបើក ផ្តល់ប្រាក់បៀវត្ស២ដង ក្នុង១ខែ ហើយដែលបានអនុវត្តក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដោយរលូនស្របតាមសារាចរ ០៧ សរ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ស្តីពី ការកំណត់នីតិវិធីសម្រាប់ការបើកផ្តល់បៀវត្សរៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ជូនមន្ត្រីរាជការស៊ីវិលនិងមន្ត្រីសាធារណៈផ្សេងទៀត ដែលជាការយកចិត្តទុក ដាក់បន្ថែមទៀតដល់ជីវភាពមន្ត្រីរាជការ។

*ការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៖ គ្រប់គណនីទាំងអស់របស់ក្រសួង ស្ថាប័ន ដែលបានបើកនៅធនាគារពាណិជ្ជ ឬធនាគារជាតិនៃកម្ពុជា គឺសុទ្ធតែបានពិនិត្យ និងអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈរបាយការណ៍ធនាគារ ដែលផ្ញើមកអគ្គនាយកដ្ឋានរតនាគារជាតិប្រចាំខែ, ការបើកផ្តល់ជូនអត្ថគាហកៈ តាមប្រព័ន្ធធនាគារ ត្រូវបានបន្តអនុវត្តទូទាំងប្រទេសបានយ៉ាងរលូន, បានដាក់ឱ្យអនុវត្តការទូទាត់តាមអេឡិចត្រូនិច Electronic Fund Transfer (EFT) ជាមួយប្រព័ន្ធ Online Banking System (OBS) របស់ធនាគារជាតិនៃកម្ពុជា (NBC) ជាផ្លូវការណ៍ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅរតនាគារថ្នាក់កណ្តាល ដែលទទួលបានលទ្ធផលជោគជ័យគួរឱ្យកត់សម្គាល់ (ប្រមាណ៥០% ទូទាត់តាម EFT), បន្តតាមដាន និងជំរុញការអនុវត្តការកត់ត្រាចំណូលមិនមែនសារពើពន្ធរបស់ក្រសួង ស្ថាប័ន នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS)។

*ការបង្កើនសមត្ថភាពការងារ និងការត្រួតពិនិត្យតាមដានការអនុវត្តចំណូល-ចំណាយថវិកា៖ អគ្គនាយកដ្ឋានរតនាគារជាតិ បានពិនិត្យឃើញកំហុសឆ្គង ហើយបានកាត់ទុក ប្រាក់ចេញពីអាណត្តិគួរឱ្យកត់សម្គាល់ ព្រមទាំងបានជំរុញការបង់ពន្ធប្រថាប់ត្រាលើកិច្ចសន្យាផងដែរ។

*ការងារគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)៖ ប្រព័ន្ធ FMIS ដំណើរការដោយរលូន ហើយរតនាគារបាន សម្រប សម្រួលជាមួយលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS ក្នុងការបញ្ចូលថវិកាចំណូល និងថវិកាចំណាយឆ្នាំ២០១៧-២០១៨ របស់រដ្ឋបាលឃុំ-សង្កាត់, បានអភិវឌ្ឍ និងដាក់ឱ្យដំណើរការការទាញយកអត្រាប្តូរប្រាក់ស្វ័យប្រវត្តិពីធនាគារជាតិនៃកម្ពុជា ចូលក្នុងប្រព័ន្ធ FMIS, សម្រេចបានការអភិវឌ្ឍថ្មីលើការធ្វើសន្ធានកម្មប្រព័ន្ធ FMIS ជាមួយប្រព័ន្ធ ASYCUDA ។

*ការងាររៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ មូលដ្ឋានសាច់ប្រាក់ (IPSAS Cash Basis)៖ បានចូលរួមរៀបចំសេចក្តីព្រាងប្រកាស ស្តីពីការដាក់ឱ្យអនុវត្តស្តង់ដាគណនេយ្យសាធារណៈកម្ពុជាមូលដ្ឋានសាច់ប្រាក់ និងបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៦ និងត្រៀមបញ្ចប់របាយការណ៍ឆ្នាំ២០១៧ ស្របតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ មូលដ្ឋានសាច់ប្រាក់។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីក្រោមឱវាទ អគ្គនាយកដ្ឋានរតនាគារជាតិ ខិតខំប្រឹងប្រែងបង្កើនសមត្ថភាព និងបំពេញការងារ ដើម្បីបន្តរក្សាបាននូវប្រសិទ្ធភាពការងារខ្ពស់នេះ និងកាន់តែប្រសើរឡើងថែមទៀត៕










ដកស្រង់ពី៖ Fresh News