Social Network

Oppo Reno 10X នឹង​អាច​ធ្វើ​ការ Zoom បាន​ឆ្ងាយ​ដល់​ទៅ 60X ឯ​ណោះ!

កាលពីចុងខែមេសា ឆ្នាំ 2019 ក្រុមហ៊ុន Oppo ទើបបានប្រកាសចេញ ស្មាតហ្វូនម៉ូឌែល Oppo Reno ជាផ្លូវការ នៅក្នុងទីក្រុង Zürich ប្រទេសស្វីស ដែលដំណើរការដោយ បន្ទះឈីប Snapdragon 710

ជាមួយនឹងរ៉េមទំហំ 6GB/8GB + ទំហំផ្ទុកចំនួន 128GB ហើយនិងសេនស័រកាមេរ៉ា កម្រិតខ្ពស់ផងដែរ។ រហូមកដល់ពេលនេះ ជម្រើសថ្មី ផ្សេងមួយទៀត ក៏កំពុងតែត្រៀមចេញលក់ ទៅលើទីផ្សារនានា ដែលជាស្មាតហ្វូនម៉ូឌែល Oppo Reno 10X ហើយក្រុមហ៊ុន Oppo មានគម្រោងប្រកាសចេញលក់ នៅថ្ងែទី 10 ខែឧសភា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។ 

លើសពីនេះទៅទៀតនោះ ប្រសិនបើយោងទៅតាម អត្ថបទថ្មីមួយ ដែលត្រូវបាន បង្ហោះនៅលើកម្មវិធី បណ្ដាញសង្គមចិន Weibo ដោយលោក Brain Shen ដែលជាអនុប្រធាន ផ្នែកទីផ្សារក្នុងប្រទេសចិន ផ្ទាល់តែម្ដង គឺគាត់បានបញ្ជាក់ប្រាប់ថា ស្មាតហ្វូនម៉ូឌែល Oppo Reno 10X នឹងអាចតម្លើង ឲ្យធ្វើការ Zoom បានទៅដល់ 60X (Digital Zoom) ឯណោះ នាពេលចេញលក់ ខាងមុខ។ ពិតប្រាកដណាស់ សម្រាប់ការតម្លើងនេះ គឺមានកម្រិតឆ្ងាយពីស្តង់ដារ របស់ស្មាតហ្វូនម៉ូឌែល Oppo Reno ដោយស្ទើរ តែមិនជឿនោះឡើយ ក៏ប៉ុន្ដែនៅពេលដែល ចេញលក់ លើទីផ្សារជាផ្លូវការ នោះវានឹងអាចយកឈ្នះ ស្មាតហ្វូនម៉ូឌែល Huawei P30 Pro ដែលអាចធ្វើការ Zoom បានត្រឹម 50X (Digital Zoom) ទៅទៀត។

សម្រាប់សេនស័រកាមេរ៉ា 3 គ្រាប់ នៅផ្នែកខាងក្រោយ របស់ស្មាតហ្វូនម៉ូឌែល Oppo Reno 10X គឺរួមមានដូចជា សេនស័រទំហំ 48MP ជាកាមេរ៉ាដើម + 12MP ជាលេនកាមេរ៉ាប្រភេទ Telephoto + 8MP សម្រាប់ជំនួយលើ ការថតជាលក្ខណៈ Ultra-Wide Angle ថែមទៀតផង។ ចំណែកឯលេនប្រភេទ Periscope ដែលអាចធ្វើឲ្យ Zoom បានដល់ទៅ 10 ដងនោះ ក៏មានភ្ជាប់មកជាមួយ OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយរំញ័រ សម្រាប់អាចឲ្យរូបភាព នៅរក្សាលក្ខណៈច្បាស់ល្អ ក្នុងពេលធ្វើការ ពង្រីកផងដែរ។

សរុបមក នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Oppo កំពុងតែមានគម្រោង ប្រកាសចេញលក់ ស្មាតហ្វូន Oppo Reno 10X ជាផ្លូវការ នៅថ្ងែទី 10 ខែឧសភា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ដោយថែមទាំងបានសន្យាថា វានឹងអាចធ្វើការ Zoom ដល់ទៅកម្រិត 60X (Digital Zoom) លើសស្មាតហ្វូន ម៉ូឌែល P30 Pro របស់ក្រុមហ៊ុន Huawei ទៅទៀត។ 

ដកស្រង់ចេញពីCamborReport