Social Network

ហេតុផល​អ្វី? ជា វិបុល បួស​ជា​ព្រះ​សង្ឃ ខណៈ​ទើប​ផ្អែម​ល្អែ​ម​នឹង​ភរិយា

រាជធានីភ្នំពេញ ៖ ទើបតែបង្ហាញពីភាពស្និតស្នាលជាមួយភរិយាអ្នកនាង គង់ សុជាតិ

នៅលើកោះមិនទាន់បានប៉ុន្មានផង ស្រាប់តែត្រឡប់មកពីដំណើរកំសាន្តវិញពិធីករប្រុសដ៏មានប្រជាប្រិយភាព លោក ជា វិបុល បានសម្រេចចិត្តបួសជាព្រះសង្ឃទៅវិញ។

អ្នកនាង គង់ សុជាតិ ដែលជាពិធីការិនីចាស់វស្សាបានបង្ហោះនូវរូបភាពជាច្រើនកាលពីថ្ងៃទី២១ ខែកញ្ញា នូវរូបភាពស្វាមីរបស់នាងបានកោរសក់ដ៏ស្រស់ស្អាត និងបោះបង់ចោលនូវសម្លៀកបំពាក់ហឹកហារឡូយឆាយ មកសាងផ្នួសធ្វើជាព្រះសង្ឃ បំរើនៅក្នុងព្រះពុទ្ធសាសនា។

យ៉ាងណាមិញ នៅជុំវិញការស្នាងផ្នួសបួសជាសង្ឃនេះផងដែរ បានបង្កការភ្ញាក់ផ្អើលទៅដល់មហាជន អ្នកគាំទ្រជាខ្លាំងថា តើមានមូលហេតុអ្វី? បានជាលោកជា វិបុល បុរសសង្ហារ ដែលតែងតែកាន់ក្បាលម៉េក្រូលើឆាកលេងសម្តីក្នុងកម្មវិធីធំៗជាច្រើន បែរជាសម្រេចចិត្តទៅបួស ឬក៏មានរឿងបែកបាក់ស្ងាត់ៗជាមួយនឹងអ្នកនាងគង់ សុជាតិ ឬក៏មានបញ្ហាធំដុំអ្វីដែលលោកត្រូវទៅសង្ងំក្នុងភាពជាសង្ឃ ដើម្បីសិក្សារៀនសូត្រវិន័យធម៌នោះ ។

ជុំវិញបញ្ហាចម្ងល់របស់មហាជនអំពីហេតុផលដែលរុញច្រានលោក ជា វិបុល កោរសក់ និងក្លាយជាព្រះសង្ឃមួយអង្គនេះ ត្រូវបានអ្នកនាង គង់ សុជាតិ បញ្ជាក់ថា គឺស្វាមីអ្នកនាង មិនបានឈឺចិត្តស្អិតទ្រូងរឿងផ្លូវលោកនោះទេ តែស្វាមីរបស់នាងបួសមួយរយៈពេលខ្លី ដើម្បីសងគុណឪពុកម្តាយ ។

អ្នកនាង គង់ សុជាតិ បានរៀបរាប់ទៀតថា «សូមអោយសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យអោយបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា»។ គង់ សុជាតិ និយាយបន្តថា « លោកបង ជា វិបុល សម្រេចចិត្តសាងផ្នួស៣សប្តាហ៍ ដោយ បានសុំច្បាប់ការងាររួចរាល់។

ក្រៅពីមានស្វាមីបួស ក៏មានប្អូនប្រុស អ្នកនាងបួសដែរ ដើម្បី សងគុណម្តាយឪពុក។ នេះជាបំណងដែលលោកបងបុល ចង់បំពេញយូរមកហើយ ទើបតែមានពេល។ ការបួសនេះ តាំងធម៌វិន័យនៅវត្ត (គល់ទទឹង) ដោយបំណងសំខាន់សងគុណឪពុកម្តាយ និងរឿងសំខាន់ៗ ដែលធ្លាប់បន់ពីមុនមក។

ពេលកោសក់បួសមានព្រះសង្ឃសូត្រធម៌ តាអាចារ្យ សូត្រដែរ។ ពេលនោះ បានលើករៀបរាប់ពីគុណមាតាបិតាភ្លាមៗ លោក បង វិបុល ក្តុកក្តួល រលីងរលោងទឹកភ្នែកស្រក់មក។ ឯអ្នកនាង ជា ភរិយា ឃើញបែបនេះ ក៏ក្តុកក្តួលអួលដើម.ក មួយផ្នែកដែរ។ យ៉ាងណា លោកបងបុល បានបំពេញបំណងជូនមាតាបិតាតាមក្បួនសាសនាបុរាណយើងរួចរាល់ នេះជាសទ្ធាជ្រះថ្លាមួយ។

គួររំលឹកថា រវាង គង់ សុជាតិ និង ជា វិបុល ក៏ធ្លាប់ប៉ះពាល់ភាពប្រេះឆាគ្នារឿងស្នេហា។ ក្រោយមកបានសម្រួលគ្នាត្រូវរ៉ូវវិញ ក៏កាន់តែផ្អែមល្ហែមគ្នា ចាក់ទឹកមិនលេច ខ្លាំងជាងក្មេងៗទៅទៀត។

ដកស្រង់ពី៖ កោះសន្ដិភាព