Social Network

រយៈពេល​៤ ឆ្នាំ វ៉ា​ន់ នី​ឡា នៅ​តែ​មិន​អស់ចិត្ត​ចំពោះ​រឿង​ក្តីក្តាំ​ង​ជាមួយ​អតីត​គូស្នេហ៍

រាជធានីភ្នំពេញ ៖ ឆ្លងកាត់អស់រយៈពេលជាច្រើនឆ្នាំជុំវិញរឿងរ៉ាវក្តីតាំងដែលបានកើតមានឡើងចំពោះតារាចម្រៀងស្រីវ័យក្មេង និងមានរូបសម្រស់ស្រស់សោភា នាង វ៉ាន់ នីឡា

ទៅលើរូបភាពបែកធ្លាយនៃរូបអាក្រាតអាសអាភាស ដែលនាងបានចោទប្រកាន់ថា អតីតគូស្នេហ៍របស់នាងបានយកទៅចែកចាយក្នុងបណ្តាញសង្គម នៅតែមិនទាន់បានដោះស្រាយ ហើយនាងនៅតែមានអារម្មណ៍ថា ពុំទាន់ទទួលបាននូវយុត្តិធម៌សម្រាប់រូបនាងពិតប្រាកដនោះទេ ។

ក្រោយរូបភាពអាក្រាតត្រូវបានបែកធ្លាយ នាង វ៉ាន់ នីឡា បានដាក់ពាក្យបណ្តឹងប្តឹងចោទអតីតគូស្នេហ៍របស់នាង ដែលជាកូនប្រុសរបស់មន្ត្រីធំមួយរូប ថា បុរសរូបនោះបានប្រើប្រាស់អំពើហិង្សាលើរូបនាងដោយចេតនា និងបង្ហោះរូបអាក្រាតជាសាធារណៈដោយគ្មានការអនុញ្ញាតពីរូបផ្ទាល់ កាលពីឆ្នាំ២០១៦ កន្លងទៅនេះ ។

ប៉ុន្មានឆ្នាំចុងក្រោយ រឿងក្តៅគគុកនេះហាក់ស្ងាត់មួយរយៈ ស្រាប់តែតារាចម្រៀងស្រីដែលបានប្រែក្លាយរូបរាងកាយពីនារីមានសាច់ទ្រលុកទ្រលន់ មកជាស្រីស្អាតរាងឡើងស្លីមបានរម្លឹកឡើងវិញនូវរឿងរ៉ាវអយុត្តិធម៌របស់ខ្លួន ដោយនាងបាននិយាយថា រយៈពេល៤ឆ្នាំ បានកន្លងផុតទៅ តែមិនទាន់មានការដោះស្រាយឲ្យរូបនាងបានទទួលនូវយុត្តិធម៌នោះឡើយ ។

ជាក់ស្តែងថ្មីៗនេះនាង វ៉ាន់ នីឡា បានបង្ហោះសារអោយមហាជនបានដឹងរឿងក្តីរបស់នាងដែលធ្វើឲ្យនាងមិនអាចទទួលបាននូវយុត្តិធម៌យ៉ាងដូច្នេះថា« រយៈពេលប៉ុន្មានឆ្នាំនេះ ឃើញខ្ញុំសើចសប្បាយក្អាកក្អាយ គិតថា ខ្ញុំអាចរំសាយចិត្តមែន? គិតថា យូរៗទៅពេលដែលកាន់តែមិនទទួលបានយុត្តិធម៌ខ្ញុំ និងខ្ចិលលែងខ្វាយខ្វល់ ? ហេតុអីក៏បញ្ហាដែលកើតឡើងលើបណ្តាញសង្គម អ្នកទាំងនោះតែងតែមានច្បាប់ការពារដោះស្រោយអោយផ្តល់ភាពយុត្តិធម៌ ? ហើយចុះរឿងរបស់ខ្ញុំមិចបានមិនចេះចប់ ? ម្នាក់នឹងគេមានអំណាចខ្លាំងសំបើមណាស់មែនទេ បានជាជននេះនៅរួចខ្លួន ធ្វើដូចគ្មានរឿងអ្វីកើតឡើង ។ ព័ត៌មានលំអិត អោយកាន់តែច្បាស់ អោយកាន់តែភ្លឺ ខ្ញុំបកស្រាយនៅពេលឆាប់ៗនេះ ។

ខ្ញុំជឿហើយ បុរសពាក់សក្តិលើស្មា ដែលមានឪពុកជាមន្ត្រីជាន់ខ្ពស់ អាចធ្វើអ្វីបានស្រេចចិត្តដោយគ្មានអ្នកចាប់ទោស» ។ យ៉ាងណាមិញ ដោយឃើញភាពភាពអយុត្តិធម៌របស់រូបនាងនៅតែមិនទាន់មានការបំភ្លឺ និងរកដំណោះស្រាយចំពោះរូបនាង ក៏មានមហាជនអ្នកគាំទ្របានចូលរួមលើកទឹកចិត្ត និងសូមអោយរឿងក្តីមួយនេះបានដោះស្រាយឆាប់ៗ និងសង្ឃឹមថា ពេលរឿងរ៉ាវកើតឡើងត្រូវបានបញ្ចប់នោះតារាចម្រៀងស្រីវ័យក្មេងរូបនេះអាចនឹងត្រឡប់ចូលសិល្បៈវិញ ។

គួរបញ្ជាក់ផងដែរថា ការបាត់មុខពីរង្វង់សិល្បៈរបស់តារាចម្រៀងស្រីរូបនេះ ពីព្រោះតែមានរឿងកើតមានឡើងជាច្រើន ដែលរូបនាងត្រូវបានអតីតគូស្នេហ៍បានយករូបភាពអាក្រាតកាយរបស់នាងទៅបង្ហោះនៅក្នុងបណ្តាញសង្គមដោយគ្មានការអនុញ្ញាតពីរូបនាង ៕

ដកស្រង់ពី៖ កោះសន្ដិភាព