Social Network

អបអរសាទរ! So Ji Sub រៀបការ​បញ្ចប់​ភាព​នៅ​លីវហើយ

ទីបំផុតតារាសម្ដែង So Ji Sub និងគូស្នេហ៍ Cho Eun Jung បានរៀបការក្លាយជាប្ដីប្រពន្ធស្របច្បាប់ហើយ ក្រោយមើលចិត្តថ្លើមគ្នាជាង ១ឆ្នាំ។

ខាងផលិតកម្ម 51K របស់ Ji Sub បានចេញសេចក្ដីប្រកាសជាផ្លូវការឲ្យដឹងថា មង្គលការរបស់ តារាប្រុសរូបនេះ គឺធ្វើនៅថ្ងៃទី ០៧ ខែមេសានេះតែម្ដង។ គូស្នេហ៍ទាំង២ បានចុះសំបុត្រអាពាហ៍ពិពាហ៍រួមគ្នារួចហើយ ប៉ុន្តែសម្រេចមិនរៀបចំពិធីមង្គលការឡើយ ដោយសារការផ្ទុះឡើងនៃជំងឺ COVID-19។

មូលហេតុនេះ ពួកគេសម្រេចមិនធ្វើពិធីអ្វីធំដុំ ប៉ុន្តែសុខចិត្តរក្សាពេលវេលារីករាយ និងមានន័យនេះស្ងាត់ៗ ជាមួយនឹងគ្រួសារប៉ុណ្ណោះ។ ជាមួយគ្នានោះ ផលិតកម្ម 51K ក៏ឲ្យដឹងដែរថា គូស្វាមីភរិយាថ្មីបានសម្រេចបរិច្ចាគលុយ ៥០លានវ៉ុន (ខ្ទង់ ៤០ ៨៩១ដុល្លារ) ទៅដល់អង្គការ Good Neighbors ដើម្បីជួយកុមារដែលខ្វះខាត នូវឧបករណ៍ទំនើបៗ ជាច្រើនគ្រឿង ក្នុងបំណងជួយសម្រួលដល់ការសិក្សារបស់ពួកគេ។

រម្លឹកទៅកាលពីផ្ទុះព័ត៌មានស្នេហារបស់ពួកគេកាលពីដំបូងគឺនៅខែមីនា ឆ្នាំ ២០១៩។ ពេលនោះ Dispatch បានទម្លាយថាអ្នកទាំង ២បានស្រឡាញ់គ្នា ហើយផលិតកម្ម 51K ក៏បានទទួលស្គាល់ថាវាជាការពិតដែរ៕

ដកស្រង់ពី៖ Sabay