Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​ល្ខោនបាសាក់ ​ខ្លះសម្តែង​មិន​ត្រូវ​ទម្រង់​ដើម

  • Print

រាជធានីភ្នំពេញ៖លោកអុល សំអាង ប្រធានក្រុមល្ខោន បាសាក់អុលសំអាង រាជធានីភ្នំពេញ បានស្នើដល់អ្នកសិល្បៈ ល្ខោនបាសាក់ទាំងអស់ធ្វើយ៉ាងណា

ត្រូវសម្តែងឲ្យត្រូវទម្រង់ដើម ខណៈពេលដែលកន្លងមកមាន វង់ល្ខោនខ្លះបានធ្វើ ខុសច្រើនពីទម្រង់សិល្បៈបុរាណខ្មែរយើងមួយនេះ ។ កាលពីពេល ថ្មីៗកន្លងមកលោកអុល សំអាង បញ្ជាក់ថា តាមការសង្កេតតាមរយៈការមើលតាមប្រព័ន្ធយូធូប និងវង់ល្ខោនបាសាក់មួយចំនួនគឺរៀបចំខុសពីទម្រង់ដើមទាំងសម្លៀកបំពាក់ ចម្រៀង និងបញ្ហាមួយចំនួនទៀត។

ខ្លះការសម្តែងមើលទៅមានភាពរញ៉េរញ៉ៃ កែរឿង ខុសខ្លាំងពេកទៅនឹងទម្រង់សិល្បៈល្ខោនបាសាក់ដែលជាកេរដំណែលដ៏ល្អផូរផង់របស់ដូនតាខ្មែរដែលបានបន្សល់ទុក ។ វង់ល្ខោនទាំងអស់គួរតែរក្សាតម្លៃរបស់ខ្លួន ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ ក៏ដូចជាឲ្យមានតម្លៃទៅលើតួសម្តែង នីមួយៗ ចៀសវាងការជ្រែតម្លៃគ្នា បានតម្លៃថោកចេញសម្តែងច្រើន តែគ្មានគុណភាព ។

ក្រុម នីមួយៗគួរតែយកចិត្តទុកដាក់ និងពង្រឹងក្រុមរបស់ខ្លួនឲ្យបានល្អ ចៀសវាងកែរឿងខុសលក្ខណៈដើម តួត្លុកមានសម្តីអាសអាភាស សម្លៀកបំពាក់មានភាព ដដែលៗមិនមានការទាក់ទាញពីអ្នកទស្សនា។ លោកអុល សំអាង ថា តួសម្តែងគួររក្សានូវទម្រង់ដើមរបស់ល្ខោនបាសាក់ ដោយមិនត្រូវកែរឿងពីបុរាណ មកសម័យខុសក្បួន ជាមួយនឹងការប្រើប្រាស់ពាក្យសម្តីដែលមិនត្រូវចំទៅនឹងទម្រង់ល្ខោនបាសាក់ ដែលនាំឲ្យមហាជនមានការរិះគន់ ។

បើតាមលោកអុល សំអាង «សិល្បៈល្ខោនបាសាក់ប្រសិនបើចង់ឲ្យមានការគាំទ្រ និងរីកចម្រើន គឺយើងត្រូវតែអភិវឌ្ឍក្រុមរបស់ខ្លួនឲ្យបានល្អប្រសើរជាមុនសិន ជាពិសេសការជ្រើសរើសតួដែលមានជំនាញ និងទេពកោសល្យពិតប្រាកដ ។ សិល្បៈល្ខោនបាសាក់កំពុងតែមានភាពធ្លាក់ចុះទៅហើយ ហើយយើងជាអ្នកសម្តែងតាមក្រុម នីមួយៗ បន្ទាបតម្លៃ ដើម្បីប្រជែងយកទីផ្សារ តែសម្តែងគ្មានគុណភាព នោះវារឹតតែធ្វើឲ្យសិល្បៈមួយនេះកាន់តែអស់តម្លៃ ។

ចំពោះបញ្ហាតម្លៃនៃការសម្តែងល្ខោនបាសាក់នេះគឺយើងមិនបានបង្កើនតម្លៃឲ្យខ្ពស់ហួសហេតុពេកទេ ពោលគឺយើងកំណត់តម្លៃមួយដែលអាចទទួលយកបាន ។ ប្រសិនបើយើងទទួលបានកម្រៃពីការជួលបានសមរម្យនោះគឺយើងអាចធ្វើការបែងចែកឲ្យសិល្បករបានរស់ចិញ្ចឹមជីវិតបានសមរម្យ ។

ប៉ុន្តែបើយើងទទួលតម្លៃបានតិចពេកនោះយើងក៏បែងចែកទៅអ្នកសម្តែងបានតិចតួច គឺបើគិតទៅគ្រាន់តែចំណាយការធ្វើដំណើរ ហូបចុកនោះគឺសឹងមិនគ្រប់ផង ដែលកត្តានេះក៏បានជះឥទ្ធិពលអាក្រក់ និងបំបាក់ទឹកចិត្តដល់អ្នកសិល្បៈផងដែរ »។ ក្នុងនាមជាអ្នកដឹកនាំក្រុមល្ខោនបាសាក់មួយរូបលោកអុល សំអាង ទទូចដល់ក្រុមសិល្បៈល្ខោនបាសាក់ ផ្សេងៗនៅទូទាំងប្រទេស សូមរក្សានូវតម្លៃរបស់ខ្លួន និងជាពិសេសពង្រឹងក្រុមរបស់ខ្លួនឲ្យបានល្អ ដើម្បីលើកតម្កើងកិត្តិយស តម្លៃអ្នកសិល្បៈ និងវប្បធម៌ខ្មែរ ដើម្បីថែរក្សានូវសិល្បៈវប្បធម៌ដ៏ល្អផូរផង់មួយនេះទុកឲ្យក្មេងជំនាន់ក្រោយទៀត ៕

ដកស្រង់ពី៖កោះសន្ដិភាព