Social Network

ទីបំផុត iPad មាន OS ផ្ទាល់ខ្លួនហើយ ជាមួយផ្ទៃបង្ហាញថ្មី និងមានលក្ខណៈពិសេសជាច្រើនទៀត

នៅក្នុងព្រឹត្តិការណ៍ WWDC19 កាលពីរំលងអាធ្រាត យប់មិញនេះ Apple បានប្រកាសបង្ហាញចេញមុខមាត់ដំបូង លើប្រព័ន្ធប្រតិបត្តិការណ៍ iOS 13 ជំនាន់ថ្មីរបស់ខ្លួន ជាផ្លូវការហើយ ដោយវាមានមុខងារបន្ថែមថ្មី ជាច្រើន ជួយអោយការប្រើប្រាស់

កាន់តែមានលក្ខណៈប្រសើរ និងទាន់សម័យ មួយកម្រិតទៀត។ លើកនេះ ប្រព័ន្ធប្រតិបត្តិការណ៍ iOS គឺសម្រាប់ប្រើប្រាស់ តែចំពោះ iPhone មួយមុខប៉ុណ្ណោះ ខណៈពេលដែល iPad បានផ្តាច់ខ្លួនចេញ ជាផ្លូវការហើយ។

ជាការពិតណាស់ Apple បានធ្វើអោយអ្នកទស្សនាទះដៃខ្លាំង នៅពេលបង្ហាញថា iPad នឹងមានប្រព័ន្ធដំណើរការផ្ទាល់ខ្លួនមួយ មានឈ្មោះហៅថា iPadOS ជាការបែកចែកពី iOS ដែលខ្លួនធ្លាប់បានជ្រកកោន អស់រយៈជិតមួយទសវត្ស មកនោះ។ សម្រាប់ iPadOS 13 នេះ គឺទទួលបានផ្ទាំងបង្ហាញថ្មី លើអេក្រង់ និងមានផ្ទាំងរបា Widget នៅរួមគ្នា កាន់តែអេមជាងពីមុន ផ្តល់អារម្មណ៍ប្លែក ដល់អ្នកប្រើប្រាស់។ ក្នុងនោះដែរ វាក៏បង្កើនលក្ខណៈពិសេស សម្រាប់កម្មវិធី File ដែលបង្ហាញ ជាជួរឈរ ដូចគ្នាទៅនឹង Finder លើ macOS អញ្ចឹងដែរ និងជាពិសេស យើងក៏អាចពង្រួម លើចំនុចមួយចំនួន ក្នុងកម្មវិធី File បាន។ រាល់ការបើកកម្មវិធី នឹងផ្តល់ភាពប្រសើរមួយកម្រិតទៀត អាចអោយអ្នកប្រើ iPad ធ្វើការអូស Slide កម្មវិធីបានច្រើន កំណត់ការបញ្ជា បានរហ័ស មិនដូចកាលស្នាក់នៅជាមួយ iOS ទេ។ សម្រាប់ iCloud Drive ងាយស្រួលចែករំលែកនូវឯកសារ ក៏ដូចជា SMB File ហើយវានឹង Support ជាមួយ thumbdrives ក្នុងកម្មវិធី File ផងដែរ។ លើសពីនេះ Apple Pencil នឹងមានល្បឿនគណនាលឿនជាងមុន ពី 20ms មកត្រឹម 9ms ប៉ុណ្ណោះ គឺឡូយមែនទែន។ ចំនុចពិសេសចុងក្រោយគេនោះ វាក៏ Support ការប្រើជាមួយ Mouse ដើម្បីបញ្ជាបាន ថែមទៀតផង។

អញ្ចឹង ទាំងនេះជាអ្វីដែល Apple បានព្យាយាមធ្វើយ៉ាងណា ដើម្បីអោយអ្នកប្រើប្រាស់ iPad បានទទួលយកនូវ រសជាតិថ្មី និងបទពិសោធន៍ថ្មី នៅលើ iPadOS 13 ជំនាន់ដំបូង របស់ខ្លួន។ ខ្ញុំអាចនិយាយបានថា វាជាដំណឹងល្អមួយ សម្រាប់អតិថិជន iPad ដែលមាន OS ផ្ទាល់ខ្លួន ជាមួយការគិតគូរយ៉ាងណាពិសេស ពីក្រុមហ៊ុនផ្លែប៉ោមឆែប។ ត្រៀមខ្លួនទៅ មិនយូរទេ អ្នកនឹងបានភ្លក្ស iPadOS 13 ថ្មីនេះ ជាក់ជាមិនខាន។

ដកស្រង់ចេញពីCamborReport