Social Network

បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ដឹក​នាំ​រឿង​ដែល​រង​គ្រោះ ជន​សង្ស័យ​ទំនង​មិន​រួច​ខ្លួន​ឡើយ

ក្រោយហេតុការ នឹកស្មានមិនដល់ ដោយត្រូវក្រុមចោរ វាយប្លន់កាលពីយប់ថ្ងៃទី ១១ ឆ្លងចូលទី ១២ ឧសភា ក្រុមអ្នកថតភាពយន្តរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ហើយបើតាមការអះអាង ជនសង្ស័យទំនងនឹងមិនរួចខ្លួនឡើយ។

លោក ប៊េនលី ម៉ាប់ អ្នកដឹកនាំរឿង និងជាជនរងគ្រោះម្នាក់ក្នុងហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនោះ បានឲ្យដឹងថា ភ្លាមៗក្រោយពីទទួលបានពាក្យបណ្ដឹងពីពួកលោក សមត្ថកិច្ចបានចេញធ្វើការស្រាវជ្រាវ ហើយកំណត់មុខសញ្ញាបានហើយ។ យ៉ាងណាក៏ដោយ លោក បញ្ជាក់ថា សមត្ថកិច្ចកំពុងប្រើជំនាញ ដើម្បីរកឲ្យឃើញជនសង្ស័យពិតប្រាកដ ១០០% មុនធ្វើការឃាត់ខ្លួន។

“និយាយទៅតាមប៉ូលិស គឺគាត់បានកំណត់មុខសញ្ញាបានហើយ នៅឡើយតែការសម្រេចចុងក្រោយ ថាបើច្បាស់លាស់ហើយ គាត់នឹងតាមចាប់ជនសង្ស័យ ដែលមានគ្នា ៦នាក់ហ្នឹងហើយ!"។ កាលពីយប់ថ្ងៃទី ១១ ឆ្លងចូលទី ១២ ឧសភា មានករណីវាយប្រហារគ្នាមួយកើតឡើងនៅតំបន់ជ្រោយចង្វារ ម្ដុំសណ្ឋាគារសុខា។

ភាគម្ខាង គឺជាក្រុមអ្នកថតភាពយន្តរបស់ផលិតកម្ម Gold Film ឯម្ខាងទៀត ត្រូវគេសង្ស័យថាជាក្រុមចោរ។ តាមលោក ប៊េនលី ម៉ាប់ អ្នកដឹកនាំរឿងខាងលើ ប្រាប់ថា នៅយប់នោះ ក្រោយពីសម្រាកពីថត ក្រុមការងាររបស់លោកបានទៅអង្គុយលេងនៅមាត់ទន្លេ។ បន្តិចក្រោយមកក៏មានមនុស្សមួយក្រុម បានចូលទៅកាប់ក្រុមអ្នកថតភាពយន្តតែម្ដង។

លោក ម៉ាប់ ហៅក្រុមនោះថា "ចោរ" ដោយសារពួកគេបានចូលមកវាយប្រហារដោយមិនមានមូលហេតុច្បាស់លាស់។ "នៅយប់ហ្នុង ចោរវាទៅកាប់ប្លន់ក្រុមការងារខ្ញុំទេ ឯខ្ញុំជាអ្នកទៅជួយ ហើយត្រូវពួកវាកាប់ឲ្យរងរបួសក្នុងការប្រទូស្តសារ៉ាយហ្នុងដែរ"។ ក្រោយហេតុការណ៍នឹកស្មានមិនដល់ លោក ម៉ាប់ និងក្រុមការងារ២នាក់ទៀតបានរងរបួសយ៉ាងដំណំនៅលើក្បាល។

ដោយសាររងគ្រោះទាំងមិនដឹងសាច់រឿង អ្នកដឹកនាំរឿងផលិតកម្ម Gold Film ក៏បានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចមូលដ្ឋានជួយរកយុត្តិធម៌។ លោក ម៉ាប់ ថ្លែងថា លោកសង្ឃឹមថា សមត្ថកិច្ចនឹងអាចនាំខ្លួនជនសង្ស័យឲ្យមកទទួលទោសក្នុងពេលឆាប់ៗនេះ។ លោក ប៊េនលី ម៉ាប់ ត្រូវបានគេដឹងថា ជាអ្នកដឹកនាំរឿងល្បីឈ្មោះមួយរូបដែលធ្លាប់ដឹកនាំរឿងល្បីៗជាច្រើន។

ស្នាដៃដឹកនាំគួរកត់សម្គាល់របស់លោកមានរឿង "ល្បុក្កតោចម្លែក" “អមតៈ" រឿង "ឆន្ទា" របស់អ្នកស្រីអម្ពរទេវី ជាដើម។ នៅថ្ងៃកើតហេតុខាងលើ លោក ក៏ទើបបញ្ចប់ការដឹកនាំរឿងរបស់ស្ថានីយទូរទស្សន៍ល្បីមួយក្នុងស្រុកដែរ។ យ៉ាងណា លោកសុំលាក់ចំណងជើង និងស្ថានីយទូរទស្សន៍ ដែលជាម្ចាស់ផលិត ដោយសំអាងថា ជាគោលការណ៍ម្ចាស់លុយ៕

ដកស្រង់ពី៖ Sabay