Social Network

រឿង"**មិត្ដក្របី**"​ មិនអាចថតចប់តាមផែនការ

រឿង"មិត្តក្របី” ដែលជាស្នាដៃនិពន្ធ សម្ដែង និងដឹកនាំថតដោយផ្ទាល់របស់គ្រូគុនល្បុក្កតោ គឺលោក ឆន ច័ន្ទវីរៈ មិនអាចថតចប់នៅក្នុងខែឧសភា ឆ្នាំ២០២០ នេះ តាមផែនការកំណត់នោះទេ។

លោក ច័ន្ទវីរៈ ប្រាប់Sabay ថា ក្រៅពីបញ្ហាកូវីដ-១៩ ក៏មានបញ្ហាខ្លះដែរដែលធ្វើឲ្យមានការយឺតយ៉ាវក្នុងការថតបញ្ចប់រឿងនេះ។ មានដូចជា៖ ប្លង់ខ្លះត្រូវថតជួសឡើងវិញ ត្រូវការជួលតួល្បីៗថតបន្ថែម និងឈុតខ្លះពិបាករៀបចំដោយតម្រូវឲ្យមានមនុស្សច្រើនចូលរួមសម្ដែង។

ម្ដងនេះលោក ច័ន្ទវីរៈ លែងហានសន្យាជាមួយអ្នកគាំទ្រទៀតហើយ ថារឿងនេះនឹងត្រូវថតចប់ពេលណា ហើយចាក់បញ្ចាំងនៅពេលណាវិញទេ។ កន្លងទៅលោក ឆន ច័ន្ទវីរៈ ធ្លាប់ប្រកាសថា រឿង"មិត្តក្របី” ផ្ដោតសំខាន់លើការផ្សព្វផ្សាយក្បាច់គុនល្បុក្កតោ និងទម្រង់សិល្បៈមួយចំនួនទៀតរបស់ខ្មែរ នឹងថតចប់នៅដើមខែឧសភា ហើយនឹងដាក់បញ្ចាំងនៅតាមរោងភាពយន្តល្បីៗនៅចុងឧសភា ឬដើមខែមិថុនា ឆ្នាំ២០២០។

ប៉ុន្តែរហូតមកដល់ពេលនេះ សាច់រឿងទាំងមូលដែលរយៈពេល១ម៉ោង៤៥នាទី ទើបថតបានប្រហែល៧០%។ ឆន ច័ន្ទវីរៈ៖"ឥឡូវបានជាយឺតអីចឹងហើយ យើងសម្រាំងយកគុណភាពឲ្យកាន់តែខ្លាំង ដើម្បីប្រកួតប្រជែងទីផ្សារ ហើយឥឡូវអត់ហ៊ានកំណត់ថានឹងថតចប់ ឬដាក់បញ្ចាំងពេលណាទៀតទេ"។

ផលិតកម្មអាថាន់ភាពយន្តដែលគ្រប់គ្រងដោយលោក ឆន ច័ន្ទវីរៈ ទើបផលិតរឿងទី១របស់ខ្លួន គឺរឿង"មិត្ដក្របី"នេះឯង។ រឿងនេះចាប់ផ្ដើមថតតាំងពីខែកុម្ភៈ ឆ្នាំ២០២០។ គេសង្ឃឹមថា នៅពេលដែលរឿងនេះចាក់បញ្ចាំងនឹងទទួលបានការគាំទ្រច្រើន ហើយបានរួមចំណែកក្នុងការលើកកម្ពស់ក្បាច់គុនល្បុក្កតោខ្មែរ និងទម្រង់សិល្បៈខ្មែរជាច្រើនទៀតដែលបានរំលេចនៅក្នុងរឿងនេះ៕

ដកស្រង់ពី៖Sabay