Social Network

សារ៉ាយ សក្ខណាទទួលកាដូធំចូលគ្រួសារ ក្រោយត្រឡប់មកទឹកដីកំណើត

អតីតតារាសម្តែង សារ៉ាយ សក្ខណា ក្រោយពីត្រឡប់មកទឺកដីកំណើតជាញឹកញាប់ជាមួយស្វាមី និងកូនស្រីសំណព្វចិត្តរយៈពេលវែង២ខែកន្លះមកនេះ នាងពិតជារវល់ច្រើន ជាមួយនឹងការមើលថែមុខជំនួញហាងកែសម្រស់។

ជាក់ស្តែងទើបតែប៉ុន្មានថ្ងៃមុន តារាស្រអែមមុខស្រស់រូបនេះបានទទួលដំណឹងរីករាយមួយសម្រាប់ក្រុមគ្រួសាររបស់នាងក្រោយជិតដល់ថ្ងៃត្រឡប់ទៅអាមេរិកវិញ ដោយអតីតតារាស្រីរូបនេះកំពុងពពោះកូនទី២ទៀត ខណៈខ្លួនកំពុងតែចង់បានប្អូនសម្រាប់កូនស្រីជាទីស្រលាញ់របស់នាងផងនោះ។

សម្រាប់អ្នកគាំទ្រតារាស្រីរូបនេះក៏សម្តែងក្តីរំភើបអបអរជំនួសដែរ ព្រោះអាចនិយាយបានថា សក្ខណា ជាតារាស្រីមួយរូបដែលមានសំណាងទទួលបានការស្រលាញ់ និងថ្នាក់ថ្នមពីស្វាមី។ ដោយឡែកចំពោះដំណឹងដ៏រីករាយ ថៅកែស្រីរូបនេះបានរៀបរាប់មកកាន់ Sabay ថា នាងពិតជាកំពុងពពោះកូនទី ២ ប្រាកដមែន ពិសេសស្របពេលនឹងការធ្វើដំណើរមកទឹកដីកំណើតរយៈពេល ២ខែកន្លះមក ហើយរយៈពេលនៃការពពោះរបស់តារារូបនេះក៏មានអាយុប៉ណ្ណឹងដែរ។

បើតាមសម្តីដែលតារាស្រីរូបនេះបន្ថែម នាងពិតជាសប្បាយចិត្តខ្លាំងមែនទែន ដែលនាងបានទទួលកាដូធំដ៏អស្ចារ្យសម្រាប់គ្រួសារពិសេសស្វាមីរបស់អ្នកនាងលោក កែវ មេត្រី ដែលជាអនិកជនខ្មែរ-អាមេរិក។ អ្នកទាំំង២ ចាប់ដៃគ្នារៀបការតាំងពីថ្ងៃ ១២ ខែ ធ្នូ ឆ្នាំ ២០១៣។

មួយទៀតអាចរកប្អូនម្នាក់ទៀតឲ្យកូនស្រីសំណព្វតែម្នាក់ ព្រោះរហូតមកទល់ពេលនេះកូនស្រីច្បងមានអាយុ៤ឆ្នាំហើយ។ យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសគឺសម្រាប់នាង និងស្វាមីបានបញ្ជាក់បន្ថែមថា កូនទី២នេះ ជាស្រី ឬ ប្រុសមិនសំខាន់នោះទេគឺពួកគេស្រលាញ់ទាំងអស់ ណាមួយចង់មានគ្នាឲ្យកូនស្រី ម្យ៉ាងក៏ចង់បានសមាជិកច្រើនបន្ថែមក្នុងគ្រួសារ។

ប៉ុន្តែអតីតតារាស្រីរូបនេះក៏បានបន្ថែមថា បើបានកូនប្រុសក៏ល្អ ព្រោះមានកូនស្រីម្នាក់ហើយ តែបើនិយាយពីស្រឡាញ់គឺ មិនអាចកំណត់បានទេ មានន័យថាស្រឡាញ់ដូចគ្នា ហើយពិតជារំភើបខ្លាំង និងកំពុងរង់ចាំទទួលសមាជិកថ្មីមួយឆាប់ៗ។ ចំពោះសុខភាពវិញ នាពេលបចុប្បន្នកំពុងតែល្ហិតល្ហៃខ្លាំង ព្រោះកូនទី២នេះអ្នកនាងថា រាងចាញ់ជាងកូនស្រីទី១៕

ដកស្រង់ពី៖ Sabay