Social Network

ស្មាតហ្វូន​កំពូល iPhone 11 Pro និង iPhone 11 Pro Max បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ ជា​មួយ​កាមេរ៉ា​បែប​ថ្មី និង​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​ទៀត!

អស់រយៈជាច្រើនខែមកហើយ បន្ទាប់ពីយើងប្រទះឃើញមាន ព័ត៌មានលេចធ្លាយអំពី iPhone ជំនាន់ក្រោយៗ ដោយជាពិសេសបំផុត គឺបានបង្ហើបឲ្យឃើញ រូបរាងបែបថ្មីប្លែកតែម្ដង។ ជាទីបំផុតអ្នកគាំទ្រ iPhone ទូទាំងពិភពលោក

លែងត្រូវការឲ្យរង់ចាំ តទៅទៀតហើយ ដោយកាលពីមុននេះបន្ដិច Apple បានធ្វើការប្រកាសចេញ iPhone ស៊េរីថ្មីៗជាផ្លូវការហើយ ដល់ទៅចំនួន 3 ម៉ូឌែលខុសៗគ្នាឯណោះ ដែលរួមមានដូចជា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max នៅក្នុងព្រឹត្តិការណ៍ Apple Special Event ដែលប្រព្រឹត្តឡើង នៅវេលាម៉ោង 12 រំលងអាធ្រាត (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ឈានចូលថ្ងៃទី 11 ខែកញ្ញា នេះ។ ក្រុមការងារយើង បានធ្វើការបែងចែក អត្ថបទចេញជាពីរ ដោយអត្ថបទមួយ (សូមចុចទីនេះ) បានរៀបរាប់ប្រាប់អំពី iPhone 11 ហើយអត្ថបទមួយនេះវិញ គឺសម្រាប់រៀបរាប់អំពី iPhone 11 Pro និង iPhone 11 Pro Max ផងដែរ។

 

ការរចនាបថរូបរាងខាងក្រៅ

ដូចដែលបានឃើញនៅលើ រូបភាពដាក់បង្ហាញអញ្ចឹង ដោយការឌីហ្សាញរបស់ iPhone 11 Series ជំនាន់ក្រោយនេះ គឺមានលក្ខណៈស្រដៀងគ្នាច្រើន ទៅនឹងជំនាន់ពីមុនៗមក ជាមួយនឹងអេក្រង់លាតពេញ បែបថ្ងាសឆកដដែល ប៉ុន្ដែផ្នែកកាមេរ៉ាខាងក្រោយ មានការផ្លាស់ប្ដូរច្រើន ទាំងរូបរាងរបស់វា និងបានបន្ថែមកាមេរ៉ា រហូតដល់ទៅ 3 គ្រាប់តែម្ដង។ បើប្រិយមិត្តអ្នកអាន បានចាប់អារម្មណ៍មើល ទៅលើរូបស្លាកសញ្ញា តំណាងឲ្យក្រុមហ៊ុន Apple នៅលើ iPhone ម៉ូឌែលថ្មីៗទាំងនេះ ដូច្នេះនឹងបានឃើញថា ត្រូវបានផ្លាស់ប្ដូរទីតាំង មកចំពាក់កណ្ដាលវិញ ថែមទៀតផង។ សម្រាប់ស៊េរីឆ្នាំនេះ iPhone 11 Pro មានអេក្រង់ទំហំ 5.8 អ៊ីញ ជាប្រភេទ OLED អាចបង្ហាញរូបភាព នៅក្នុងកម្រិត 2436 x 1125 ភិចសែល និងមានដង់ស៊ីតេ 458ppi ចំណែកម៉ូឌែល iPhone 11 Pro Max វិញនោះ គឺមានទំហំធំជាងដល់ទៅ 6.5 អ៊ីញ ជាប្រភេទ OLED ដែលអាចបង្ហាញរូបភាព ក្នុងកម្រិត 2688 x 1242 ភិចសែល និងមានដង់ស៊ីតេ 458ppi ហើយវាទាំង 2 ក៏ Support ជាមួយ HDR10 ផងដែរ។ យើងក៏ឃើញមានជម្រើសពណ៌ចំនួន 4 ដែលរួមមានដូចជា ពណ៌មាស, ទឹកប្រាក់, ខ្មៅ និងបន្ថែមមួយទៀត ពណ៌បៃតងដឹត។

 

 

