Social Network

ជិតដល់ថ្ងៃ Nine​ Naphat​ មកជួបហ្វេន Friend Zone ហើយ

ក្នុងពិធីសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៩ កក្កដា ២០១៩ នៅ Major Cineplex ផ្សារទំនើបអ៊ីអនម៉ល សែនសុខម្សិលមិញនេះមានការបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី ២៤ដល់ថ្ងៃទី ២៨ កក្កដា ២០១៩នឹងមានមហោស្រពភាពយន្តថៃលើកទី ៦។

ឯកអគ្គរាជទូតថៃ ប្រចាំស្ថានទូតថៃនៅរាជធានីភ្នំពេញ ឯកឧត្តម Panyarak Poolthup មានប្រសាសន៍ក្នុងសន្និសីទថា “ប្រទេសថៃ និងកម្ពុជាមានវប្បធម៌ប្រហាក់ប្រហែលគ្នា យើងមានសាសនាជំនឿដូចគ្នា យើងមានរបបគ្រប់គ្រងដូចគ្នា រឿងរ៉ាវដែលកើតមានក្នុងប្រទេសថៃ អាចចែករំលែកមកប្រទេសជិតខាងយ៉ាងកម្ពុជាបាន។

ហេតុនេះហើយទើបយើងមានមហោស្រពភាពយន្តម្ដងទៀតយើងជឿថាខ្សែភាពយន្តនឹងជួយឲ្យប្រជាជននៃប្រទេសទាំងពីរកាន់តែស្និទ្ធស្នាលគ្នាបាន។” “យើងចង់ជំរុញផលិតករនិងអ្នកពាក់ព័ន្ធនឹងវិស័យភាពយន្តនេះបានធ្វើការជាមួយគ្នា បង្កើតខ្សែភាពយន្តថ្មីៗជាមួយគ្នា បង្កើនទំនាក់ទំនងអាជីវកម្មជាមួយគ្នាទៅថ្ងៃខាងមុខ។

យើងចង់ឲ្យកម្មវិធីនេះក្លាយជាវេទិកាផ្លាស់ប្ដូរចំណេះដឹង ចែករំលែកបទពិសោធន៍និងបច្ចេកទេសក្នុងចំណោមអ្នកពាក់ព័ន្ធដូចជានាយកផលិតកម្ម ផលិតករ និងតារាសម្ដែងមកពីប្រទេសទាំងពីរ។” នេះបើតាមសម្ដីលោក Jirawuth Suwanana-art អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃប្រចាំកម្ពុជា។

គួរបញ្ជាក់ផងដែរថាមហោស្រពភាពយន្តថៃនៅឆ្នាំនេះមានរយៈពេល ៥ថ្ងៃចាប់ផ្ដើមពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ កក្កដា ឆ្នាំ២០១៩។ មហោស្រពនេះរៀបចំឡើងដោយស្ថានតំណាងពាណិជ្ជកម្មអន្តរជាតិថៃ និងក្រសួងការបរទេសថៃ ព្រមទាំងមានកិច្ចសហប្រតិបត្តិការពីរោងភាពយន្ត Major Cineplex នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ និងLegend Cinema នៅផ្សារទំនើប City Mall។

ក្នុងអំឡុងពេល ៥ថ្ងៃនេះនឹងមានការបើកឲ្យសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ។“Friend Zone” នឹងជាខ្សែភាពយន្តដំបូងសម្រាប់ចាក់បញ្ចាំងនៅថ្ងៃទី ២៤ កក្កដា ២០១៩ នៅ Major Cineplex ផ្សារទំនើបអ៊ីអនម៉ល សែនសុខ។ ព្រឹត្តិការណ៍នេះនឹងមានវត្តមានតារាសម្ដែងថៃ (Nine) Naphat Siangsomboon តួឯករឿង Friend Zone និងតារាល្បីៗ ផ្សេងទៀតមកពីប្រទេសថៃនិងកម្ពុជាមកចូលរួមផងដែរ ចាប់ពីម៉ោង ៥ ល្ងាចតទៅ៕

ដកស្រង់ពី៖ Sabay