Social Network

ធានាថាប្លែក! Galaxy ត្រៀម​ផលិត​ MV ប្រភេទ Action ធំបំផុត​ជាលើកដំបូង

ផលិតកម្ម Galaxy Navatra គ្រោងចេញបទចម្រៀង MV ប្រភេទ Action ដំបូងរបស់ខ្លួននៅដើមខែកក្កដា ឆ្នាំ២០២០ ខាងមុខ ក្រោយពីចេញ MV និងបទចម្រៀងល្បីៗស្ទើររាប់មិនអស់នៅក្នុងឆ្នាំ២០២០។

កវីនិពន្ធបទចម្រៀង និងជាអ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ និយាយថា MV ធំដំបូងគេដែលផលិតកម្មមិនធ្លាប់ធ្វើនេះ នឹងត្រូវចំណាយពេលថតបីថ្ងៃ ហើយមានតួអង្គសំខាន់ជាច្រើនរូប។ ប៉ុន្តែតាស្រង់ មិនទាន់ចង់បញ្ចេញឈ្មោះតារាចម្រៀងនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា អ្នកចម្រៀងនោះ គឺជាតារាប្រុសចំណូលថ្មីរបស់ផលិតកម្ម។

MV ដែលនឹងចេញក្នុងពេលដ៏ខ្លីខាងមុខនេះ មានចំណងជើងថា "ជូនដំណើរអូនឡើងផ្លូវហាយវ៉េ”។ អត្ថន័យក្នុងបទចម្រៀងនេះ គឺបង្ហាញពីបេសកកម្មពិសេសមួយរបស់ក្រុមបង្ក្រាប ប្រយុទ្ធជាមួយនឹងជនសង្គមងងឹត ហើយតួអង្គឯកស្រីមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមសង្គមងងឹតនោះដែរ។

បើតាមអ្នកចាត់ការទូទៅប្រចាំផលិតកម្ម Galaxy Navatra បទចម្រៀងនេះត្រូវចំណាយលុយជាង ៣ម៉ឺនដុល្លារ ហើយគេសង្ឃឹមថា នឹងទទួលបានការគាំទ្រច្រើនពីសាធារណជន ព្រោះមានតួអង្គល្បីៗសម្ដែង ក្នុងនោះ ក៏មានតារាសម្ដែងជើងចាស់លោក សាវិន ហ្វីលីប និងតារានិយមថតរឿងប្រភេទAction ជាច្រើនរូបទៀតដែរ៕

ដកស្រង់ពី៖ Sabay