Social Network

ស្មាតហ្វូន​ 5G​ របស់​យី​ហោ​ Redmi​ អាច​មាន​ទម្ងន់​ដល់​ទៅ​ជាង​ 200​ ក្រាម​ឯណោះ​

កាលពីពេលថ្មីៗនេះ មានពត៌មានមួយចំនួន បាននិយាយថា Redmi គ្រោងនឹងបញ្ចេញស្មាតហ្វូន 5G របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ។ មិនខុសទេ ព្រោះថាពេលនេះ ក្រុមហ៊ុនដែលស្ថិតក្នុងស្លាកយីហោ Xiaomi 

ពិតជាកំពុងដុតដៃដុតជើង ទៅលើស្មាតហ្វូនបែបនេះមែន មួយវិញទៀត បុគ្គលមានឥទ្ធិពលម្នាក់របស់ Redmi ក៏បានបង្ហាញដល់សាធារណៈជន អំពីចំនុចសំខាន់មួយចំនួន នៃស្មាតហ្វូន 5G នេះទៀតផង។

ជាក់ស្ដែង បើតាមការបង្ហាញរបស់លោក Lu Weibing ដែលជាប្រធានគ្រប់គ្រងទូទៅនៃយីហោ Redmi បានឲ្យដឹងថា ថាមពលថ្មដែល នឹងត្រូវបំពាក់នៅលើ ស្មាតហ្វូន 5G អាចនឹងមានថាមពលធំជាងមុន ប៉ុន្តែវាក៏អាចធ្វើឲ្យស្មាតហ្វូននោះ មានទម្ងន់ធ្ងន់ដល់ទៅជាង 200 ក្រាម (>200 ក្រាម) ហើយកម្រាស់របស់វាក៏ក្រាស់ណាស់ដែរ ដល់ទៅជាង 9mm ទៀតផង។ គួរបញ្ចាក់ដែរថា ចំពោះស្មាតហ្វូន 5G របស់ Xiaomi ដែលចេញកន្លងទៅ វាមានកម្រាស់ 8.95mm ជាមួយទម្ងន់ 196 ក្រាម ដែលពេលនោះ ថាមពលថ្មរបស់វាមានទំហំ 4000mAh អញ្ចឹង អាចដែរ ដែលស្មាតហ្វូន 5G របស់ Redmi មានទម្ងន់ធ្ងន់ជាង ក៏ដូចជាក្រាស់ជាង ព្រោះវាក៏អាចមានថាមពលថ្មធំជាងផងដែរ។

ដូច្នេះហើយ ទាំងនេះចំណុចមួយចំនួន ទាក់ទងនឹងទូរសព្ទ 5G ដែលមានដាក់ស្លាកយីហោ Redmi តាមរយៈការបង្ហាញដោយផ្ទាល់ពីលោក Lu Weibing  ហើយចំពោះលក្ខណៈផ្សេងៗទៀត នៃស្មាតហ្វូនខាងលើ បុគ្គលម្នាក់នេះ មិនបានបង្ហាញឲ្យបានច្បាស់នោះឡើយ។ អញ្ចឹងហើយ វាប្រហែលមិនយូរទៀតទេ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនឲ្យមនុស្សគ្រប់គ្នាបានឃើញ ជាមិនខាន ហើយដល់ពេលនោះ ខ្ញុំនឹងនៅតែបន្តចែករំលែកវា ដល់ប្រិយមិត្តទាំងអស់គ្នា ឲ្យបានឆាប់រហ័សបំផុត តាមដែលអាចធ្វើបាន។

ដកស្រង់ចេញពីCamboReport