Social Network

ពី​ជិះ​ឡាន​ខូច​មិន​ស្វាង ឥឡូវ​នាយ គ្រឿន ឡើង​ស៊េរី​រថយន្ត​រាប់​ម៉ឺន​ដុល្លារ

នាយ គ្រឿន បានផ្លាស់ប្ដូរជីវភាពកាន់តែហ៊ឺហាមួយកម្រិតទៀតតាមរយៈអាជីពសិល្បៈ ក្នុងនោះមិនត្រឹមតែអាចមានផ្ទះធំទ្រនំខ្ពស់ឲ្យក្រុមគ្រួសារជ្រកកោននោះទេ ប៉ុន្តែឥឡូវនេះ មានព័ត៌មានថា នាយក៏បានប្ដូររថយន្តចាស់យករថយន្តថ្មីមានតម្លៃរាប់ម៉ឺនដុល្លារហើយដែរ។

តារាកំប្លែងមកពីខេត្តស្វាយរៀង បានប្ដូររថយន្តចាស់ម៉ាកកាមេរីបាឡែន ដែលនាយបានប្រើអស់ពេលជាច្រើនឆ្នាំមកហើយ ដើម្បីសម្រួលដល់ការងារ ដោយហេតុថា រថយន្តចាស់របស់នាយនេះ ឧស្សាហ៍ខូចពេក ជាហេតុធ្វើឲ្យពេលខ្លះ បានបង្កឲ្យប៉ះពាល់ដល់ការងារ។ "រថយន្តចាស់នេះ និយាយពីខូចនោះគឺខូចដល់ហើយបង ខូចនេះ ខូចនោះមិនស្វាង អីចឹងហើយបានសម្រេចចិត្តដូរ ព្រោះកុំប៉ះពាល់ដល់ការងារគេ ព្រោះពេលខ្លះខូចចំពេលយើងទៅថតទៅអីចឹងណាបង!”។

នាយ គ្រឿន បានសម្រេចចិត្តលក់រថយន្តខាងលើ បន្ទាប់ពីរួមរស់ជាមួយគ្នាជាច្រើនឆ្នាំ ក្នុងតម្លៃមួយដែលនាយពុំបានបញ្ចេញ។ ដោយឡែករថយន្តក្រោយ គឺម៉ាក Ford ស៊េរីឆ្នាំ ២០១៩ ទិញបានប្រមាណកន្លះឆ្នាំហើយ ក្នុងតម្លៃជាង ៥ម៉ឺនដុល្លារអាមេរិកឯណោះ ជាមួយលុយសល់ពីការលក់ឡានចាស់ និងថវិកាផ្ទាល់ខ្លួនខ្លះ។

តារាកំប្លែងមកពីខេត្តស្វាយរៀងបញ្ជាក់ថា លោកមិនមែនជាមនុស្សសម្ភារនិយមអីទេ ប៉ុន្តែការដែលទិញ ទី១ដើម្បីសម្រួលការធ្វើដំណើរប្រកបកិច្ចការងារ។ ដោយឡែកហេតុផលទី២ គឺជាការលើកទឹកចិត្តដល់ខ្លួនឯងក្រោយពីបានតស៊ូក្នុងសិល្បៈរយៈពេលប្រមាណជិត ១០ឆ្នាំ។ និងមួយទៀត គឺដើម្បីចៀសពីពាក្យដំនៀលមួយចំនួនមកលើសិល្បករ ដែលថា ធ្វើជាអ្នកសិល្បៈច្រើនឆ្នាំហើយ គ្មានដល់ទ្រព្យអ្វីដុំកំភួននោះ។

យ៉ាងណាក៏ដោយ ប្អូនប្រុសនាយ ពែកមី បញ្ជាក់ថា រថយន្តខាងលើលោកមិនបានទិញដាច់នោះទេ គឺទិញបង់រំលស់ ប៉ុន្តែគ្រាន់តែថា លោកបានបង់ដើមច្រើនហើយ។ "អត់ទិញដាច់ទេ គឹបង់រំលួសតើបង តែខ្ញុំបង់តិចទេ ព្រោះយើងបានឲ្យដើមគេច្រើនហើយ នៅសល់តែតិចតួចទេ"។ នាយ គ្រឿន ថ្លែង។

នាយ គ្រឿន មានការចាប់ផ្ដើមជីវិតនៅលើដីរាជធានីជាកម្មករសំណង់ជាមួយបងប្រុស គឺលោក ចែម ចាន់តារា ហៅនាយ ពែកមី។ ប៉ុន្តែនៅឆ្នាំ ២០០៩ ពួកគេបានប្រឡងជាប់ក្នុងកម្មវិធី "មហាកំប្លែង" របស់ស្ថានីយទូរទស្សន៍ស៊ីធីអិន និងបានក្លាយជាតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍នេះរហូតមក។

នាយក៏បានវិវត្តខ្លួនទៅជាតារាចម្រៀង សម្ដែងភាពយន្ត ព្រមទាំងនិពន្ធ និងដឹកនាំរឿងផង។ អាជីពតារាសម្ដែង នាយអាចរកបានប្រមាណ ៤០០០ដុល្លារសម្រាប់រឿងដុំមួយរឿង។ ក្រៅពីនេះ នាយក៏អាចរកចំណូលបានមួយផ្នែកទៀតលើអាជីពកាត់សក់មង្គលការ និងថតស្ប៉តពាណិជ្ជកម្មផង។

នាយគ្រឿនមិនបានបង្ហើបពីចំណូលប្រចាំខែពីការងារសិល្បៈទាំងអស់នេះទេ។ ប៉ុន្តែភស្តុតាងជាក់ស្ដែង ដែលថានាយអាចរកបានរាប់ពាន់ក្នុង១ខែៗនោះ គឺថា លោកមិនត្រឹមតែប្ដូរឡានថ្មីទេ...ប៉ុន្តែមុននេះ នាយក៏បានទិញផ្ទះផ្ទាល់ខ្លួនសម្រាប់ស្នាក់នៅផងដែរ ដែលមានតម្លៃជិត ១០ម៉ឺនដុល្លារអាមេរិកឯណោះ។

បែបនេះក្ដី នាយបញ្ជាក់ថា ទាំងផ្ទះ ទាំងរថយន្ត គឺនាយទិញបង់រំលួសទេ គ្រាន់តែរថយន្តនៅសល់បន្តិចបន្តួចទេ ប៉ុន្តែផ្ទះសល់ច្រើនទៀត។ យ៉ាងណានាយថា ក្រៅពីផ្ទះ និងឡាន នាយក៏បានទិញដី២-៣កន្លែងទុកសម្រាប់អាស្រ័យផងដែរ ប្រសិនបើថ្ងៃណាមួយអាជីពសិល្បៈថមថយ ឬលែងសូវមានទីផ្សារនោះ៕

ដកស្រង់ពី៖ Sabay