Social Network

ខាន់ ជេមស៍ ជួប​ឧបសគ្គស្ទើរ​ទៅ​មុខ​មិនរួច ពេលថត MV មួយ​នេះ!

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេមស៍ បង្ហើបថា MV មួយបទដែលគ្រោងចេញជាផ្លូវការនៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២០

នេះ គឺជាប្រភេទ MV លំបាកផលិតបំផុត ព្រោះរូបលោក និងក្រុមការងារត្រូវចំណាយពេលថតរហូតដល់១ខែ ហើយជួបឧបសគ្គច្រើនបំផុតមិនធ្លាប់មានក្នុងអាជីពរបស់លោក។ លោក ខាន់ ជេមស៍ បន្ថែមថា បទ”កុំក្រយូរពេក”ដែលច្រៀងដោយរូបលោកផ្ទាល់ និងមានការចូលរួមសម្ដែងដោយលោកសាស្ត្រាចារ្យ ឱម សេងបូរ៉ា ជាប្រភេទបទអប់រំផ្លូវចិត្ត ឬលើកទឹកចិត្តមនុស្សដែលបាក់ទឹកចិត្តធ្ងន់ធ្ងរ។

យោងតាមវីដេអូឃ្លីបខ្លីដែលសង្ខេបខ្លឹមសាររួម នៃបទចម្រៀងនេះ បានបង្ហាញថា តារាម្នាក់បានផុងខ្លួនចូលក្នុងអំពើអបាយមុខដោយញៀននឹងល្បែងស៊ីសង ផឹកស៊ី ស្រីញីអូនបង រហូតដល់ធ្លាក់ខ្លួនតោកយ៉ាកលែងមានគេរាប់រក។ ចុងក្រោយតារាដែលវក់នឹងល្បែង និងស្រីញីនោះ ក៏ភ្ញាក់រលឹកកែខ្លួនឡើងវិញ។

បច្ចុប្បន្នបទនេះមិនទាន់ថតចប់សព្វគ្រប់នៅឡើយ ព្រោះទីតាំងថតមានច្រើនកន្លែង និងឈុតឆាកលំបាកៗ។ លោកខាន់ ជេមស៍ បានលើកឧទាហរណ៍មួយក្នុងចំណោមឧបសគ្គជាច្រើនក្នុងការថតបទនេះ គឺរូបលោក និងក្រុមការងារធ្លាប់ជាប់គាំងនៅលើកោះរ៉ុង ខេត្ដព្រះសីហនុ អស់រយៈពេល៥ថ្ងៃ។

បើទោះបីជាមានឧបសគ្គច្រើនយ៉ាងណា តារាចម្រៀងរូបនេះសង្ឃឹមថា MV របស់លោក នឹងចេញជាផ្លូវការនៅពាក់កណ្ដាលខែសីហា នេះ៕

 

ដកស្រង់ពី៖ Sabay