Social Network

Covid-19 មិន​រំខាន​​មង្គលការ តូតា តូតា​ទេ យប់មិញ​ភ្ញៀវច្រើនណាស់!

ពិធីមង្គលការរបស់តារាសម្ដែង ម៉ាក សែនសូនីតា យប់មិញគេឃើញវត្តមានមិត្តសិល្បៈ និងមន្ត្រីរាជការយ៉ាងច្រើនកុះករចូលរួម បើទោះបីជាកាលបរិច្ឆេទ

នៃពិធីមង្គលនេះកើតឡើងមុនកាលកំណត់ដែលកញ្ញាប្រកាសប្រាប់សាធារណជន និងគាប់ជួនកម្ពុជាកំពុងបារម្ភរឿង កូវីត ១៩ ក្ដី។ កូនក្រមុំក្នុងថ្ងៃមង្គលការនៅសណ្ឋាគារសុខាភ្នំពេញ បាននិយាយថា កញ្ញាមានអារម្មណ៍សប្បាយរីករាយនៅពេលដែលឃើញភ្ញៀវកិត្តិយស ជាពិសេសមិត្តៗសិល្បករ-សិល្បការិនី និងអ្នកគាំទ្រទាំងអស់បានថ្លែងសារជូនពរតាមបណ្ដាញសង្គមក្នុងថ្ងៃមង្គលនេះ ហើយកញ្ញាសង្ឃឹមថាអ្នកគាំទ្រនៅតែទុកនាងក្នុងដួងចិត្តបើទោះបីជានាងមានគូហើយក្ដី។

កញ្ញា ម៉ាក សែនសូនីតា ធ្លាប់ប្រកាសប្រាប់សាធារណជនតាមរយៈសារព័ត៌មានថា យ៉ាងហោច៥ឆ្នាំទៀត ទើបនាងរៀបការ។ ប៉ុន្តែនាងបានប្ដូរចិត្ដមករៀបការនៅទី១៦ ខែមីនា ឆ្នាំ២០២០ នេះវិញ គឺចំថ្ងៃខួប២៥ឆ្នាំ នៃថ្ងៃកំណើតរបស់នាង។ ចំពោះពិធីមង្គលមុនគម្រោងការរបស់នាងនេះ ត្រូវបានកញ្ញាឆ្លើយយ៉ាងខ្លីនៅចំពោះមុខរបស់អ្នកសារព័ត៌មានយប់មិញថា៖" បើខ្ញុំមិនប្រាប់ថា៥ឆ្នាំទៀត សារព័ត៌មានចេះតែសួរ"។

នៅក្នុងពិធីមង្គលការរបស់តារាសម្ដែង ម៉ាក សែនសូនីតា ជាមួយអ្នកជំនួញអចលនទ្រព្យម្នាក់ គឺលោក ប៉ុល វិបុល គេក៏ឃើញវត្តមានរបស់អគ្គនាយិកាទូរទស្សន៍បាយ័ន លោកជំទាវ ហ៊ុន ម៉ាណា និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃឯកឧត្ដម ហ៊ុយ វណ្ណៈ ព្រមទាំងតារាល្បីៗជាច្រើនរូប៕

ដកស្រង់ពី៖ Sabay