Social Network

ត្រឡប់​មក​ពី​ធ្វើ​បុណ្យ​វិញ រថយន្ត​ទំនើប​របស់​អតីត​អ្នក​ដឹកនាំ​ថត​នៅ ថោន ត្រូវ​ម៉ូតូ​យុវជន​២​នាក់​បុក​ផាំង

លោក ប៊ុន រតនា ហៅ សេម អតីតអ្នកដឹកនាំថតនៅផលិតកម្ម ថោន បានជួបគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ

ដោយរថយន្តទំនើបរបស់លោកមួយគ្រឿងត្រូវម៉ូតូមួយគ្រឿង បើកបរដោយយុវជន២នាក់ ជិះមកបុកធ្វើឲ្យខូចខាតក្រោយ ពីលោកទើបត្រឡប់មកពីធ្វើបុណ្យនៅស្រុក គីរីវង្ស ខេត្តតាកែវ។ លោក សេម ដែលបច្ចុប្បន្នបានក្លាយជាថៅកែហ្គារ៉ាសឡានមួយកន្លែងនោះ បានឲ្យដឹងថា នៅវេលាម៉ោង៦ល្ងាចម្សិលមិញនេះ លោក និងក្រុមគ្រួសារធ្វើដំណើរដោយរថយន្ត២គ្រឿង មកពីស្រុកគីរីវង្ស ខេត្តតាកែវ។

ពេលមកដល់ជិតអង់តាសោម រថយន្តរបស់លោកដែលបើកបរបងស្រីលោកបានប៉ះគ្នាជាមួយម៉ូតូមួយគ្រឿង បើកបញ្ច្រាសគ្នាដោយយុវជនពីរនាក់វ័យ18-19ឆ្នាំ។ លោកថា ដើមហេតុ គឺភាគីម៉ូតូបើកបញ្ច្រាស ហើយពេលមកដល់កន្លែងកើតហេតុ ម៉ូតូនោះក៏បានបន្ថែមល្បឿនវ៉ារថយន្ត Lexus330 ហើយវាក់អឺ គេចឆ្លងចូលគង្លងផ្លូវម្ខាង ហើយក៏បានប៉ះរថយន្តរបស់លោកដែលបើកបរដោយបងស្រី។

ក្រោយកើតហេតុ រថយន្តរបស់លោកម៉ាក់ ឡិចស៊ីស ២០០តេ របស់លោក បានខូចខាតផ្នែកខាងមុខ រឺឯម៉ូតូខូចខាតវៀចកង់ខាងមុខ ចំណែកឯអ្នកបើកម៉ូតូរបួសបន្តិចបន្តួច។ សមត្ថកិច្ចចរាចរណ៍បានចុះមកធ្វើការវាស់វែង និងបានកំណត់ថា ភាគីខាងម៉ូតូជាអ្នកខុស ព្រោះតែពួកគេបាន វ៉ាជែងមិនបានប្រុងប្រយ័ត្នហើយបើករំលោភចូលផ្លូវម្ខាងទៀត ទើបកើតជារឿងដូច្នេះ។

ទោះយ៉ាងនេះក្ដី ភាគីខាងរថយន្តបានសម្រេចថា មិនឲ្យយុវជនទាំងពីរនាក់សងឡើយ បើទោះជាក់ស្ដែងរថយន្តដែលរងការខូចខាត ត្រូវចំណាយច្រើនគួរសមលើការជួសជុលឡើងវិញក៏ដោយ។ លោក ប៊ុន រតនា ហៅ សេម បានលើកឡើងថា លោកមិនឲ្យយុវជនទាំងពីរសងសំណងឡើយ ព្រោះយល់ថា ពួកគេនៅក្មេង និងមិនមានការងារអ្វីដុំកំភួនផង ក្នុងនោះម្នាក់នៅជាសិស្ស ហើយម្នាក់ជាអ្នកធ្វើការនៅរោងចក្រ។

ដូច្នេះបើទោះជាលោកឲ្យពួកគេចេញថ្លៃសំណង ក៏ពួកគេទំនងមិនមានដែរ។ ដូច្នេះហើយ លោកបានសម្រេចថា មិនបន្តវែងឆ្ងាយ គ្រាន់ស្នើពួកគេកែប្រែឥរិយាបថក្នុងការបើកបរ ជៀសវាងជួបរឿងដូច្នេះទៀតនៅពេលក្រោយ។ ក្រៅពីនេះ លោកនៅបានស្នើដល់បងប្អូនប្រជាពលរដ្ឋ ពិសេសយុវវ័យទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយក្នុងនោះប្រសិនបើចៃដន្យមានរឿងបែបនេះ គប្បីចូលរួមដោះស្រាយដោយសន្តិវិធី ដោយជជែករកខុសរកត្រូវពិតប្រាកដ ដើម្បីឈានទៅសម្រុះសម្រួលគ្នាដោយការយោគយល់គ្នា។

កាយវិការរបស់អ្នកដឹកនាំកម្មវិធីនៅ ថោន ទទួលបានការសាទរជាច្រើនពីប្រិយមិត្តលើបណ្ដាញសង្គម ក្នុងនោះក៏គេឃើញសាច់ញាតិរបស់អ្នកបង្កបានចូលមកថ្លែងអំណរគុណលោកទៀត។ ប៉ុន្តែអ្នកខ្លះ ក៏លើកឡើងថា ការលើកលែងដោយងាយស្រួលពេកដល់អ្នកបង្ក អាចឲ្យពួកគេមិនរាងចាល ហើយអាចនៅតែធ្វើឲ្យថ្លោះធ្លោយនៅពេលក្រោយ។

បែបនេះក្ដី លោក សេម បញ្ជាក់ថា ពួកគេទាំងពីរនៅក្មេង មិនទាន់រឹងមាំ ម្យ៉ាងពួកគេបានដឹង និងទទួលកំហុសហើយ ទើបសម្រេចមិនយកទោសពៃពួកគេ៕

ដកស្រង់ពី៖Sabay