Social Network

1-Appleបាន​ទទួល​ស្គាល់​ហើយ​ថាខ្លួន​មិន​ចង់​ឲ្យ​អ្នក​ប្រើ​ទៅ​ប្ដូរ​ថ្ម​នៅ​កន្លែង​ផ្សេង​ទេ

កាលពីសប្ដាហ៍មុននេះ ក្រុមការងារយើង បានចុះផ្សាយរួចមកហើយ អំពីបញ្ហាថ្មីមួយនៅលើ iPhone ដែលបានប្រទះឃើញថា Apple នឹងចាប់ផ្ដើមបិទមុខងារ Battery Health បើសិនជាអ្នកប្រើ iPhone

យកទូរសព្ទទៅប្ដូរថ្ម នៅកន្លែងជួសជុលផ្សេង ក្រៅពីក្រុមហ៊ុនរបស់ខ្លួន។ ខណៈពេលដែលវាចេញពាក្យ “Service” គឺចង់តម្រូវឲ្យលោកអ្នក ទៅផ្លាស់ប្ដូរថ្មម្ដងទៀត នៅហាងជួសជុលរបស់ Apple ផ្ទាល់តែម្ដង។ រហូតមកដល់ពេលនេះ Apple ក៏សម្រេចចិត្តប្រកាសចេញ សេចក្ដីបញ្ជាក់ប្រាប់ថា ខ្លួនពិតជាមិនចង់ឲ្យ អ្នកប្រើប្រាស់ទាំងឡាយ ទៅប្ដូរថ្មនៅកន្លែងផ្សេង ពីព្រោះព្រួយបារម្ភអំពី សុវត្ថិភាពអ្នកទាំងអស់គ្នា។

នៅលើសេចក្តីថ្លែងការណ៍នោះ Apple បានបញ្ជាក់ឲ្យដឹងថា ការលោតចេញពាក្យថា “Service” គឺមិនមែនជាបញ្ហានោះទេ ប៉ុន្ដែគ្រាន់តែជាមុខងារថ្មី ដែលបានបន្ថែមជូន អ្នកប្រើប្រាស់ទាំងឡាយ ដើម្បីអាចឲ្យយើងដឹងថា ថ្មកំពុងតែប្រើនៅលើ iPhone របស់អ្នកទាំងអស់គ្នា គឺចេញមកក្រុមហ៊ុន Apple ផ្ទាល់តែម្ដង ឬក៏ត្រូវបានផ្លាស់ប្ដូរ នៅកន្លែងផ្សេងផងដែរ។ ចំពោះមូលហេតុដែល Apple បានសម្រេចចិត្ត ដាក់បញ្ចូលមុខងារនេះ គឺដើម្បីការពារអតិថិជន ពីថ្មដែលមានបញ្ហា, ថ្មគុណភាពទាប ឬក៏ថ្មចាស់ៗជាដើម។

បើយោងទៅតាម Apple សម្រាប់សារដំណឹង ដែលបញ្ជាក់ប្រាប់ថា “Service” នៅលើកន្លែងកំណត់ “Battery Health” គឺមិនប៉ះពាល់ដល់ បទពិសោធន៍ ការប្រើប្រាស់នោះទេ ប៉ុន្ដែគ្រាន់តែចង់សម្គាល់ថា ថ្មដែលកំពុងប្រើនោះ គឺចេញមកពីកន្លែង ជួសជុលផ្សេងប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ប្រសិនបើ iPhone របស់អ្នកប្រើណាម្នាក់ ប្រទះជួបបញ្ហាធ្ងន់ធ្ងរ ដូចជាផ្ទុះទូរសព្ទជាដើម អញ្ចឹងហើយ យើងមិនអាចបន្ទោសឲ្យ Apple ទាំងស្រុងបាននោះទេ។

ដូចដែលយើងបានប្រាប់ កាលពីនៅលើអត្ថបទ សប្ដាហ៍មុនអញ្ចឹងដែរ ដោយបញ្ហាជាប់ពាក្យ “Service” ថ្មីមួយនេះ គឺបានប្រទះឃើញបន្ថែមនៅ កំណែអាប់ដេត ចាប់តាំងពីខែមីនាឆ្នាំ 2019 សម្រាប់ទាំងជំនាន់ iOS 12 និង iOS 13 Beta ផងដែរ។ គួរឲ្យសោកស្ដាយណាស់ ដោយសារតែ ហាង Apple Store មិនមានបើកនៅលើ ទីផ្សារស្រុកយើង ដូច្នេះអ្នកប្រើប្រាស់ iPhone ទាំងអស់ ត្រូវបង្ខំចិត្តផ្លាស់ប្ដូរថ្ម នៅហាងជួសជុល ខាងក្រៅដដែល។

 

ដកស្រង់ចេញពីCamboReport