Social Network

Luhan, Kris និង​ Tao រម្លឹក​អារម្មណ៍ពេល​ឡើង​ឆាក​ជុំគ្នា​​ដំបូងកាលពីមុន

អតីតសមាជិក EXO ៣នាក់មាន Kris, Luhan និង Tao បានអង្គុយជុំគ្នារម្លឹករឿងពីមុនៗ ជាពិសេសពេលឡើងឆាកសម្ដែងជាលើកដំបូងបង្អស់ក្នុងឆាកជីវិត។

ស្ថិតក្នុងភាគទី ៣នៃកម្មវិធីប្រកួត "CHUANG 2020” Kris បានមកចូលរួមជាគណៈកម្មការពិសេស មានន័យថាជាពេលដែលលោកត្រូវជួបគ្នាជាមួយនឹង Luhan និង Tao ដែលជាគ្រូបង្វឹកប្រចាំកម្មវិធីនេះ។ ជួបគ្នាពេលនេះ ពួកគេបាននិយាយរឿងជាច្រើនកាលពីមុនៗ។

យ៉ាងណាមិញនៅពេលដែលក្រុមការងារសួរពីពេលឡើងសម្ដែងលើឆាកដំបូងជុំគ្នា Luhan បាននិយាយថា ពេលនោះលោកភ័យខ្លាំងណាស់ ស្ទើរតែចង់រាគនោមាក់ខោទៅហើយ។ Tao បន្ថែម «ខ្ញុំវិញបុកពោះសឹងមិនអាចដកដង្ហើមបាន»។ Luhan បន្តថា៖ «ខ្ញុំមិនដឹងថាយ៉ាងម៉េចដែរ! តែថ្ងៃណាមួយ គេនឹងឲ្យអ្នកឡើងលើឆាក យើងអត់បានត្រៀមចិត្តឲ្យបានស្រួលបួលទេ ទោះបីយើងបានហាត់សមមួយរយៈធំក៏ដោយ តែវាជាលើកដំបូងសម្រាប់យើង ទើបមានអារម្មណ៍បែបនេះ»។ ចំណែក Kris វិញទោះមិនបាននិយាយអ្វីច្រើន ប៉ុន្តែលោកក៏យល់ស្របនូវអ្វីដែល Luhan និង Tao និយាយដែរ៕

ដកស្រង់ពី៖ Sabay