Social Network

បច្ចុប្បន្ន​ជា​សេដ្ឋីនី​រយ​លាន​ដុល្លារ កាល​អាយុ១៤ ឆ្នាំ Angelababy រក​លុយ​បាន​​ពី​ដើរ​ម៉ូដ​​ក្នុង​ចំនួន​មួយ​គួរឲ្យភ្ញាក់ផ្អើល

ទោះបីជាចំនួនទឹកលុយរកបានកាលពីយុវភាពមិនសូវបានច្រើនក៏ពិតមែន តែតារាសម្ដែងស្រី Angelababy នៅតែទទួលបានការសរសើរយ៉ាងខ្លាំងដោយចេះឯករាជ្យតាំងពីនៅក្មេង។

អាចនិយាយបានថា ក្នុងចំណោមតារាសម្ដែងស្រីចិនទាំងអស់នៅពេលនេះ តារាសម្ដែងស្រី Angelababy គឺជាអ្នកដែលមានតម្លៃខ្ពស់ជាងគេ ដោយនៅក្នុងរឿងភាគ Interprener Era នាងទទួលបានតម្លៃខ្លួនដល់ទៅ១៥លានដុល្លារ សម្រាប់រឿងចំនួន៥០ភាគ។ យ៉ាងណាក្ដី ទំរាំឈានដល់ចំណុចកំពូលមួយនេះ មិនមែនជារឿងងាយស្រួលឡើយ ដោយនាងបានឈប់ចាយលុយគ្រួសារតាំងពីអាយុ១៤ ឆ្នាំមកម៉្លេះ។

តាមនោះដែរ នៅក្នុងកម្មវិធីជជែកកំសាន្តថ្មីបំផុត ប្រពន្ធ Huang Xiaoming បានទម្លាយថា នៅក្នុងវ័យ១៤ឆ្នាំ នាងបានដើរថតម៉ូដែលឲ្យគេ ដោយក្នុងមួយថ្ងៃនាងទទួលបាន៨០ដុល្លារ។ នៅពេលឮដូចនេះ តារាសម្ដែង និងចម្រៀងប្រុស Wu Yifan បានបង្ហាញការភ្ញាក់ផ្អើលជាខ្លាំង ដ្បិតកាលពីជាង១០ឆ្នាំមុន រកបានមួយថ្ងៃ៨០ដុល្លារគឺមិនអន់ឡើយ ។

ដោយអតីតសមាជិកក្រុម EXO បានឲ្យដឹងថា លោកក៏ធ្លាប់ធ្វើការក្រៅម៉ោងដូចគ្នា កាលរស់នៅប្រទេសកាណាដា ដោយទទួលបានលុយមួយម៉ោង៦ដុល្លារប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay