Social Network

Honor Band 5 នឹងបង្ហាញខ្លួននៅថ្ងៃ 23 កក្កដា ខាងមុខនេះ ជាមួយការបំពាក់អេក្រង់ពណ៌ធំជាងមុន

យើងឃើញថាសន្ទុះនៃការលក់ Honor Band 4 កាលពីឆ្នាំមុន គឺមានចំនួនច្រើន គួរឲ្យភ្ញាក់ផ្អើល ដោយគ្រាន់តែក្នុងរយៈពេល 8 ថ្ងៃសោះ ការលក់ចេញបានកើនដល់ទៅ 1 លានគ្រឿង ឯណោះ

ដែលទាំងនេះហើយ ដែលធ្វើឲ្យ Honor ទទួលបានភាពជោគជ័យ ថែមមួយកម្រិតទៀត។ យ៉ាងណា ពេលថ្មីៗនេះ បើយោងតាម នាយកប្រតិបត្តិ Honor បានប្រាប់ឲ្យដឹងថា នាឡិកាវៃឆ្លាតថ្មី Honor Band ជំនាន់ទី នឹងមានវត្តមាន ជាផ្លូវការ ព្រមគ្នាជាមូយ ស៊េរី Honor 9X នៅចុងខែ នេះហើយ។


ចំពោះលក្ខណៈសម្បត្តិរបស់ នាឡិកាឆ្លាតវៃ Honor Band 5 នេះ គេមិនទាន់បានបញ្ជាក់ ពីវាឲ្យច្បាស់នោះទេ ប៉ុន្តែយើងឃើញថា ការឌីហ្សាញ របស់នាឡិកាឆ្លាតវៃ ជំនាន់ទី 5 នេះ គឺហាក់បីដូចជា មានរូបរាងដូចគ្នាច្រើន បើប្រៀបធៀបទៅនឹង Honor Band 4 និងនៅរក្សាអេក្រង់ពណ៌ធម្មជាតិ ដដែល។ គួរបញ្ជាក់ថា  វានឹងមកជាមួយជម្រើស 3 ពណ៌ រួមមាន Ochre Black, Midnight Blue និង Coral Pink។

កាន់តែពិសេសនោះ Band 5 អាចបំពាក់មកនូវអេក្រង់ OLED ធំជាងមុន និងភ្ជាប់មកជាមួយ លក្ខណៈថ្មីៗមួយចំនួន សម្រាប់តាមដានសុខភាព ដូចជា ការបង្ហាញអំពីកម្រិត អុកស៊ីសែនក្នុងឈាម និងអាចពិនិត្យដឹងថា អ្នកប្រើប្រាស់កំពុង ស្ថិតក្នុងសភាពអស់កម្លាំង ឬក៏អត់ ផងដែរ។ លើសពីនេះទៅទៀត វាក៏មានមុខងារពិនិត្យឃើញ អាការៈវិលមុខប្រភេទ Hypoxemia ដែលជាជំងឺបណ្ដាលមកពី អុកស៊ីសែនមិនអាច បំពេញតាមតម្រូវការ របស់រាងកាយលោកអ្នក។ 


សរុបមក សល់តែប៉ុន្មានថ្ងៃទៀតទេ នាឡិកាឆ្លាតវៃ Honor Band 5 នឹងបើករបាំងមុខខ្លួន ជាផ្លូវការហើយ គឺនៅថ្ងៃទី 23 ខែកក្កដា ក្នុងព្រឹតិ្តការណ៏មួយ នៅប្រទេសចិន។ យ៉ាងណា ខ្ញុំក៏ជឿថា វានឹងអាចមកដល់ក្នុង ទីផ្សារកម្ពុជាយើង នាពេលខាងមុខនេះ ផងដែរ ហើយបើអ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍ទៅលើវានោះ ត្រៀមលុយទៅ ណាមួយ យើងឃើញថា កំណែអាប់ដេតក្រោយនេះ ពិតជាមានអត្ថប្រយោជន៍ជាច្រើន ដល់សុខភាព ពិតមែន។ 

ដកស្រង់ចេញពីCamborReport