Social Network

YG ចេញ​សេចក្ដី​ប្រកាសផ្លូវ​ការ​ថា​ Lisa ត្រូវ​គេ​បោកយកលុយអស់ជិត​ ១លានដុល្លារ

ផលិតកម្ម YG បានចេញសេចក្ដីប្រកាសជាបន្ទាន់មួយ ទាក់ទងនឹងអតីតអ្នកគ្រប់គ្រងរបស់ Lisa ដែលបានបំផ្លាញសេចក្ដីទុកចិត្ត បោកយកលុយអស់ជាង ១ពាន់លានវ៉ុន (ខ្ទង់ ៨១៦ ១២០ដុល្លារ)។

សេចក្ដីជូនដំណឹងរបស់ YG នេះ ខាងផលិតកម្មបានបញ្ជាក់ និងទទួលស្គាល់ថា Lisa គឺជាជនរងគ្រោះពីករណីឆបោក និងបង្ហាញពីដំណោះស្រាយដែល Lisa មានផ្លូវទទួលលុយនាងទាំងនោះត្រឡប់មកវិញ៖ «យើងបានរកឃើញតាមរយៈការស៊ើបអង្កេតជាសំងាត់ ដែលបានបង្ហាញថា Lisa គឺជាជនរងគ្រោះពីការកេងបន្លំយកលុយ ដោយសារអតីតអ្នកចាត់ការទូទៅរបស់នាង គឺ បុគ្គល "A”។

ផ្អែកតាមអ្វីដែល Lisa ចង់បាននោះគឺ ដំណោះស្រាយដែលប្រកបទៅដោយយុត្តិធម៌ និងត្រឹមត្រូវមួយ ដោយសារបុគ្គលម្នាក់នោះធ្លាប់ជាអ្នកចាត់ការដែលនាងទុកចិត្តខ្លាំង បុគ្គល "A” នោះក៏បានយល់ព្រមសងលុយមួយចំនួនដែលខ្លួនបានលួចបន្លំឲ្យម្ចាស់ដើមវិញ ហើយលុយដែលនៅសល់នឹងត្រូវសងតាមផែនការដែលកំណត់។

មួយទៀតលោកក៏បានចាកចេញពីក្រុមហ៊ុននេះដែរ។ ពួកយើងពិតសុំអភ័យទោសសម្រាប់រឿងរ៉ាវទាំងឡាយដែលធ្វើឲ្យអ្នកគាំទ្រដែលផ្ដល់ក្ដីស្រឡាញ់ចំពោះ Lisa មានការបារម្ភ។ ពួកយើងពិតជាមានការខ្មាសអៀន និងសោកស្ដាយចំពោះទង្វើរបស់បុគ្គល "A” ណាស់ដែលមានគំនិតទាញយកផលប្រយោជន៍ តាមរយៈការបំផ្លាញសេចក្ដីទុកចិត្តជាមួយនឹងតារាហើយយើងក៏ត្រូវទទួលខុសត្រូវចំពោះការគ្រប់គ្រង និងការត្រួតពិនិត្យ [ចំពោះបុគ្គលិករបស់យើង]។

យើងកំពុងចាត់ចែងវិធានការផ្សេងៗ ដើម្បីការពារ កុំអោយមានរឿងបែបនេះកើតឡើងម្តងទៀត។»

ដកស្រង់ពី៖ Sabay