Social Network

សាន​ ផានិត ត្រូវ​បាន​​សម្តេច​​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា សួរ​នាំ​នឹក​រឮក​តាមរយៈ​កម្មវិធី «ចម្រៀង​គ្រួសារ​ខ្មែរ»

(ភ្នំពេញ)៖ តារាចម្រៀងប្រុសផ្នែក Original Song លោក សាន ផានិត បានសម្តែងនូវអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង រកនិយាយអ្វីពុំត្រូវ ពេលបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា សួរសុខទុកតាមរយៈកម្មវិធី «ចម្រៀងគ្រួសារខ្មែរ»។

លោក សាន ផានិត ផ្ទាល់បាននិយាយទាំងរំភើបថា ខ្លួនពិតជានឹកស្មានមិនដល់នោះទេ ថាថ្នាក់ដឹកនាំប្រទេស សម្តេចតេជោ ហ៊ុន សែន បានសុខទុក ព្រមទាំងនឹករឮកដល់រូបលោក ព្រោះតាំងពីចូលសិល្បៈមក លោកតែងតែដេកគិតថា តើថ្ងៃណាទើបមានឪកាស ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី សួរសុខទុកបែបនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានសួរសុខទុកទៅ លោក សាន ផានិត តាមរយៈ Comment ក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ថា «សាន ផានិត ទៅសំងំឯណាទើបបាត់មុខយូរម្ល៉េះ?» ជាមួយនឹងការយកចិត្តទុក ពីសំណាក់ថ្នាក់ដឹកនាំប្រទេស សម្តេចតេជោ ហ៊ុន សែន ចំពោះសិល្បករគ្រប់រូប ជាពិសេស លោក សាន ផានិត ផ្ទាល់ បានសម្តែងនូវអារម្មណ៍រំភើបចិត្តជាខ្លាំង។

លោក សាន ផានិត បានថ្លែងប្រាប់តាមរយៈទូរស័ព្ទ ជាមួយក្រុមការងារ Fresh News និង Khmer Talking ដើម្បីបង្ហាញអារម្មណ៍ពិតរបស់ខ្លួន ជាពិសេសដើម្បីឆ្លើយតបបន្ថែម ចំពោះសំនួររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា យ៉ាងដូច្នេះថា «កូនបាត់មុខរយៈពេល ៣ឆ្នាំនេះ គឺដោយសាររបត់ជីវិតកូន មានឡើងចុះមានឡើង ហើយតម្រូវឱ្យកូន ទៅរកស៊ីនៅខេត្តមណ្ឌលគិរី ប៉ុន្តែដោយសារទស្សនិកជននៅតែគាំទ្រ និងមើលឃើញថា វិស័យសិល្បៈមានការរីកចម្រៀង ក៏កូនត្រឡប់មកសិល្បៈវិញ និងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន»។

លោក សាន ផានិត បានសម្តែងនូវការដឹងគុណ ព្រមទាំងគោរពជូនពរ ដល់សម្តេចតេជោ ហ៊ុន សែន នាយករមន្ត្រីនៃកម្ពុជា ព្រមទាំងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន យ៉ាងដូច្នេះថា «កូនសូមជូនពរពុកម៉ែ ឱ្យមានសុខភាពល្អ និងបន្តដឹកនាំប្រទេសឱ្យមានសន្តិភាព ដូចកន្លងមក និងដូចបច្ចុប្បន្ន ដើម្បីជាម្លប់ដល់កូនចៅ»។

គួរជម្រាប់ថា ក្រៅពីការគោរពអគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន លោក សាន ផានិត បានបង្ហើបប្រាប់ដល់ទស្សនិកជនថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ លោកមានចម្រៀង៣បទ ជាចំណងដៃ ទី១ ចង្វាក់ម៉ាឌីហ្សន់ ទី២ ចង្វាក់ទ្វីស និងឆាឆា។

ជាចុងក្រោយ លោក សាន ផានិត បានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ សុខសប្បាយគ្រប់ក្រុមគ្រួសារ និងត្រៀមខ្លួនទទួលឆ្នាំថ្មី រាំលេងសប្បាយជាមួយចង្វាក់ប្រពៃណីខ្មែរ ជាពិសេស លោកគោរពជូនពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ សូមឱ្យសម្តេចទាំងទ្វេរមានសុខភាពល្អ និងបន្តដឹកនាំប្រទេសជានិរត្តន៍ សម្រាប់ឱ្យកូនចៅរស់នៅដោយសន្តិភាព៕

 

 

 

ដកស្រង់ពី៖ FRESH NEWS