កាមេរ៉ា

ឥឡូវបន្ដចូលមកដល់ ចំណុចសំខាន់បំផុត ដែលអ្នកប្រើប្រាស់ភាគច្រើន មានចំណាប់អារម្មណ៍ខ្លាំង គឺជាសេនស័រកាមេរ៉ាខាងមុខ សម្រាប់ទុកធ្វើការថត Selfie នៅលើ iPhone 11 Pro និង iPhone 11 Pro Max មានចំនួនមួយគ្រាប់ ដែលបានឡើងដល់ទំហំ 12MP (ដោយ iPhone XS មានទំហំ 7MP) ហើយអាចថតវីដេអូ ដោយកាមេរ៉ាមុខបានកម្រិត 4K 60FPS ប៉ុន្ដែស្ថិតនៅក្នុងថ្ងាសឆកដដែល។ ចំណែកឯកាមេរ៉ាខាងក្រោយ គឺនៅតែរក្សាទំហំ 12MP គ្រប់លេនទាំងអស់ ដូចជាស៊េរីមុនអញ្ចឹងដែរ ប៉ុន្ដែលើកនេះមានដល់ទៅ 3 គ្រាប់ឯណោះ ដែលរួមបញ្ចូលទាំង កាមេរ៉ាដើមទំហំ 12MP កម្រិត Aperture f/1.8 (OIS) + លេនប្រភេទ Telephoto ទំហំ 12MP កម្រិត Aperture f/2.0 (OIS + 2x Optical Zoom) + លេនប្រភេទ Wide-Angle ទំហំ 12MP  កម្រិត Aperture f/2.4 (120 ដឺក្រេ) ផងដែរ។

 

កម្លាំងម៉ាស៊ីន

ពិតប្រាកដណាស់ ដូចជារៀងរាល់ឆ្នាំអញ្ចឹង ប្រិយមិត្តទាំងអស់គ្នា បានដឹងរួចមកហើយថា iPhone 11 Pro និង iPhone 11 Pro Max គឺមានបំពាក់នូវកម្លាំងម៉ាស៊ីន កាន់តែខ្លាំងជាងមុនទៅទៀត ដោយភ្ជាប់មកជាមួយ បន្ទះឈីប A13 Bionic 7nm ជំនាន់ចុងក្រោយបង្អស់ ដែលមានផ្ទុកនូវគ្រាប់ CPU ចំនួន 6 Cores និង GPU ចំនួន 4 Cores ហើយ Apple បានអះអាងមកថា នឹងជួយបន្ថែមល្បឿន ឲ្យលឿនជាងមុន រហូតដល់ទៅ 20% ថែមទៀតផង។ សម្រាប់អង្គផ្ទុកទិន្នន័យ គឺត្រូវបានចាប់ពីទំហំ 64GB, 256GB ដល់ 512GB ដូចស៊េរីឆ្នាំមុនដែរ ហើយមិនបានបញ្ជាក់ប្រាប់ អំពីទំហំរ៉េម ដូចជារៀងរាល់ឆ្នាំអញ្ចឹង។

ថាមពលថ្ម

 

ចំណែកឯថាមពលថ្ម ដើម្បីផ្គត់ផ្គង់ម៉ាស៊ីនរបស់ iPhone 11 Pro និង iPhone 11 Pro Max គឺមិនត្រូវបានបញ្ជាក់ប្រាប់នោះទេ ដោយគ្រាន់តែអះអាងមកថា iPhone 11 Pro នឹងអាចកាន់ថ្មបានយូរជាង iPhone XS ដល់ទៅ 4 ម៉ោង ហើយសម្រាប់ម៉ូឌែល iPhone 11 Pro Max អាចកាន់ថ្មបានយូរជាង iPhone XS Max ដល់ទៅ 5 ម៉ោងឯណោះ។ លើសពីនេះទៅទៀត iPhone ស៊េរីថ្មីៗទាំងពីរនេះ ក៏អាចគាំទ្រទៅនឹង បច្ចេកវិទ្យាសាកថ្មលឿន 18W (ភ្ជាប់មកក្នុងប្រអប់ស្រាប់) ដែលមានល្បឿនលឿនជាង 15W នៅលើជំនាន់ពីមុនៗមក ហើយលើកនេះជាខ្សែប្រភេទ Type-C ទៅ Lightning ព្រមទាំងភ្ជាប់មកជាមួយ បច្ចេកវិទ្យាសាកថ្មឥតខ្សែ  ថែមទៀតផង។

ចំណុចអវិជ្ជមាន

 

បន្ទាប់ពីយើងប្រទះឃើញមាន ចំណុចកែប្រែថ្មីៗ ទៅលើផ្នែកល្អៗជាច្រើន ប៉ុន្ដែយ៉ាងណាក៏ដោយ ផ្នែកមួយចំនួនទៀតនោះ គឺបានធ្វើឲ្យហ្វេនទាំងអស់ ស្ទើរតែមិនអាចទទួលយកបាន ដែលជាការឌីហ្សាញបែបថ្មី នៅកាមេរ៉ាខាងក្រោយតែម្ដង និងមានមនុស្សជាច្រើន សើចចំអកថា មានរូបរាងដូចជា ចង្ក្រានហ្គាសជាដើម។ ក្រៅពីនេះ Apple ក៏គួរតែជ្រើសរើសយក ការឌីហ្សាញអេក្រង់បែប កាមេរ៉ាទម្លុះអេក្រង់ ឬរកវិធីអ្វីផ្សេងៗទៀត ដើម្បីលុបបំបាត់ថ្ងាសឆកនោះចេញ ពីព្រោះវាមានតាំងពីជំនាន់ iPhone X (2017) ឯណោះ។ អ្វីដែលគួរឲ្យសោកស្ដាយ សម្រាប់អ្នកប្រើប្រាស់មួយចំនួន នោះគឺជាវានៅប្រើខ្សែប្រភេទ Lightning ដដែល ដោយមិនមែនជាឌុយប្រភេទ Type-C ដូចជាការរំពឹងទុកនោះឡើយ។

