Social Network

មាន​ពាក្យ​ចចាម​អារ៉ាម​ថ្មី​ថា Apple មាន​គម្រោង​បញ្ចេញ iPad អេក្រង់​បត់ និង​មាន​ប្រព័ន្ធ 5G ស្រាប់​តែ​ម្ដង!

បើយោងតាមលោក Jeff Lin ដែលជាអ្នកវិភាគជំនាញ មកពីក្រុមហ៊ុនផ្ដល់ពត៌មាន HIS Markit គឺបានបង្ហាញឲ្យដឹងថា Apple កំពុងតែធ្វើការសិក្សាលើ iPad ដែលបំពាក់ដោយអេក្រង់បត់ និងមានភ្ជាប់មកនូវ បណ្ដេញប្រព័ន្ធ 5G សម្រាប់ដាក់លក់លើទីផ្សារ យ៉ាងឆាប់បំផុតនៅឆ្នាំ

2020 ខាងមុខនេះ។  កាលពីពេលមុនៗមក យើងទទួលបាន របាយការណ៍ជាច្រើន ដែលលើកឡើងថា Apple មានចំណាប់អារម្មណ៍ សិក្សាទៅលើស្មាតហ្វូន ដែលមានបន្ទះអេក្រង់ អាចបត់ចូលគ្នាបាន ក៏ប៉ុន្ដែលើកនេះ គឺជាលើកទីមួយ ដែលយើងបានឮអំពី iPad អេក្រង់បត់ផងដែរ។

លើសពីនេះទៅទៀត របាយការណ៍លេចធ្លាយ ក៏បាននិយាយប្រាប់ថា iPad ដែលអាចបត់បាននោះ នឹងមានបន្ទះអេក្រង់ទំហំធំ ប្រហាក់ប្រហែលទៅនឹង MacBook ប៉ុន្ដែយើងមិនទាន់ទទួលបាន ពត៌មានលម្អិតច្រើនទៀតនោះទេ។ ចំពោះលក្ខណៈនៃការបត់ ជាប្រភេទស្រដៀងគ្នានឹង Samsung Galaxy Fold ឬក៏ Huawei Mate X គឺមិនទាន់ដឹងនៅឡើយ ប៉ុន្ដែវាក៏អាចជាប្រភេទ អេក្រង់ពីរដាច់ដោយឡែក និងភ្ជាប់ជាមួយគន្លឹះ នៅពាក់កណ្ដាលផងដែរ។ ពត៌មានកាលពីមុនៗមក ក៏បានបង្ហាញឲ្យឃើញថា Apple កំពុងស៊ើបអង្កេតទៅលើ បច្ចេកវិទ្យាប្រព័ន្ធ 5G និងបន្ទះអេក្រង់បត់ ប៉ុន្ដែយើងមិនអាចជឿ ទៅលើការព្យាករណ៍នេះ ទាំងស្រុងបាននោះទេ ដោយការដាក់លក់ក្នុងឆ្នាំ 2020 គឺហាក់បីដូចជា រហ័សពេកហើយ បន្ទាប់ពីទទួលបានថា មានបញ្ហាក្នុងការស្វែងរក ក្រុមហ៊ុនផ្គត់ផ្គង់នៅឡើយទេ។ 

 

ខណៈពេលដែល ស្មាតហ្វូនអេក្រង់បត់ បានដាក់បង្ហាញខ្លួន ជាលើកដំបូងពិតមែន ក៏ប៉ុន្ដែទាំងក្រុមហ៊ុន Samsung និង Huawei មិនទាន់ដាក់លក់នៅឡើយ ដោយបច្ចេកវិទ្យានៅថ្មីៗ មានការលំបាកក្នុងការផលិត និងប្រទះជួបនូវបញ្ហា ថែមទៀតផង។ ចាប់តាំងតែពីដើមមក Apple មានគម្រោងរង់ចាំ រហូតដល់បច្ចេកវិទ្យា ចេញថ្មីៗទាំងអស់នោះ ដំណើរការបានល្អសិន ហើយបានបំពាក់លើ ផលិតផលរបស់ខ្លួន ដោយហាក់បីដូចជា មុខងារសាកថ្មឥតខ្សែ (Wireless Charging) និងអាវក្រោះការពារទឹក (Waterproofing) អញ្ចឹងដែរ។

កាលពីដើមឆ្នាំនេះ យើងក៏ទទួលបាន ពាក្យចចាមអារ៉ាមថា Apple អាចនឹងបំពាក់ប្រព័ន្ធ 5G ទៅលើ iPad មុនបំពាក់លើ iPhone ប៉ុន្ដែទន្ទឹមនឹងនេះដែរ អ្នកវិភាគជំនាញនិយាយថា ផលិតផលរបស់ Apple ដែលមានភ្ជាប់មកជាមួយ បណ្ដាញប្រព័ន្ធ 5G អាចនឹងទាល់តែឆ្នាំ 2021 ឯណោះ បានលេចមុខ លើទីផ្សារនានា។

ដកស្រង់ចេញពីCamborReport