តារាងតម្លៃ និងថ្ងៃចេញលក់

នៅលើព្រឹត្តិការណ៍មុននេះ Apple បានប្រកាសប្រាប់ ជាផ្លូវការហើយថា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max នឹងបើកឲ្យធ្វើការ កម្មង់ទុកមុនចាប់ពី ចុងសប្ដាហ៍នេះតទៅ ហើយវានឹងចេញ លក់ក្នុងទីផ្សារ អន្តរជាតិនៅថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2019 នេះតែម្ដង ជាមួយនឹងតម្លៃក្នុង ទីផ្សារអន្តរជាតិ ដូចខាងក្រោមនេះ ៖

• iPhone 11 Pro ទំហំ 64GB មានតម្លៃ 999 ដុល្លារ

• iPhone 11 Pro ទំហំ 256GB មានតម្លៃ 1,149 ដុល្លារ

• iPhone 11 Pro ទំហំ 512GB មានតម្លៃ 1,349 ដុល្លារ

• iPhone 11 Pro Max ទំហំ 64GB មានតម្លៃ 1,099 ដុល្លារ

• iPhone 11 Pro Max ទំហំ 256GB មានតម្លៃ 1,249 ដុល្លារ

• iPhone 11 Pro Max ទំហំ 512GB មានតម្លៃ 1,449 ដុល្លារ

គួរបញ្ជាក់ប្រាប់ប្រិយមិត្ត ឲ្យបានដឹងមុនផងដែរថា តារាងតម្លៃនៅខាងលើនេះ គឺជាតម្លៃដាក់លក់ នៅទីផ្សារសហរដ្ឋអាមេរិក ហើយនៅពេលមកដល់ស្រុកខ្មែរ យើងនឹងអាចឃើញមាន តម្លៃប្រែប្រួលរៀងច្រើនដែរ បើតាមដេប៉ូដាក់លក់បន្ដនានា។

ចំណាប់អារម្មណ៍ផ្ទាល់ខ្លួន

សម្រាប់មតិរបស់ខ្ញុំផ្ទាល់ អាចនឹងមានលក្ខណៈដូចជា ប្រិយមិត្តអ្នកអានមួយចំនួន ដោយយល់ឃើញថា បើទោះបីជា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max មានការឌីហ្សាញបែបថ្មី នៅកាមេរ៉ាខាងក្រោយ ដូចនេះយ៉ាងណាក្ដី ក៏ប៉ុន្ដែគួររកវិធីអ្វីមួយ ដើម្បីកុំឲ្យវាលៀនចេញក្រៅ ដែលអាចឃើញស្អាតជាងនេះ និងងាយស្រួលដាក់ឲ្យរៀបស្មើ នៅលើតុថែមទៀតផង។ យ៉ាងណាក៏ដោយ ការអាប់ដេតកាមេរ៉ាឡើង 3 គ្រាប់លើស៊េរីថ្មីៗនេះ គឺជាជម្រើសដ៏ល្អបំផុត ដោយអនុញ្ញាតឲ្យអ្នកប្រើ កាន់តែពេញចិត្តទៅនឹង រូបភាព ឬ វីដេអូ ថតចេញពីកាមេរ៉ា iPhone ហើយព្រមទាំងមានគុណភាព កាន់តែដឹតច្បាស់ជាងមុន នេះបើយោងទៅតាម Apple បានធ្វើការដាក់បង្ហាញឲ្យឃើញ ផងដែរ។ ជាចុងក្រោយ នេះគឺការសម្រេចចិត្ត របស់ប្រិយមិត្តខ្លួនឯងផ្ទាល់ ថាតើស្មាតហ្វូនម៉ូឌែលថ្មីណាមួយពី Apple ដែលសាកសមនឹងអ្នកបំផុត ហើយមានការពេញចិត្តខ្លាំង ដែរឬក៏អត់នោះទេ។

ហើយចុះប្រិយមិត្តអ្នកអាន មានចំណាប់អារម្មណ៍ យ៉ាងណាខ្លះដែរ ចំពោះការឌីហ្សាញថ្មី និងលក្ខណៈសម្បត្តិរបស់ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max? តើវាអាចធ្វើឲ្យលោកអ្នក លង់ស្រឡាញ់ចង់បានដែរឬទេ? បើប្រិយមិត្តកំពុងប្រើប្រាស់ iPhone ជំនាន់ពីមុនៗមក តើមានគម្រោងថាចង់ ផ្លាស់ប្ដូរទៅស៊េរីថ្មីនេះឬក៏អត់? សូមធ្វើការចែករំលែកមតិ របស់អ្នកទាំងអស់គ្នា តាមរយៈប្រអប់ Comments នៅខាងក្រោមនេះ។

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk

ដកស្រង់ចេញពីCamboReport